Skip to content
Chelsea មិនរបូតគ្រាប់បាល់ក្នុងទឹកដី៥ប្រកួតដំបូងនៅ Premier League ក្រោមការបង្វឹករបស់លោក Tuchel
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Chelsea មិនរបូតគ្រាប់បាល់ក្នុងទឹកដី៥ប្រកួតដំបូងនៅ Premier League ក្រោមការបង្វឹករបស់លោក Tuchel

ក្រុមតោខៀវ Chelsea រក្សាតំណែងលេខ៤ ទទួលជ័យជម្នះលើ Everton ដោយលទ្ធផល ២-០ នៅ Premier League នារាត្រីថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២០ ខណៈលោក Thomas Tuchel ជាគ្រូបង្វឹកដំបូងក្នុងប្រវត្តិសាស្ដ្រ Premier League ដែលដឹកនាំក្រុមមិនឱ្យគូបដិបក្ខស៊ុតបញ្ចូលទី ៥ប្រកួតដំបូងនៅក្នុងទឹកដីរបស់ខ្លួន។

ក្រុមបង្វឹកដោយលោក Thomas Tuchel ទទួលបានគ្រាប់បាល់នាំមុខគូប្រកួត ក្រោយពេលខ្សែការពារ Ben Godfrey របស់ក្រុម Everton ធ្វើឱ្យបាល់ចូលខ្លួនឯង ពីការព្យាយាមស៊ុតដោយខ្សែបម្រើអាល្លឺម៉ង់ Kai Havertz នៅនាទី៣១។

មិនត្រឹមតែបង្កើតឱកាសរកគ្រាប់បាល់នាំមុខនោះទេ ប៉ុន្ដែ Havertz បង្កើតឱកាសទទួលបានបាល់ពិន័យ១១ម៉ែត្រ ដែលស៊ុតបញ្ចូលទីបានសម្រេចដោយខ្សែបម្រើការពារ Jorginho នៅនាទីទី៦៥។

បច្ចុប្បន្ន Chelsea ស្ថិតនៅលេខ៤ មានគម្លាត២ពិន្ទុពីក្រុមលេខ៥ West Ham ដែលទើបយកឈ្នះ Leeds United ២-០ កាលពីយប់មិញផងដែរ៕