Skip to content
ចាន់ រតនា ក្នុងក្ដី​ទន្ទឹង​ចាំការ​ត្រលប់​ទៅ​កសាងភាពអស្ចារ្យនៅ One
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ចាន់ រតនា ក្នុងក្ដី​ទន្ទឹង​ចាំការ​ត្រលប់​ទៅ​កសាងភាពអស្ចារ្យនៅ One

ការទន្ទឹងចាំ​ដ៏អន្ទះ​សារ​នូ​វការ​ប្រកួតរបស់​តារា MMA ខ្មែរ ចាន់ រតនា តទល់​អ្នក​ប្រយុទ្ធ​លំដាប់​ល្បី​របស់​ជប៉ុន ត្រូវបាន​ស្ថាប័ន One Championship ផ្អាក​កាលខែ​មេសា ដោយសារ​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩ ហើយ​មក​ទាល់បច្ចុប្បន្ន ចាន់ រតនា បង្ហើបឲ្យ AMS Sports ដឹង​ថា One មិនទាន់​ផ្ដល់​តម្រុយណាមួយ​នៃ​ពេល​វេលា​នៃ​ការ​ប្រកួត​របស់​ខ្លួនឡើង​វិញ​នៅឡើយ។

ការ​ប្រកួត​បន្ទាប់​ ត្រូវ​គេ​រំពឹង ​ថាជា​ជំនួប​ដ៏អស្ចារ្យណាស់ ដែល ចាន់ រតនា នឹង​ប្រឈម​មុខ​ជា​មួយ​អ្នកប្រមាញ់ជប៉ុន Yoya Wakamatsu ដែលជា​បេក្ខជន​លំដាប់​ខ្សែក្រវាត់​របស់ One ហើយក៏​ជា​ក្ដីសង្ឃឹម​របស់​អ្នក​គាំទ្រអំពី​ការកសាងគ្រឹះនៃដំណើរ ទៅរក​ខ្សែក្រវាត់​ណាមួយសម្រាប់​កីឡាករ​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ។

មិនទាន់​មាន​តម្រុយនៃពេលវេលា​សម្រាប់​ប្រកួត​បន្ទាប់ តែ​ ចាន់ រតនា ដែលជា​អ្នក​ប្រយុទ្ធ​ខ្មែរ​តែ​ម្នាក់​ដែលមាន​មូលដ្ឋាន​យុទ្ធ​គុន​សម្បូរ​បែប ដូចជាគុនខ្មែរ​ ល្បុក្កតោ យុទ្ធក្រម​ខម តេក្វាន់ដូ យូដូ វ៉ូវីណាម ជា​ដើម​ ត្រូវ​គេ​មើលឃើញ​ថា​តែង​តែ​រក្សា​ការ​ហ្វឹកហាត់​យ៉ាង​ត្រឹម​ត្រូវ ហើយក៏តែង​បញ្ជាក់​ពីជំហរនៃ​ការស្វែងរកលទ្ធផលដ៏គាប់​ប្រសើរសម្រាប់​ការវិលទៅកាន់ One ដែលខ្លួនទទួល​បានកុងត្រា​៦​ប្រកួត​ក្នុង​ឆ្នាំ​២០២០​នេះ។

ចាន់ រតនា បានបន្សល់​កំណត់ត្រាឈ្នះ​៣ប្រកួត​ជាប់​គ្នាដ៏អស្ចារ្យ​នៅ One Championship។ ក្នុងស្ថានភាពដែល កូវីដ១៩​ កំពុងរំខាន​ដល់​ការ​រៀបចំ​ការប្រកួត​អន្តរជាតិ ដែលជា​ប្រភពចំណូល​ដ៏ចម្បងរបស់​ខ្លួន ស្ថាបនិក​ក្លិប​គុនខ្មែរ សិល្បៈ កំពុងស្រូប​បាន​ទីផ្សារ​ថតស្ព័តពាណិជ្ជកម្មជា​ហូរ​ហែរ​មួយ​រយៈចុងក្រោយ ដូចជាផ្សព្វផ្សាយពី រថយន្ត ប្រព័ន្ធ​ទូរគមនាគមន៍ និង ភេសជ្ជៈ ជា​ដើម។