Skip to content
ចចាមអារ៉ាមដោះដូរកីឡាករប្រចាំថ្ងៃអង្គារទី៣០ខែមីនា
    ទំព័រដើម  »  កីឡាជាតិ

ចចាមអារ៉ាមដោះដូរកីឡាករប្រចាំថ្ងៃអង្គារទី៣០ខែមីនា

សារព័ត៌មានអេស្ប៉ាញ Todo Fichajes រាយការណ៍ថា​អ្នកចាត់ការ Paris St Germain លោក Mauricio Pochettino និង​នាយក​​​​កីឡា Leonardo កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Sergio Aguero ទៅ​រដ្ឋ​ធានី​នៃ​ប្រទេស​បារាំង បន្ទាប់​ពី Manchester City ​ប្រកាស​ថា​តារា​វ័យ​៣២​ឆ្នាំ​នឹង​ចាកចេញពី​ក្លិប​នៅ​ដំណាច់​រដូវកាល​២០២០-២១​។

តែ​បើ​យោង​តាម Manchester Evening News វិញ Barcelona ជា​បេក្ខភាព​​សង្ឃឹម​ខ្ពស់​ជាង​គេ​ក្នុងការ​ចុះ​កិច្ចសន្យា​ជាមួយ Aguero ស្រប​ពេល Real Madrid និង Juventus ក៏​ចាប់​អារម្មណ៍​ដែរ​។

Manchester City អាច​បាត់បង់​តួ​សំខាន់​ម្នាក់​ទៀត​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ គឺ​ខ្សែ​បម្រើ​ការពារ​វ័យ​៣៥​ឆ្នាំ Fernandinho ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាកចេញ​ពេល​កិច្ចសន្យា​ផុត​សុពលភាព​នា​ដំណាច់​រដូវកាល​នេះ​។ នេះ​បើ​តាម​សារព័ត៌មាន​ Athletic​។

ខ្សែ​ប្រយុទ្ធ​ឆ្នើម​អេហ្ស៊ីប Mohamed Salah ​វ័យ​២៨​ឆ្នាំ ​និយាយ​ថា​​​វា​​អាច​ទៅ​រួច​​​សម្រាប់​គេ​ក្នុង​ការ​​​​ចាកចេញពី Liverpool ​ដើម្បី​ផ្លាស់​ទៅលេង​នៅ​អេស្ប៉ាញ​នា​ពេល​អនាគត​។ នេះ​បើ​តាម​កាសែត​អេស្ប៉ាញ​ Marca​។

សារព័ត៌មាន​អាល្លឺម៉ង់ Bild ផ្សាយ​ថា Manchester United, Liverpool និង Tottenham កំពុង​ប្រជែង​គ្នា​ដើម្បី​ទិញ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អូទ្រីស Marcel Sabitzer ​វ័យ​២៧​ឆ្នាំ ពី RB Leipzig​។

Football Insider ផ្សាយ​ថា Everton ​រង់​ចាំ​ទទួល​សំណើ​​សម្រាប់​ខ្សែ​ការពារ​កូឡុំប៊ី​វ័យ​២៦​ឆ្នាំ Yerry Mina ដើម្បី​​យក​លុយ​ចូល​ក្លិប ស្រប​ពេល​ពួក​គេ​​ពិចារណា​ដេញ​ថ្លៃ​ទិញ​ខ្សែ​ការពារ​សេណេហ្គាល់​ Kalidou Koulibaly ពី Napoli​ ដែលលោក Carlo Ancelotti ធ្លាប់​ដឹកនាំ​។

Manchester Evening News រាយការណ៍​ថា Man City មិន​ចាប់​អារម្មណ៍​ខ្សែការពារ​កូនកាត់​ហ្វ៊ីលីពីន-នីហ្សេរីយ៉ា David Alaba ​ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​​ចាកចេញ​ពី​ Bayern Munich ​នោះ​ឡើយ​​។

ភ្នាក់ងារ​របស់ Alaba លោក Pini Zahavi បាន​លើក​ឡើង​ថា​មិនមែន​តែ Real Madrid និង Barcelona ទេ​ដែល​​ចាប់​អារម្មណ៍​កីឡាករ​ជម្រើស​ជាតិ​អូទ្រីស​វ័យ​២៨​ឆ្នាំ​ខាង​លើ​។ នេះ​បើតាម Diario AS។ ផ្ទុយ​ទៅ​វិញ Chelsea និង PSG ក៏​ចាប់​អារម្មណ៍​ដែរ​។

ក្លិប Inter Miami ដែល​មាន​លោក David Beckham ជា​សហ​​ម្ចាស់​ក្លិប និង​លោក Phil Neville ជា​គ្រូ​បង្វឹក​នោះ កំពុង​ប្រជែង​ជាមួយ DC United ដើម្បី​ចុះ​កិច្ចសន្យា​ជាមួយ​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិអង់គ្លេស Daniel Sturridge ដែល​ទំនេរ​គ្មា​ន​ក្លិប​តាំងពី​ក្រោយ​ចាកចេញពី Trabzonspor ក្នុង​ខែ​មីនា​ឆ្នាំ​២០២០​។

ទាក់ទង​នឹង​ខ្សែ​បម្រើ​ហុល្លង់ Georginio Wijnaldum វ័យ​៣០​ឆ្នាំ​វិញ សារព័ត៌មាន Mundo Deportivo រាយការណ៍​ថា Barcelona បាន​ផ្ដល់​កិច្ចសន្យា​រយៈ​ពេល​៣​ឆ្នាំ​ដល់​រូប​គេ​ដែល​នឹង​ផុត​កិច្ចសន្យា​ជាមួយ Liverpool នៅ​ដំណាច់​រដូវកាល​នេះ​។

Goal រាយការណ៍​ថា​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​វ័យ​២៥​ឆ្នាំ Timo Werner មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ថា​គេ​អា​ច​កែប្រែស្ថានភាព​នៅ Chelsea ឱ្យ​ប្រសើរ​វិញ​បាន និង​តាំង​ចិត្ត​មិន​ចាកចេញពី Stamford Bridge ឡើយ​ ស្រប​ពេល​​មាន​ការ​លេច​ឮ​ថាអាច​ដោះដូរ​ជាមួយ Earling Haaland របស់ Dortmund​។

Goal ដដែល​ផ្សាយ​ថា Bayern Munich នឹង​មិន​បន្លាយ​កិច្ចសន្យា​ខ្ចី​ Douglas Costa ពី Juventus ទៀត​ឡើយ​។ កីឡាករ​ប្រេស៊ីល​វ័យ​៣០​ឆ្នាំ​ទើប​បាន​ចូលលេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​៣​ដង​ប៉ុណ្ណោះ​នៅ Bundesliga រដូវកាល​នេះ​៕