Skip to content
ហ៊ុន ចាន់រាជ្យ​ ប្រាប់​លម្អិតពីការ​បង្ហាញខ្លួន​ជា​ថ្មីរបស់ សុខ ធី នៅ​​ One
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ហ៊ុន ចាន់រាជ្យ​ ប្រាប់​លម្អិតពីការ​បង្ហាញខ្លួន​ជា​ថ្មីរបស់ សុខ ធី នៅ​​ One

តារាគុនខ្មែរ​សម្បូរ​ប្រជាប្រិយភាព​ សុខ ធី ត្រូ​វ​បាន​បង្ហើប​​ពីឱកាស​បង្ហាញ​ខ្លួន​ជា​​លើក​ដំបូង សម្រាប់​ឆ្នាំ​ថ្មី២០២១នេះ លើ​សង្វៀន​​លំដាប់​អន្តរជាតិ One Championship នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​អ្វី​ៗ​ដំណើការទៅ​តាម​គម្រោង​ដោយ​ប្រក្រតី។ នេះ​បើ​តាម​ការ​បង្ហើប​លើ​ទំព័រផ្លូវការ​របស់​ក្លិប Cambodia Top Team កាលថ្ងៃ​ពុធ​​ទី​ ៣មីនា​ ម្សិលមិញ។

ទាក់ទង​នឹង​ការ​ព័ត៌មាន​ដែល​កំពុង​ស្រូប​ទាញ​កា​រ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​និយម​គុនខ្មែរមួយ​នេះ លោក ហ៊ុន ចាន់រាជ្យ ស្ថាបនិក​ក្លិប Cambodia Top Team ដែល​ជា​ប្រភព​បង្ហើប​នូវ​ព័ត៌មាន​នេះ បានបញ្ជាក់​មក​ ​ក្រុម​កាងារ​ AMS Sports នៅ​ព្រឹក​ថ្ងៃ ព្រហស្បត៍​នេះ​ថា សុខ ធី ពិត​ជា​ត្រូវ​បាន One ចុចឈ្មោះ​ហៅ សម្រាប់​ការ​ប្រកួត​លើ​ទឹកដី​ សិង្ហបុរី ក្នុង​ពេលដ៏​ខ្លី​ខាង​មុខ។ លោក​ថា កាលបរិច្ឆេទនៃ​ការ​ប្រកួត មិន​ទាន់​ត្រូ​វ​​​ប្រកាស​ជា​ផ្លូវ​ការ​នៅឡើយ។​ ប៉ុន្តែ​ សុខ ធី នឹង​ត្រូវ​ចេញ​ដំណើរ​​ទៅ​កាន់​​ សិង្ហបុរី នៅ​ថ្ងៃ​ទី ៨​មីនា ខណៈការ​ប្រកួត​អាច​ធ្វើ​នៅ​ចុង​ខែ មីនា នេះ រឺ​ក៏​ដើម​ខែ មេសា ឯណោះ។