Skip to content
Zinchenko ថា Man City ស្រេកឃ្លានឈ្នះពាន៤ក្នុងរដូវកាលនេះ
    ទំព័រដើម  »  កីឡាជាតិ

Zinchenko ថា Man City ស្រេកឃ្លានឈ្នះពាន៤ក្នុងរដូវកាលនេះ

ខ្សែការពារស្លាប Oleksandr Zinchenko របស់ Manchester City និយាយថា​គេ​ឃើញ​ភាព​ស្រេក​ឃ្លាន​ចង់​ឈ្នះ​ពាន​៤​​ក្នុង​កែវ​ភ្នែក​របស់​​មិត្ត​រួម​ក្រុម ប៉ុន្តែ​គំនិត​នេះ​ត្រូវ​បាន​ទាត់​ចោល​ដោយ​​អ្នកចាត់ការ Pep Guardiola។

Man City ​បាន​​ក្លាយ​ជា​ក្រុម​ទី​១​របស់​អង់គ្លេស​ដែល​ឈ្នះ​ទាំង​៣​ពាន​ក្នុង​ស្រុក​ម្នាក់​ឯង​ក្នុង​ឆ្នាំ​២០១៩​។ រដូវកាល​២០២០-២១​នេះ ពួក​គេ​កំពុង​ស្ថិត​ក្នុង​ទីតាំង​មួយ​ដែល​អាច​ឈ្នះ​ដល់​ទៅ​៤​ពាន​។ ពួក​គេ​នាំ​មុខ​ដាច់​១៤​ពិន្ទុ​ក្នុង Premier League, ត្រូវ​ប៉ះ Tottenham ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup ​ថ្ងៃ​ទី​២៥​ខែ​មេសា, កំពុង​មាន​ប្រៀប​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​លើ Monchengladbach និង​​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​នេះ​ត្រូវ​លេង​វគ្គ​១/៤ FA Cup ទល់នឹង Everton​។

កីឡាករ​ជម្រើស​ជាតិ​អ៊ុយក្រែន​និយា​យ​ថា​៖ «ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ ខ្ញុំ​អាច​ឃើញ​ភាព​ស្រេក​ឃ្លាន​ក្នុង​កែវភ្នែក​ទាំង​ឡាយ​។ Bayern Munich បាន​ឈ្នះ​គ្រប់​យ៉ាង​រដូវកាល​មុន​ ហើយ Barcelona ក៏​បាន​ធ្វើ​វា​ក្នុង​ឆ្នាំ​ចុង​ក្រោយ​ជាមួយ Pep ដូច្នេះ​​គ្រប់​យ៉ាង​គឺ​អាច​ទៅ​រួច។ ២​ខែខាង​មុខ​នេះ​​ជា​វេលា​សំខាន់​បំផុត​ក្នុង​អាជីព​របស់​យើង»។

ប៉ុន្តែ​​លោក Pep និយាយ​ថា​៖ «ខ្ញុំ​ចាស់​ជាងលោក Zinchenko។ ខ្ញុំ​មាន​បទ​ពិសោធ​ច្រើន​ជាង​ហើយ​ខ្ញុំ​មិន​យល់ស្រប​នឹង​គាត់​ទេ​។ រឿង​តែ​មួយ​គត់​ដែល​គាត់​ត្រូវ​បារម្ភ​គឺ​ព្យាយាម​លេង​ឱ្យ​បាន​ល្អ​នៅ​ថ្ងៃ​ស្អែក​ហើយ​ឡើង​ទៅ​ជុំ​បន្ទាប់។ ពាន​៤​ក្នុង​មួយ​រដូវកាល​ជា​រឿង​ដ៏​ឥតខ្ចោះ។ វា​មិនដែល​កើត​ឡើង​ពី​មុនមក​ទេ​(សម្រាប់ Man City) ហើយ​វា​នឹង​មិន​កើត​ឡើង​ឡើយ​។ យើង​ត្រូវ​គិត​មួយ​ប្រកួត​ម្ដង​ៗ​ដែល​នៅ​ចំពោះ​មុខ​។ ប្រសិន​អ្នក​សួរ​ខ្ញុំ​ថា​យល់​ស្រប​ជាមួយ Zinchenko អត់? ខ្ញុំ​នឹង​និយាយ​ថា​មិន​យល់​ស្រប​ទាល់​តែសោះ​តែម្ដង»។

Man City ទទួល Monchengladbach ម៉ោង​៣​យប់​ថ្ងៃ​អង្គារ​នេះ ដំណាល​គ្នា​នឹង​ជំនួប​រវាង Real Madrid និង Atalanta ក្នុង​ជើង​ទី​២​វគ្គ​១/៨ UCL៕