Skip to content
Porto ទម្លាក់ Juventus ពី UCL ទាំង​សល់​គ្នា​១០​នាក់​លើ​ទីលាន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Porto ទម្លាក់ Juventus ពី UCL ទាំង​សល់​គ្នា​១០​នាក់​លើ​ទីលាន

គ្រាប់​បាល់​ហ្វ្រ៊ីឃីក​ក្នុង​នាទី​១១៥​របស់ Sergio Oliveira ​បាន​ទម្លាក់ Juventus ពី UEFA Champions League 2020-21 យ៉ាង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល និង​នាំ Porto ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​លើក​ទី​២​ក្នុង​ពេល​៣​រដូវកាល​ចុង​ក្រោយ​។ Porto ឈ្នះ​​តាម​រយៈ​រូបមន្ត​គ្រាប់​បាល់​ក្រៅ​ទឹកដី (Away-goal) បន្ទាប់​ពី​បូក​សរុប​គ្រាប់​បាល់​ស្មើ​គ្នា​៤-៤​។

ក្នុងការ​ប្រកួត​នៅ​ក្រុង​ Turin យប់​មិញ​ ក្រុម​ភ្ញៀវ​​មក​ពី​ព័រទុយហ្គាល់​បាន​នាំ​មុខ​មុន​ក្នុង​នាទី​១៩​ដោយ​កា​រស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​របស់ Oliveira បន្ទាប់​ពី Merih Demiral ​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​អ៊ីរ៉ង់ Mehdi Taremi ដួល​ក្នុង​ប្រអប់​។

បន្ទាប់​មក ខ្សែ​ប្រយុទ្ធ​ស្លាប​ Federico Chiesa ស៊ុត​តាម​ស្មើ​វិញ​ក្នុងនាទី​៤៩​សម្រាប់​​ក្រុម​សេះ​បង្កង់​។ Juventus កាន់​តែ​មាន​សង្ឃឹម​ក្រោយ​ពេល Porto សល់​គ្នា​១០​នាក់​ក្នុងនាទី​៥៤ ដោយ​​កីឡាករ​អ៊ីរ៉ង់ Taremi រង​ពិន័យ​កាត​លឿង​២​ដង​ផ្ទួន​គ្នា​ភ្លាម​ៗ​ដោយសារ​ទាត់​បាល់​ចោល​ព្រោះ​ខឹង​នឹង​ការ​ពិន័យ​កាត​លឿង​ទី​១​។

Chiesa ​បាន​តែត​ឱ្យ Juventus នាំ​មុខ​២-១​ក្នុងនាទី​៦៣ ដើម្បី​តាម​ស្មើ​លទ្ធផល​ជើង​ទី​១​ដែល Porto បាន​ឈ្នះ​។ Chiesa គឺ​ជា​កីឡាករ​ជនជាតិ​អ៊ីតាលី​ទី​១​ដែល​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​មួយ​ប្រកួត​ក្នុង​ពាន UCL សម្រាប់ Juventus តាំង​ពី​ក្រោយ​ពេល Alessandro Del Piero ​ធ្វើ​បាន​ទល់ Real Madrid ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨​ និង​ជា​កីឡាករ​អ៊ីតាលី​ដំបូង​ដែល​ធ្វើ​បាន​បែបនេះ​ក្នុង​វគ្គ​​ខ្វែង បន្ទាប់​ពី Filippo Inzaghi បាន​ធ្វើ​ទល់​នឹង Man Utd ក្នុង​ខែ​មេសា​ឆ្នាំ​១៩៩៩។

Juventus ព្យាយាម​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ Porto ​ការពារ​បាន​យ៉ាង​រឹងមាំ​អស្ចារ្យ ដើម្បី​នាំ​ការ​ប្រកួត​ទៅ​វគ្គ​ថែម​ម៉ោង​១៥​នាទី​២​ដង​។

ខណៈ​សល់​៥នាទី​ទៀត​ដល់​វគ្គ​ទាត់​១១​ម៉ែត្រ​កាត់​សេចក្ដី ស្រាប់​តែ Porto រក​បាន​គ្រាប់​នាំ​មុខ​ដោយ​ការ​ស៊ុត​ហ៊្វ្រីឃីក​រ​បស់ Oliveira ក្នុង​នាទី​១១៥ ដែល​ស៊ុត​រ៉ា​​ចូល​តាម​ប្រឡោះ​ជើង​របស់ Cristiano Ronaldo ​ហើយ​អ្នកចាំទី Wojciech Szczesny មិន​អាច​សង្គ្រោះ​បាន ដោយ​បាន​ត្រឹម​ផ្ដួល​ខ្លួន​ប៉ះ​បាល់​ចុង​ដៃ​បន្តិច​។

Adrien Rabiot ​បាន​តែត​តាម​ស្មើ​វិញ​សម្រាប់​ក្រុមលោក Andre Pirlo ក្នុង​នាទី​១១៧ ប៉ុន្តែ​នៅ​តែ​មិន​អាច​ស្រោចស្រង់ Juventus ​បាន​។

នេះជា​លើក​ទី​២​រដូវកាល​ជាប់​គ្នា​ដែល Juventus ធ្លាក់​ពី UCL ​ត្រឹម​វគ្គ​១/៨​​ដោយ​រូបមន្ត Away-goal​។ លោក Pirlo កំពុង​រង​សម្ពាធ​កាន់​តែ​ខ្លាំង ក្រោយ​បរាជ័យ​នេះ​។ ថ្វី​បើ​ Juventus ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រពាន Coppa Italia មែន​ពិត ប៉ុន្តែ​ក្នុង​លីគ​វិញ ពួក​គេ​កំពុង​នៅ​ក្រោម Inter Milan ១០​ពិន្ទុ​ឯណោះ ស្រប​ពេល​ពួក​គេ​ជា​ក្រុម​ការពារ​ជើងឯក Serie A ដែល​ពួក​គេ​បាន​ឈ្នះ​៩​រដូវកាល​ចុង​ក្រោយ​ជាប់​ៗ​គ្នា​​។

ចំណែក ជ័យជម្នះ​របស់​ Porto នេះ​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ដល់​ឆ្នាំ​២០០៤​ដែល​កាលណោះ​ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho ក្រុម Porto ​បាន​ទម្លាក់ Man Utd ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​បាល់​ហ្វ្រ៊ីឃីក​ចុងម៉ោង​ដូច​គ្នា កាលណោះ​ស៊ុត​ដោយ Costinha។ Porto ក៏​បាន​ឡើង​ទៅ​វគ្គ​​៨​ក្រុម​ចុង​ក្រោយ​ហើយ​ឈ្នះ​ជា​បន្ត​បន្ទាប់​រហូត​លើក​ពាន UCL ឆ្នាំ​នោះ​។

នេះ​ក៏​ជា​លើក​ទី​១​ផង​ដែរ​តាំង​ពី​រដូវកាល​២០០៣-០៤​មក ដែល Porto ឡើង​ទៅ​ជុំ​បន្ទាប់ UCL ក្រោយ​ឈ្នះ​ជើង​ទី​១​​វគ្គ​ knock-out៕