Skip to content
អូស្ដ្រាលី និង កាតារ ដកខ្លួនចេញពីការប្រកួត Copa America
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

អូស្ដ្រាលី និង កាតារ ដកខ្លួនចេញពីការប្រកួត Copa America

អូស្ដ្រាលី និង កាតារបានដកខ្លួនចេញពីការប្រកួត Copa America 2021 ដែលគ្រោងលើកពេលទៅធ្វើខែមិថុនា នេះបើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាភិបាល CONMEBOL កាលពីថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

អគ្គលេខាធិការរង CONMEBOL លោក Gonzalo Belloso បាននិយាយថា ប្រទេសទាំងពីរ ដែលជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) មិនអាចចូលរួមព្រឹត្តិការណ៍ប្រកួតនេះបានទេ ដោយសារពេលវេលាប្រកួតជាន់គ្នាទៅនឹងការប្រកួតជម្រុះ FIFA World Cup។ AFC បានលើកពេលប្រកួតជម្រុះ World Cup មកថ្ងៃទី១១ ដល់ ១៥ ខែមិថុនា។

ក្រុមបាល់ទាត់ជម្រើសជាតិកាតារ ស្ថិតនៅក្នុងពូល B ជាមួយក្រុមការពារជើងឯកប្រេស៊ីល, កូឡុំប៊ី, វេណេហ្ស៊ុយអេឡា, អេក្វាឌ័រ និង ប៉េរូ។ ខណៈអូស្ដ្រាលី ស្ថិតនៅក្នុងពូលជាមួយក្រុមអាហ្សង់ទីន, ឈីលី, អ៊ុយរុយហ្កាយ, បូលីវី និង ប៉ារ៉ាហ្កាយ។

សូមរំឭកថា ព្រឹត្តិការណ៍ Copa America ត្រូវបានផ្អាកកាលពីឆ្នាំមុន ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ហើយត្រូវលើកពេលមកប្រកួតនៅថ្ងៃទី១១ ខែមិថុនាវិញដែលមាន អាហ្សង់ទីន និង កូឡុំប៊ីធ្វើជាម្ចាស់ផ្ទះ។ ហើយនេះជាលើកទី១ដែល ការប្រកួត Copa America ធ្វើឡើងក្នុង២ប្រទេស។