Skip to content
Koeman សង្ឃឹម​ថា​គុណផល​យប់មិញ​អាច​អន្ទង​ Messi ឱ្យ​នៅ​​ក្លិប​បន្ត ទោះ Barca ធ្លាក់​ពី UCL ក្ដី​
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Koeman សង្ឃឹម​ថា​គុណផល​យប់មិញ​អាច​អន្ទង​ Messi ឱ្យ​នៅ​​ក្លិប​បន្ត ទោះ Barca ធ្លាក់​ពី UCL ក្ដី​

ថ្វី​បើ Barcelona ឆ្លង​មិន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ជា​លើកដំបូង​ក្នុង​ពេល​១៤​ឆ្នាំ​ក្ដី​ ប៉ុន្តែ​លោក Ronald Koeman ​សង្ឃឹម​ថា​គុណផល​ប្រកប​ដោយ​ស្មារតី​មោះមុត​ទល់​នឹង Paris St Germain យប់មិញអាច​ល្បួង​ចិត្ត​​កំពូល​ខ្សែ​ប្រយុទ្ធ Lionel Messi ​ឱ្យ​នៅ​ជាមួយ​ក្លិប​បន្ត​ទៀត​។

ក្រោយ​ចាញ់​១-៤​ក្នុង​ផ្ទះ​ខ្លួន​ឯង​កាល​ជើង​ទី​១ Barca បាន​បង្ហាញ​គុណផល​ប្រសើរ​ជាង​មុន​​​ជាមួយ​ឆន្ទៈ​ខ្ពស់​ ទោះ​បី​បាន​ត្រឹម​ស្មើ​១-១​ក្នុង​ជើង​ទី​២​នៅ Stade de France យប់​ថ្ងៃ​ពុធ​ទី​១០​ខែ​មីនា​ឆ្នាំ​២០២១​ក្ដី​។

Kylian Mbappe ​បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ឱ្យ PSG នាំ​មុខ​មុន​ក្នុង​នាទី​៣០ មុន​ពេល Messi ​តាម​ស្មើ​​៧​នាទី​បន្ទាប់។ នៅ​ក្នុង​​នាទី​បន្ថែម​បង្គ្រប់​​វគ្គ​ទី​១ (៤៥+៣) Messi ​បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ចូល​ ដែល​ជា​​បរាជ័យ​លើក​ទី​​៤​របស់​គេ​ក្នុង​ការ​ស៊ុត​បាល់​១១​ម៉ែត្រ​ក្នុង​ពាន​នេះ និង​ជា​លើក​ដំបូង​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​ដែល​កាលណោះ​ត្រូវ​បាន​សង្គ្រោះ​ដោយ Joe Hart ​របស់ Man City។

ក្រោយ​ការ​ប្រកួត គ្រូ Barca លោក Koeman និយាយ​ថា​៖ «Leo បាន​ឃើញ​រួច​ហើយ​ថា​ក្រុម​កំពុង​តែ​រីក​ចម្រើន​ដោយសារ​ការ​ផ្លាស់​ប្ដូរ​ដែល​ពួក​យើង​បាន​ធ្វើ​។ ជា​ពិសេស ពួក​យើង​មាន​កីឡាករ​ក្មេង​ៗ​ដែល​មាន​គុណភាព​អស្ចារ្យ​។ ពួក​យើង​មាន​អនាគត​អស្ចារ្យ​នៅ​ពី​មុខ​យើង​។ Leo មិន​អាច​មានមន្ទិល​អ្វី​ចំពោះ​អនាគត​ក្រុម​នេះ​ឡើយ»។

គ្រូ​បង្វឹក​ជនជាតិ​ហុល្លង់​បន្ថែម​ថា​៖ «ពួក​យើង​ធ្លាក់​ពី Champions League រដូវ​កាល​នេះ​ក្នុង​របៀប​មួយ​ដែល​ខុស​ពី​យើង​បាន​ជួប​ក្នុង​រដូវកាល​មុន​។ ក្នុង​ប្រកួតនេះ ពួក​យើង​លេង​ដល់​សក្ដានុពល​នៃ​កម្រិត​របស់​យើង ហើយ​នោះ​ជា​ផ្លូវ​ដែលយើង​ត្រូវ​បន្ត​ដើរ​លើ​»។

គួរ​ជម្រាប​ផង​ដែរ​ថា លោក Joan Laporta ​ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​ក្លិប​ថ្មី Barca ក្នុងការ​បោះ​ឆ្នោត​កាល​ថ្ងៃ​អាទិត្យ​ទី​៧​ខែ​មីនា ដែល​ជា​ការ​ចូល​កាន់​តំណែង​នេះ​លើក​ទី​២​ ក្រោយ​លោក​បាន​ធ្វើ​ប្រធាន​ក្លិបនេះ​ម្ដង​ពី​ឆ្នាំ​២០០៣​ដល់​២០១០​។ លោក​បាន​និយាយ​មុន​ការ​បោះ​ឆ្នោត​ថា​​ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត Messi នឹង​នៅ​ជាមួយ​ក្លិប​បន្ត​ទៀត​។

ដោយឡែក សម្រាប់ PSG ​បន្ទាប់​ពី​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​៣​ដង​ជាប់​គ្នា​ពី​រដូវកាល​២០១៦-១៧​ដល់​២០១៨-១៩ ឥឡូវ​នេះ​ពួក​គេ​ឆ្លង​ផុត​វគ្គ​នេះ​២​ដង​ចុង​ក្រោយ​ជាប់​គ្នា​៕