Skip to content
កីឡាករន័រវែស បង្ហាញការគោរពដល់ពលករនៅប្រទេសកាតារ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កីឡាករន័រវែស បង្ហាញការគោរពដល់ពលករនៅប្រទេសកាតារ

កីឡាករក្រុមបាល់ទាត់ជម្រើសជាតិន័រវែសបានពាក់អាវយឺតដែលមានសារថា “ គោរពសិទ្ធិមនុស្សទាំងក្នុង និងក្រៅទីលាន ” មុនការប្រកួតជម្រុះ FIFA World Cup 2022 ទល់នឹងហ្គីប្រាលតាដើម្បីបង្ហាញការគាំទ្រដល់ពលករនៅកាតា។
ប្រធានក្រុម Martin Odegaard បាននិយាយមុនការប្រកួតថាកីឡាករទាំងអស់គ្រោងនឹងធ្វើអ្វីមួយដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេ។ បន្ទាប់មកកីឡាករទាំងអស់ក៏សម្រេចពាក់អាវយឺតដែលមានសរសេរឃ្លារថា “គោរពសិទ្ធិមនុស្សទាំងក្នុង និងក្រៅទីលាន” នៅពេលពួកគេកម្ដៅសាច់ដុំ។

កាលពីខែមុនកាសែត The Guardian បានបង្ហាញរបាយការណ៍មួយ និយាយថាពលករចំណាកស្រុកចំនួន ៦.៥០០ នាក់បានស្លាប់នៅប្រទេសកាតារចាប់តាំងពីប្រទេសនេះទទួលបានសិទ្ធិជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុង ឆ្នាំ២០១០ មក។

ក្រោយពេលកាតារឈ្នះការដេញថ្លៃពីគូប្រជែងជាច្រើនដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី កូរ៉េខាងត្បូង និងជប៉ុន ដើម្បីធ្វើម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកមក កាតារបានប្រមូលកម្មកររាប់សែននាក់ពីបរទេសដើម្បីជាកម្លាំងក្នុងការសាងសង់ទាំងទីលាន និងហេដ្ឋារចនាសម្ព័នក្នុងប្រទេស។

គួរឱ្យដឹងផងដែរថា កាតារបានសាងសង់ពហុកីឡដ្ឋានថ្មីចំនួន ៧ ដើម្បីត្រៀមរៀបចំការប្រកួតដែលត្រូវបានផ្លាស់ប្តូរទៅរដូវរងារឆ្នាំក្រោយនេះដោយសារប្រទេសនេះមានកម្តៅក្ដៅខ្លាំងនៅរដូវក្តៅ។