Skip to content
Real Madrid ត្រលប់មកលេខ២ ក្នុងតារាង La Liga ខណៈ Inter ឡើងកំពូលតារាង Serie A
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Real Madrid ត្រលប់មកលេខ២ ក្នុងតារាង La Liga ខណៈ Inter ឡើងកំពូលតារាង Serie A

ខ្សែប្រយុទ្ធ Karim Benzema រកគ្រាប់បាល់ទី១៧ របស់ខ្លួននៅ La Liga ឱ្យ Real Madrid រដូវកាលនេះ ហើយបានជួយពួកគេឡើងមកលេខ២ក្នុងតារាងលីគកំពូលអេស្ប៉ាញ ក្រោយយកឈ្នះ Valencia ២-០ នៅយប់ថ្ងៃអាទិត្យ ទី១៤ ខ្សែកុម្ភៈ ឆ្នាំ២០២១។

កីឡាករជនជាតិបារាំង Benzema រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ Real Madrid នៅនាទីទី១២ ដោយការស៊ុតក្រៅប្រអប់បញ្ចូលទីយ៉ាងល្អ មុនពេលខ្សែបម្រើ Toni Kroos ស៊ុតមួយគ្រាប់ថែមទៀតនៅនាទីទី៤២។

រីឯក្រុមភ្ញៀវ Valencia មិនមានឱកាសស៊ុតចំគោលដៅសូម្បីម្ដង រហូតដល់វគ្គទី២ Maxi Gomez(ម៉ាកហ្ស៊ី ហ្គោម៉ែស) ស៊ុតមួយជើងពីចម្ងាយ ប៉ុន្ដែត្រូវរារាំងដោយ អ្នកចាំទី Thibaut Courtois។

សម្រាប់ជ័យជម្នះនេះ ក្រុមបង្វឹកដោយលោក Zinedine Zidane បានត្រលប់មកកាន់លេខ២លើតារាង La Liga សារជាថ្មី និងមានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង Atletico Madrid ដែលនៅសល់២ប្រកួតក្នុងដៃ។

ខ្សែប្រយុទ្ធ Romelu Lukaku រកគ្រាប់បាល់បាន២គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតចូលទីមួយលើក ជួយឱ្យ Inter Milan ឡើងកំពូលតារាង Serie A ក្រោយយកឈ្នះ Lazio ដោយលទ្ធផល ៣-១។

កីឡាករជនជាតិបែលហ្ស៊ិក Lukaku ស៊ុតបញ្ចូលទីគ្រាប់បាល់នាំមុខឱ្យ Inter មុនពេលស៊ុតមួយគ្រាប់ទៀតបង្គ្រប់៣០០គ្រាប់ ឱ្យក្លិប និង ក្រុមជម្រើសជាតិនៅក្នុងអាជីពរបស់ខ្លួន។

ទោះយ៉ាងណាក្ដី កីឡាករ Gonzalo Escalante រកបានមួយគ្រាប់វិញឱ្យ Lazio ក្នុងវគ្គទី២ បន្ទាប់ពីមានការដាក់សម្ពាធយ៉ាងខ្លាំងពីក្រុមភ្ញៀវ។ ប៉ុន្ដែក្រុមម្ចាស់ផ្ទះ នៅតែរក្សាគម្លាត២គ្រាប់ដដែល ក្រោយពេលខ្សែប្រយុទ្ធ Lautaro Martinez ស៊ុតចូលទី ពីការបញ្ជូនរបស់ Lukaku។

ជ័យជម្នះនេះ ធ្វើឱ្យ Inter ឡើងមកកំពូលតារាង Serie A មានគម្លាត២ពិន្ទុពីក្រុមលេខ២ AC Milan ដែលទើបចាញ់ Spezia ២-០៕