Skip to content
យប់មិញ Haaland ធ្វើ​បាន​កំណត់ត្រា​អស្ចារ្យ​មួយ​លើស Messi, CR7 និង Mbappe ទៀត ក្នុង UCL
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

យប់មិញ Haaland ធ្វើ​បាន​កំណត់ត្រា​អស្ចារ្យ​មួយ​លើស Messi, CR7 និង Mbappe ទៀត ក្នុង UCL

Erling Haaland ក្លាយ​ជា​កីឡាករ​ដែល​ចាយ​ពេល​តិច​បំផុត​​ដើម្បី​រក​បាន​២០​គ្រាប់​ក្នុង​ពាន UEFA Champions League បន្ទាប់​ពី​​ស៊ុត​ចូល​២​គ្រាប់​ទៀត​យប់មិញ​ដែល​ជា​ការ​បង្ហាញ​ខ្លួន​ទើប​តែ​លើក​ទី​១៤​របស់​​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូ​ប​នេះ​ក្នុង​ពាន UCL​។

Haaland ​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​នាទី​៣៥​និង​៥៤​(ប៉េណាល់ទី)​ដើម្បី​​បើក​ការ​នាំ​មុខ​២-០​សម្រាប់ Dortmund លើ Sevilla ក្នុង​ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UCL យប់​ថ្ងៃ​អង្គារ​ទី​៩​ខែមីនា​ឆ្នាំ​២០២១​។

ខ្សែ​ប្រយុទ្ធ​ន័រវេស​វ័យ​២០​ឆ្នាំ​ពេលនេះ​ក៏​ក្លាយ​ជា​កីឡាករ​ទី​១​ផង​ដែរ​ដែល​រក​បាន​យ៉ាង​ហោច​២​គ្រាប់​ក្នុង​មួយ​ប្រកួត​ចំនួន​៤​ប្រកួត​ជាប់​គ្នា​ក្នុង​ពាន UCL​។

គិត​តាំង​ពី Haaland ​ចូលលេង​ក្នុង​ពាន UCL លើក​ដំបូង​ក្នុង​ខែ​​កញ្ញា​​ឆ្នាំ​២០១៩​មក គ្មាន​​កីឡាករ​ណា​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង Haaland ឡើយ​។

លើស​ពីនេះ Haaland គឺ​ជា​កីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ពាន UCL មុន​ពេល​ឈាន​ចូល​វ័យ​២១​​ឆ្នាំ​។ សូម្បី Kylian Mbappe មុន​ពេល​ឈាន​ចូល​វ័យ​២១​ឆ្នាំ រក​បាន​​​១៩​គ្រាប់​ប៉ុណ្ណោះ​​ក្នុង​ពាន​ក្លិប​លំដាប់​កំពូល​​ទ្វីប​អឺរ៉ុប​​នេះ​។

បន្ថែម​លើនេះ Haaland ក៏​បាន​វ៉ា​​ហួស​លោក Ole Gunnar Solskjaer ជា​កីឡាករ​ន័រវេស​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ពាន Champions League​។

គួរ​ជម្រាប​ថា យប់មិញ Sevilla បាន​តាម​ពី​ក្រោយ​២​គ្រាប់​វិញ​ក្នុងនាទី​៦៨(ប៉េណាល់ទី​)​​និង​៩០+៦​ដោយ​​កីឡាករ​ Youssef En-Nesyri​។

ប៉ុន្តែ Dortmund ឡើង​ទៅ​​វគ្គ​​៨​ក្រុម​ចុង​ក្រោយ UCL ជា​លើក​ដំបូង​តាំង​ពី​រដូវកាល​២០១៦-១៧​មក ​​ដោយ​ជ័យជម្នះ​គ្រាប់​បាល់​សរុប​ទាំង​២​ជើង ​៥​ទល់​នឹង​៤​។

គូ​ប្រកួត​នៅ​វគ្គ​១/​៤​នឹង​ត្រូវ​បាន​ចាប់​ឆ្នោត​នា​ថ្ងៃ​ទី​១៩​ខែ​មីនា​​៕