Skip to content
សុខ សុវណ្ណ៖ «ជាកូនក្រម្នាក់ ខ្ញុំ​មិនដែលស្ដាយកក្រោយឡើយដែលចាប់​អាជីព​គុនខ្មែរ»
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

សុខ សុវណ្ណ៖ «ជាកូនក្រម្នាក់ ខ្ញុំ​មិនដែលស្ដាយកក្រោយឡើយដែលចាប់​អាជីព​គុនខ្មែរ»

ធ្លាប់​​ផ្ញើរ​ជីវភាព​លើការ​​ឡើង​សង្វៀន​​រយៈពេល​ប្រមាណ​២០ឆ្នាំ​មក​ហើយ សុខ សុវណ្ណ បាន​លើកឡើង​មក​កាន់ AMS Sports ថា​មិន​ដែល​ស្ដាយ​ក្រោយ​ឡើយ​ ដែល​សម្រេច​ចិត្ត​ចាប់​អាជីព​មួយ​នេះ។

កីឡាករជើង​ចាស់​រូប​នេះ ពន្យល់​ថា គុនខ្មែរ​ជា​ចំណែក​យ៉ាង​ធំ​ក្នុងការ​ ស្រោចស្រង់ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ មិន​តែ​ប៉ុណ្ណោះ​​ ថែម​ទាំង​​សន្សំ​បាន​កេរ្តិ៍ឈ្មោះ​រហូត​អាច​ឲ្យ​ខ្លួន ទទួល​បាន​ក្របខណ្ឌ​ជា​ពល​ទាហាន មាន​បៀវត្សរ៍​​ទៀត​មក​ទាល់​បច្ចុប្បន្ន។

កីឡាករ​ដ៏ពោរពេញដោយ​បទពិសោធន៍ដដែល​នេះ បន្ត​ថា​​ បច្ចុប្បន្ន សមត្ថភាព​របស់រូប​គេ បាន​រិចរិល​ខ្លះៗ ទៅ​តាម​វ័យ​ដែល​កាន់តែ​ច្រើន។ ប៉ុន្តែ ការ​ឡើង​សង្វៀន​ដើម្បី​រក​កម្រៃ នៅ​តែ​ជា​ប្រភពដ៏ចម្បង​ក្នុង​ការ​ទ្រទ្រង់​ជីវភាពក្រុម​គ្រួសារ។ ប្រកាន់​ទស្សនៈថា បើនៅប្រឹងប្រែង​បាន គឺ​នៅ​តែប្រឹងប្រែង សុខ សុវណ្ណ រំពឹង​ថា​នឹងអាច នៅតែ​បន្ត​ប្រលូក​សង្វៀន​គុនខ្មែរ​ដោយ​មិន​រួញ​រា​ ដរាបណា​នៅ​តែ​មាន​កម្លាំង​គ្រប់​​គ្រាន់។

ជាកូន​កំព្រារឪពុក និង​ចាប់​ហ្វឹកហាត់​គុនខ្មែរ​នៅ​​អាយុ​១២​ឆ្នាំ កីឡាករមាន​ប្រភព​ពី​កោះកុង សុខ សុវណ្ណ ថ្វីត្បិត​មិនមែនជា​កីឡាករ​ដ៏មាន​​ប្រជាប្រិយភាព ប៉ុន្តែជា​អ្នក​ប្រយុទ្ធ​ពោរពេញ​ដោយ​ពិសោធន៍ ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ច្រើន​ទាំង​ក្នុង​ស្រុក និង​បណ្ដា​ប្រទេស​ជិត​ខាងដូចជា ថៃ ឡាវ និង ម៉ាឡេស៊ី ​ផង​ដែរ៕