Skip to content
ក្រោយ Liverpool ទម្លាក់ Leipzig លោក Klopp ​ថា Fabinho ជា​ដឺមី​បាត​ល្អ​បំផុត​ម្នាក់​​ក្នុង​លោក
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ក្រោយ Liverpool ទម្លាក់ Leipzig លោក Klopp ​ថា Fabinho ជា​ដឺមី​បាត​ល្អ​បំផុត​ម្នាក់​​ក្នុង​លោក

Fabinho ជា​​កីឡាករ​តួនាទី​លេខ​៦ ​(ខ្សែ​បម្រើ​ការពារ ឬ​ហៅ​ថា​ដឺមីបាត) ល្អ​បំផុត​ម្នាក់​​ក្នុង​ពិភពលោក​។ លោក Jurgen Klopp ​បាន​និយាយ​ដូច្នេះ​ក្រោយ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ប្រេស៊ីល​ជួយ Liverpool ទម្លាក់ RB Leipzig ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ​យប់​ថ្ងៃ​ពុធ​ទី​១០​ខែ​មីនា​ឆ្នាំ​២០២១​។

អតីត​សមាជិក AS Monaco ​វ័យ​២៧​ឆ្នាំ​បាន​ដើរ​តួនាទីជា​ខ្សែ​ការពារ​កណ្ដាល​ភាគ​ច្រើន​ក្នុង​រដូវកាល​នេះ ដោយសារ​តែ​របួសលើ Virgil van Dijk និង Joe Gomez​។

តែ​ពេល​លេង​ក្នុង​តួនាទី​ដើម​វិញ Fabinho បញ្ចេញ​សមត្ថភាព​​​យ៉ាង​ចំណាន​ក្នុង​ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UCL ដែល​ក្រុម​ហង្ស​ក្រហម​ធានា​បាន​ជ័យជម្នះ​២-០​ទៀត​តាម​រយៈ​គ្រាប់​បាល់​របស់​ Mohamed Salah ក្នុងនាទី​៧០​និង Sadio Mane ក្នុង​នាទី​៧៤​។​ សរុប​​ទាំង​២​ជើង​ទៅ​ក្រុម​លោក Klopp ឈ្នះ​៤-០​។

លោក Klopp ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា​៖ «គុណផល​និង​កម្រិត​ដែល​យើង​បាន​លេង​​រាត្រី​នេះ​ពិត​​ជា​ល្អ​និង​ចាំបាច់​។ ពួក​យើង​​ធ្វើ​បានល្អ​ណាស់​។ ការពារ​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ គឺ​ពិត​ជា​ល្អ​ណាស់​។ ប្រយុទ្ធ​៣​ខាង​លើ​ធ្វើការ​ជាមួយ​គ្នា​បាន​ល្អ​ ប៉ុន្តែ​ខកខាន​ឱកាស​២​ដង​ក្នុង​វគ្គ​ទី​១»។

ទាក់ទង​នឹង Fabinho លោក Klopp ​ថា​៖ «ពួក​យើង​ត្រូវ​រក​មើល​ថា​តើ​ដំណោះស្រាយ​អ្វី​ដែលយើង​អាច​រក​បាន​សម្រាប់​ប្រកួត​បន្ទាប់​ ប៉ុន្តែ​តំណែង​លេខ​៦​គឺជា​របស់​គាត់។ ច្បាស់​ណាស់​ថា​ គាត់​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​លោក​នៅ​ក្នុង​តួនាទី​នេះ​។ គាត់​មិន​ត្រឹម​តែ​ការពារ​យ៉ាង​ឈ្លាស​វៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើត​ឱកាស​​សម្រាប់​ក្រុម​ផង​ដែរ​។ គាត់​សំខាន់​ណាស់​សម្រាប់​ពួក​យើង»។

សូម​ជម្រាប​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក Klopp ក្រុមហង្ស​ក្រហម Liverpool ​បរាជ័យ​តែ​មួយ​លើក​គត់​ក្នុង​វគ្គ knock-out ពាន​ទ្វីប​អឺរ៉ុប១៣​ដង គឺ​បរាជ័យ​ទល់​នឹង Atletico Madrid ក្នុ​ង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រដូវកាល​មុន​។

តាំង​ពី​ក្រោយ​ចាញ់ Bayer Leverkusen ២-៤ ក្នុង​ខែ​មេសា​ឆ្នាំ​២០០២​មក Liverpool មិន​ដែល​បរាជ័យ​ទល់នឹង​ក្រុ​ម​មក​ពី​អាល្លឺម៉ង់​ទៀត​ឡើយ​ក្នុង​ការ​ប៉ះ​គ្នា​១២​ដង​ចុង​ក្រោយ (ឈ្នះ​៩ ស្មើ​៣)​។

នេះ​ជា​លើក​ដំបូង​​​ដែល Liverpool ឈ្នះ​វគ្គ knock-out Champions League ទាំង​២​ជើង​ដោយ​គ្មាន​របូត​គ្រាប់​បាល់ ចាប់​តាំង​ពី​ពួក​គេ​បាន​ធ្វើ​ទល់​នឹង Real Madrid ក្នុង​​រដូវកាល​២០០៨-០៩​មក។

គិត​តាំង​ពី Alisson ​ចូលលេង Champions League លើក​ដំបូង​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៧​មក​ គ្មាន​អ្នក​ចាំទី​​រូ​ប​ណា​​​បិទ​ទី​មិន​ឱ្យ​គេ​ទាត់​ចូល​(clean sheet)​បាន​ច្រើន​ប្រកួតជាង​កីឡាករ​ប្រេស៊ីល​រូបនេះ​ឡើយ (១៦​ប្រកួត)។

Salah ជា​កីឡាករ​ Premier League ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង​រដូវកាល​នេះ គឺ​២៥​គ្រាប់​ក្នុង​គ្រប់​ពាន​រង្វាន់​៕