Skip to content
កីឡាការិនីវាយសីថៃដាក់គោលដៅយ៉ាងហោចឡើងឱ្យដល់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន All England Open
    ទំព័រដើម  »  កីឡាជាតិ

កីឡាការិនីវាយសីថៃដាក់គោលដៅយ៉ាងហោចឡើងឱ្យដល់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន All England Open

កីឡាការិនី​វាយ​សី​​ជើង​ខ្លាំង​ថៃ Ratchanok Intanon ដាក់​គោល​ដៅ​ឡើង​យ៉ាង​ហោច​ឱ្យ​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​រង្វាន់ All England Open នៅ​ទីក្រុង​បឺមីងហាម ប្រទេស​អង់គ្លេស ដែល​បាន​ចាប់​ផ្ដើម​កាល​ថ្ងៃ​ពុធ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០២១​។

Ratchanok មាន​លំដាប់​ទី​៤​ក្នុង​ចំណោម​បេក្ខភាព​ប្រកួត​ប្រជែង​​វិញ្ញាសា​វាយ​ទោល​នារី និងជា​ក្ដី​សង្ឃឹម​ធំ​ជាង​គេ​សម្រាប់​ថៃ ខណៈ​​ដៃគូ​ចម្រុះបុរស-នារី Dechapol Puavaranukroh និង Sapsiree Taerattanachai ដែល​កំពុង​ឡើង​ទឹកដៃ មិន​បាន​ចូល​រួម​​ប្រកួត​។

កីឡាការិនី​វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​ចាញ់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ដង​ក្នុង​ពាន All England Open​។ ក្នុងការ​ប្រកួត​នៅ​បាងកក​ខែ​មករា​​ឆ្នាំ​នេះ នាង​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ​ ប៉ុន្តែ​​ទោះ​យ៉ាង​ណា នាង​ប្រាថ្នា​ឡើង​ឱ្យ​ដល់​យ៉ាង​ហោច​វគ្គ​៤​នាក់​ចុង​ក្រោយ​នៅ All England Open ឆ្នាំ​នេះ​។

ម្សិលមិញ Ratchanok ​បាន​ប្រកួត​ឈ្នះ​កីឡាការិនី​អេស្តូនី​លំដាប់​ទី​៥៥​ពិភពលោក Kristin Kuuba ២១-១៤ និង ២១-១៦ ហើយ​ឡើង​ទៅ​ប៉ះ​កីឡាការិនី​អាមេរិក Iris Wang ក្នុង​វគ្គ​ជុំ​ទី​២​។

កីឡាការិនី​ជើង​ខ្លាំង​វាយ​សី​ថៃ​ម្នាក់ទៀត​ Pornpawee Chochuwong ដែល​មាន​លំដាប់​ទី​៦​ក្នុង​កម្មវិធី បាន​ឈ្នះ​កីឡាការិនី​​អ៊ីស្រាអែល​លេខ​៦០​ពិភពលោក Ksenia Polikarpova ២១-១០ និង​២១-៩ ហើយ​ឡើង​ជួប​មិត្ត​រួម​ជាតិ Phittayaporn Chaiwan ដែល​បាន​ទម្លាក់​កីឡាការិនី​បែលហ្ស៊ិក Lianne Tan​ ២១-៩ និង ២១-១៥​។

Supanida Katethong និង Busanan Ongbamrungphan ក៏​ឆ្លង​ទៅ​ជុំ​ទី​២​ផងដែរ​។

ដោយឡែក Dechapol និង Sapsiree ដែល​បាន​រង​ជើងឯក​វិញ្ញាសា​វាយ​គូ​បុរស​-នារី​នៅ​បឺមីងហាម​ឆ្នាំ​មុន បាន​ឈ្នះ​ពាន​៣​ក្នុង​ការ​ប្រកួតនៅ​បាងកក​ក្នុង​ខែ​មករា​។ ប៉ុន្តែ​ពួក​គេ​មិន​ទៅ​ប្រកួត​នៅ​អង់គ្លេស​ឆ្នាំ​នេះ​ដោយសារ​ពួក​គេ​ចង់​ផ្ដោត​លើ​​ការ​ប្រកួត​ណា​ដែល​​មាន​ពិន្ទុ​សម្រាប់​ប្រជែង​កៅអី​ទៅ​អូឡាំពិក​នៅ​តូក្យូ​។

ប៉ុន្តែ​ដៃគូ​បុរស Nipitphong Phuangphuapet និង Tanupat Viriyangkura បាន​ឆ្លង​ផុត​វគ្គ​ទី​១ ក្រោយ​ឈ្នះ​ដៃគូ​ជម្រើសជាតិ​ហុល្លង់ ហើយ​ឡើង​ទៅ​ជួប​ក្រុម​បុរស​​​របស់​នីហ្សេរីយ៉ា​៕