Skip to content
Pele អបអរសាទរ CR7 ដែល​បំបែក​កំណត់ត្រា​គ្រាប់​​បាល់​ផ្លូវការ​របស់​​ខ្លួន​
    ទំព័រដើម  »  កីឡាជាតិ

Pele អបអរសាទរ CR7 ដែល​បំបែក​កំណត់ត្រា​គ្រាប់​​បាល់​ផ្លូវការ​របស់​​ខ្លួន​

ការ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​របស់ Cristiano Ronaldo ក្នុង​ជ័យជម្នះ​៣-១​របស់ Juventus នៅ​ទឹកដី Cagliari យប់​ថ្ងៃ​អាទិត្យ បាន​នាំ​ឱ្យ​គេ​វ៉ា​លើស​កំណត់ត្រា​គ្រាប់​បាល់​ផ្លូវការ​របស់​លោក Pele​។

CR7 រក​បាន​គ្រាប់​បាល់​ក្នុង​នាទី​ទី​១០, ២៥ និង​៣២ ដែល​​ធ្វើ​ឱ្យ​គ្រាប់​បាល់​ក្នុង​ប្រកួត​ផ្លូវការ​របស់​គេ​កើន​ដល់​៧៧០​គ្រាប់ ច្រើន​ជាង​៣​​គ្រាប់​លើ​លោក Pele (៧៦៧​គ្រាប់​​ក្នុង​ប្រកួតផ្លូវការ)​។

វីរបុរស​ប្រេស៊ីល​ដែល​សព្វ​ថ្ងៃ​មាន​វ័យ​៨០​ឆ្នាំ បាន​បង្ហោះ​លើ Instagram ​សរសើរ​ម្ចាស់​ពាន Ballon d’Or ៥​សម័យ​ ថា​៖ «ជីវិត​គឺ​ជា​ការ​ហោះហើរ​ម្នាក់​ឯង​។ ម្នាក់​ៗ​មាន​ដំណើរ​ជីវិត​រៀង​ខ្លួន​។ ហើយ​ដំណើរ​ជីវិត​ដែល​អ្នក​កំពុង​មាន ​អី​ក៏​ល្អ​យ៉ាង​នេះ! ខ្ញុំ​សរសើរ​អ្នក​ខ្លាំង​ណាស់។ ខ្ញុំ​ចូល​ចិត្ត​មើល​​អ្នក​លេង ហើយ​រឿង​នេះ​នរណា​ក៏​ដឹង​ដែរ​។ សូម​អបអរសាទរ​ចំពោះ​ការ​បំបែក​​ឯតទគ្គកម្ម​គ្រាប់​បាល់​របស់​ខ្ញុំ​ក្នុង​ប្រកួត​ផ្លូវការ»។

នៅ​ក្រោយ​ការ​ប្រកួត​ដែល​កំពូល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​វ័យ​៣៦​ឆ្នាំ​ធ្វើ​បានហ៊ែតទ្រីក​លឿន​បំផុត​ទី​២​ក្នុង​អាជីព​របស់​ខ្លួន​នោះ គេ​បាន​និយាយ​ថា​​លោក Edson Arantes do Nascimento (Pele) ជា​មនុស្ស​ដែល​លោក​សរសើរ​ដោយ​គ្មាន​លក្ខខណ្ឌ​និង​ជា​រៀង​រហូត ហើយ​លោក​មាន​​ក្ដី​គោរព​ចំពោះ​យុគ​​បាល់ទាត់​ពាក់​កណ្ដាល​សតវត្សរ៍​ទី​២០​។ លោក​​បន្ថែម​ថា​កីឡាករ​ណា​ក៏​ដោយ​រួម​ទាំង​លោក​ផង សុទ្ធ​តែ​បាន​ឮ​ការ​ដំណាល​​អំ​ពី​ការ​លេង​របស់ Pele, គ្រាប់​បាល់​​ និង​សមិទ្ធផល​របស់​វីរបុរស​រូបនេះ​​។ កាល​នៅ​ជា​កុមារ​ដែល​ធំធាត់​ចេញពី​​តំបន់ Madeira លោក​ថា​លោក​​មិន​ដែល​​នឹកស្រមៃ​ដល់​ថា​​នឹង​បំបែក​កំណត់ត្រា​របស់​ Pele ដូច្នេះ​ឡើយ​។ តែ​ទោះ​បី​ពេលនេះ​លោក​មាន​វ័យ​៣៦​ឆ្នាំ​ហើយ​ក្ដី តែ​លោក​​និយាយ​ថា​លោក​អន្ទះសារ​ចង់​ល្បង​សមត្ថភាព​ដើម្បី​បំបែក​កំណត់ត្រា​ផ្សេង​ៗ​ទៀត​។

សារព័ត៌មាន​ជា​ច្រើន​បាន​លើក​ឡើង​ថា​អ្វី​ដែល Ronaldo ធ្វើ​បាន​ជា​ឯតទគ្គកម្ម​ពិភពលោក ប៉ុន្តែមាន​ភាព​ចម្រូងចម្រាស​បន្តិ​ច​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​ឆេក​ដែល​អះអាង​ថា​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ពួក​គេ Josef Bican រក​បាន​៨២១​គ្រាប់​ក្នុង​ការ​ប្រកួត​ផ្លូវការ​។

ប៉ុន្តែ​ស្ថិតិ​ពី Rec.Sport.Soccer Statistics Foundation បង្ហាញ​ថា​លោក Bican រក​បាន​៨០៥​គ្រាប់​ក្នុង​អាជីព តែ​ក្នុង​ចំណោម​នោះ​មាន​២៧​គ្រាប់​ដែល​លោក​រក​បាន​សម្រាប់​ឈុត​បម្រុង​របស់ Rapid Vienna និង​សម្រាប់​ក្រុម​ស្ម័គ្រ​ចិត្ត​(amateur)​​មួយ​ចំនួន​ រួម​ទាំង​ក្នុងការ​ប្រកួត​​មិន​ផ្លូវការ​មួយ​ចំនួន​នៃ​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ​។ ដូច្នេះ​បើ​ដក​គ្រាប់​ទាំងនោះ​ចេញ លោក Bican ​រក​បាន​គ្រាប់​បាល់​ក្នុង​ប្រកួត​ផ្លូវការ​តែ​៧៥៩​គ្រាប់​ទេ​ គឺ​នៅ​ក្រោម Pele និង CR7​។

ដោយឡែក Juventus កំពុង​ឈរ​លេខ​រៀង​ទី​៣​ក្នុង​លីគ មាន​៥៥​ពិន្ទុ​ពី​២៦​ប្រកួត នៅ​ក្រោម​ក្រុម​កំពូល​តារាង Inter Milan ១០​ពិន្ទុ​៕