Skip to content
គ្រូបាល់ទះវិសាខារំលេចអត្ថប្រយោជន៍ការហាត់លើកដុំដែក លោតឡើងលើតុ
    ទំព័រដើម  »  កីឡាជាតិ  »  ចំណេះដឹងកីឡា

គ្រូបាល់ទះវិសាខារំលេចអត្ថប្រយោជន៍ការហាត់លើកដុំដែក លោតឡើងលើតុ


ក្លិបបាល់ទះវិសាខាបានបន្ថែមការហ្វឹកហាត់ពិសេសមួយជាប្រចាំ ដោយតម្រូវឲ្យកីឡាករលើកដុំដែក និងលោតឡើងលើតុ ដែលដុំដែកម្ខាងទម្ងន់២០គីឡូ ហើយត្រូវលោត៥០ដង។

លោក សាន សុក្រិត្យ គ្រូបង្គោលក្រុមបាល់ទះល្បីឈ្មោះខាងលើប្រាប់ថា ការធ្វើបែបនេះដើម្បីបង្កើនគុណភាពការលោតវ៉ៃបាល់កាន់តែខ្ពស់។ លោកថា ការហ្វឹកហាត់កាន់ដុំដែកលោតលើតុនេះជាការបន្ថែមនៅចុងម៉ោងពីលើការហ្វឹកហាត់ទូទៅ។

គ្រូបង្វឹកដដែលពន្យល់បែបនេះ “៖ការកាន់ដុំដែកលោតលើតុនេះគ្រាន់តែជាផ្នែកមួយពីការលើកអាល់ទែព្រឹកៗដែលពួកគាត់លើកសរុបម្នាក់១៤០គីឡូដើម្បីបង្កើនភាពរឹងមាំដល់សាច់ដុំ និងគ្រឹះជើង។ អ៊ីចឹងក្រោយចប់លើកអាល់ទែហ្នឹង យើងឲ្យពួកគាត់លើកដុំដែកមួយគូម្ខាង២០គីឡូទៀត ហើយលោតលើតុដើម្បីឲ្យលោតបានខ្ពស់។ ដល់ពេលលោតកាន់ដុំដែកហើយ យើងឲ្យពួកគាត់លោតដៃទទេ យើងវាស់កម្រិតលោតរបស់គាត់បានប៉ុនណា។ យើងធ្វើបែបនេះមួយថ្ងៃពីរដង ក្រោយការហ្វឹកហាត់ទូទៅ។”

គួរដឹងដែរថា ក្លិបបាល់ទះវិសាខាជាក្លិបដ៏ឈានមុខមួយនៅកម្ពុជា ដោយមានកីឡាករល្អៗយ៉ាងច្រើន ហើយមួយចំនួនក៏បានចេញទៅប្រកបអាជីពនៅក្រៅប្រទេស ដូចជាថៃ ឥណ្ឌូនេស៊ី ជាដើម៕