Skip to content
អធិរាជ​ប្រដាល់​ទសវត្សរ៍​១៩៨០ Marvin Hagler ​ចែកឋាន​ក្នុង​វ័យ​៦៦​ឆ្នាំ
    ទំព័រដើម  »  កីឡាជាតិ

អធិរាជ​ប្រដាល់​ទសវត្សរ៍​១៩៨០ Marvin Hagler ​ចែកឋាន​ក្នុង​វ័យ​៦៦​ឆ្នាំ

លោក Marvin Hagler អតីត​អធិរាជ​ប្រដាល់​ទម្ងន់​ middleweight (៧០-៧៣​គក) បាន​ទទួល​មរណភាព​ក្នុង​វ័យ​៦៦​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០២១​។

អតីត​ជើង​ខ្លាំង​ជនជាតិ​អាមេរិក​រូបនេះ​បាន​ត្រួតត្រា​ប្រដាល់​ក្នុង​ប្រភេទ​ទម្ងន់​ខាង​លើ​ពី​ឆ្នាំ​១៩៧៩​មក​ទល់​ខែ​មេសា​ឆ្នាំ​១៩៨៧​ដែល​លោក​បាន​ចាញ់​យ៉ាង​ចម្រូង​ចម្រាស​ក្រោម​ថ្វី​ដៃ​កីឡាករ Sugar Ray Leonard​។

លោក Hagler បាន​ប្រកួត​៦៧​ដង​ក្នុង​អាជីព​រយៈ​ពេល​១៤​ឆ្នាំ ក្នុងនោះ​ឈ្នះ​៦២​ដង ដោយ​ផ្ដួល​គូបដិបក្ខ​សន្លប់​៥២​លើក​។ លោក​បាន​ស្មើ​២​ដង​និង​ចាញ់​តែ​៣​ដង​ប៉ុណ្ណោះ​។

ក្នុង​ខែ​កញ្ញា​ឆ្នាំ​១៩៨០ លោក​បាន​ប្រកួត​ជាមួយ​កីឡាករ​អង់គ្លេស Alan Minter នៅ​កីឡដ្ឋាន Wembley ហើយ​ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក​២​ខ្សែ​គឺ WBA និង WBC។

ការ​ប្រកួត​ល្បី​ល្បាញ​បំផុត​របស់​លោក​គឺ​ក្នុង​ខែ​មេសា​ឆ្នាំ​១៩៨៥ ពេល​តទល់​នឹង Thomas Hearns ៣​ទឹក​យ៉ាង​សាហាវ ដែល​ត្រូវ​បាន​ហៅ​ថា «សង្គ្រាម»​។

លោក​បាន​ការពារ​ខ្សែ​ក្រវាត់​ជោគជ័យ​១២​ដង មុន​ពេល​ចាញ់​លោក Leonard ដោយ​ពិន្ទុ​មិន​ឯកច្ឆ័ន្ទ និង​បាន​ចូល​និវត្តន៍​​ក្នុង​ពេល​១​ឆ្នាំ​បន្ទាប់​៕