Skip to content
PSG ចាញ់​ក្នុង​លីគ​នៅ​​ផ្ទះ​ខ្លួន​ឯង​​២​ដង​ជាប់​គ្នា​ជា​លើក​ដំបូង​​តាំង​ពី​២០១២
    ទំព័រដើម  »  កីឡាជាតិ

PSG ចាញ់​ក្នុង​លីគ​នៅ​​ផ្ទះ​ខ្លួន​ឯង​​២​ដង​ជាប់​គ្នា​ជា​លើក​ដំបូង​​តាំង​ពី​២០១២

ក្រុម Paris St Germain ​បរាជ័យ​ក្នុង Ligue 1 ​នៅ​ Parc des Princes ២​ដង​ជាប់​គ្នា​ជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ​២០១២​មក ក្រោយ​ត្រូវ​បាន​ Nantes ​វាយបក​ឈ្នះ​២-១ យប់​ថ្ងៃ​អាទិត្យ​ទី​១៤​ខែ​មីនា​។

ការ​ស៊ុត​នាំ​មុខ​ក្នុងនាទី​៤២​ដោយ Julian Draxler ហាក់​ជា​សញ្ញាណ​បង្ហាញ​​ថា​ក្រុម​លោក Mauricio Pochettino ដែល​ទើប​ទម្លាក់ Barcelona ពី​វគ្គ​១៦​ក្រុម Champions League ពាក់​កណ្ដាលស​ប្ដាហ៍ នឹង​បាន​៣ពិន្ទុ​ថែម​ទៀត​ហើយ។

ប៉ុន្តែ​ផ្ទុយ​ទៅវិញ គ្រាប់​បាល់​របស់ Kolo Muani ក្នុង​នាទី​៥៩ និង Moses Simon ក្នុងនាទី​៧១ ជួយ​ក្រុម​​កំពុង​យ៉ាប់យ៉ឺន​ Nantes ​វាយ​បក​​យក​៣​ពិន្ទុ​​យ៉ាង​ភ្ញាក់​ផ្អើល​។

PSG ​បាន​ចាញ់​ក្នុងលីគ​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​ឆ្នាំ​២០២១ គឺ​បរាជ័យ​០-២​ក្រោម​ថ្វី​ជើង Monaco នៅ​ទឹកដី​ខ្លួន​ឯង​។ បន្ទាប់​ពី​នោះ​ពួក​គេ​បាន​​ឈ្នះ​ក្រៅ​ផ្ទះ​៣​ដង​ជាប់​គ្នា រួច​ស្មើ Barcelona ១-១ មុន​ចាញ់ Nantes នេះ​។

ឥឡូវ PSG ស្ថិត​ក្នុង​លេខ​រៀង​ទី​២ មាន​៦០​ពិន្ទុ​ពី​​២៩​ប្រកួត​ ស្មើ​ក្រុម​លេខ​៣ Lyon តែ​នៅ​ក្រោម​ក្រុម​កំពូល​តារាង Lille ៣​ពិន្ទុ​៕