Skip to content
ក្លិបបាល់ទះកូរ៉េខាងត្បូងមួយដាក់ពិន័យកីឡាការិនីបងប្អូន២រូបដោយសារបង្កអំពើហិង្សាក្នុងសាលារៀន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទះ

ក្លិបបាល់ទះកូរ៉េខាងត្បូងមួយដាក់ពិន័យកីឡាការិនីបងប្អូន២រូបដោយសារបង្កអំពើហិង្សាក្នុងសាលារៀន

ក្លិបបាល់ទះកូរ៉េខាងត្បូង Heungkuk Life បានដាក់ពិន័យកីឡាការិនី Lee Jae-yeong និង Lee Da-yeong ដែលជាបងប្អូនបង្កើត ដោយសារបានបង្កអំពើហិង្សាក្នុងសាលារៀន។

ទំព័រ Sports Seoul ឲ្យដឹងថាក្លឹប Heungkuk Life បានប្រកាសបែបនេះនៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈដោយមានខ្លឹមសារថា “៖យើងសូមអភ័យទោស និងទទួលខុសត្រូវខ្ពស់ចំពោះការខកចិត្តរបស់អ្នកស្នេហាវិស័យបាល់ទះទាំងអស់ដោយសារតែឧប្បត្តិហេតុអំពើហឹង្សានៅសាលា។ ក្លិបក៏សូមអភ័យទោសដល់ជនរងគ្រោះដែលបានទទួលរងអំពើហិង្សាដោយសារកីឡាការិនីយើងផងដែរ” ។

Lee Jae-yeong និង Lee Da-yeong ត្រូវបានហាមឃាត់ដោយក្លិបគ្មានកំណត់ បន្ទាប់ពីមានការចោទប្រកាន់ពីគំរាមកំហែងមិត្តរួមថ្នាក់នៅសាលារៀន ថែមទាំងមានអាវុធក្នុងដៃថែមទៀត។

នៅថ្ងៃទី ១០ ខែកុម្ភៈ បងប្អូនស្រីទាំង២បានសារភាពពីឧប្បត្តិហេតុនេះហើយបានសូមទោសជនរងគ្រោះ។ ទោះយ៉ាងណា ក្រោមសម្ពាធពីមតិសាធារណៈ ក្លិបបានសម្រេចចិត្តដាក់ទណ្ឌកម្មតឹងតែងតែម្ដង។

រឿងរ៉ាវអំពើហឹង្សានៅសាលារបស់បងប្អូនស្រីត្រកូល Lee ត្រូវបានគេរកឃើញបន្ទាប់ពីជនរងគ្រោះម្នាក់បានដាក់ពាក្យបណ្ដឹង ហើយបាននិយាយថា នៅតែឈឺចាប់ដោយសារអតីតកាលត្រូវបានគេធ្វើបាប។

សហព័ន្ធកីឡាបាល់ទះកូរ៉េខាងត្បូងកំពុងស្វែងរកចំណាត់ការដូចគ្នា។

Lee Jae-yeong និង Lee Da-yeong គឺជាកីឡាការិនីមានឈ្មោះគួរសមដែរ នៅកូរ៉េខាងត្បូង។ Da-yeong ត្រូវបានគេដាក់រហស្សនាមថា “នាគរាជបាល់ទះកូរ៉េ” ដោយអ្នកគាំទ្រដោយសារសម្រស់របស់នាងនិងជាកម្លាំងសំខាន់មួយក្នុងក្រុមជម្រើសជាតិ៕