Skip to content
Gary ដៀល​ម្ចាស់​ក្លិប Man Utd ថា​ជា​សត្វចចក​ដែល​​ត្រូវ​បណ្ដេញ​ចេញ​ពី​អង់គ្លេស ខណៈ Carragher ថា ESL នឹង​ធ្វើ​ឱ្យ​មនុស្ស​លែង​មើល​បាល់ទាត់
    ទំព័រដើម  »  កីឡាជាតិ

Gary ដៀល​ម្ចាស់​ក្លិប Man Utd ថា​ជា​សត្វចចក​ដែល​​ត្រូវ​បណ្ដេញ​ចេញ​ពី​អង់គ្លេស ខណៈ Carragher ថា ESL នឹង​ធ្វើ​ឱ្យ​មនុស្ស​លែង​មើល​បាល់ទាត់

អតីតប្រធាន​ក្រុម​បិសាច​ក្រហម លោក Gary Neville ហៅ​មហាសេដ្ឋី​អាមេរិក​ត្រកូល Glazer ដែល​ជា​ម្ចាស់​ក្លិប Manchester United ថា​ជា​«សត្វ​ចចក» ចំពោះ​​ការ​ដើរ​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​រួម​ចំណែក​បង្កើត​ពាន European Super League និង​និយាយ​ថា​ពួក​គេ​គួរ​តែ​ត្រូវ​បាន​បណ្ដេញ​ចេញពី​ក្លិប​​និង​ប្រទេស​អង់គ្លេស​។

Man Utd ស្ថិត​ក្នុង​ចំណោម​ក្លិប​ទាំង​១២​ដែល​បាន​រួម​គ្នា​ប្រកាស​ការ​បង្កើត​ពាន ESL កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨​ខែ​មេសា​ឆ្នាំ​២០២១ ដោយ​ក្នុងនោះ​​មាន​សហ​ម្ចាស់​ក្លិប​បិសាច​ក្រហម ​លោក Joel Glazer ​ជា​អនុប្រធាន ESL ខណៈ​ប្រធាន​ក្លិប Real Madrid លោក Florentino Perez ជា​ប្រធាន​។

កាល​គ្រួសារ​ត្រកូល Glazer ទិញ​ក្លិប Man Utd ក្នុង​ឆ្នាំ​២០០៥ លោក Gary នៅ​ជា​កីឡាករ​​ក្លិប​នេះ​នៅឡើយ​។

សព្វ​ថ្ងៃ​ជា​អ្នក​វិភាគមួយ​រូប លោក Gary បាន​​លើក​ឡើង​​ក្នុង​កម្មវិធី Monday Night Football ថាគួរ​តែមានការ​ផ្លាស់​ប្ដូរ​របប​ដឹកនាំ​ក្នុង​ក្លិប Man Utd​។

លោក​​និយាយ​ថា​៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​ចូល​ដៃចូល​ជើង​បន្តិច​ដែរ(ជាមួយ​គ្រួសារ Glazer) ដោយសារ​តែ​ខ្ញុំ​បាន​នៅ​ស្ងៀមស្ងាត់​មិន​និយាយ​ពី​ពួ​ក​គេ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​។ ខ្ញុំ​បាន​ធ្វើ​ដូច្នេះ​ព្រោះ​ខ្ញុំ​បាន​គិត​ថា​នៅ​ពេល​ក្លិប​ប្រែ​ក្លាយ​ជា​ក្រុមហ៊ុន Plc អ្នក​បាន​ដឹង​​ខ្លួន​ទៅ​ហើយ​ថា​ថ្ងៃ​ណា​មួយ​នឹង​មាន​គេ​ទិញ​យក​។ វា​ហួស​​​ដែន​សមត្ថកិច្ច​របស់​កីឡាករ​ អ្នក​គាំទ្រ និង​គ្រប់​គ្នា»។

លោក​បន្ត​ថា​៖ «ខ្ញុំ​ជឿជាក់​លើ​ទីផ្សារ​សេរី ហើយ​ខ្ញុំ​តែងតែ​គិត​ថា[តើអ្វី​ជា​ចម្លើយ​ចំពោះ​គ្រួសារ Glazer? នរណា​នឹង​យក​ពួក​គេ​ចេញ? រុស្ស៊ី, ចិន ឬ​​យក​​លុយរដ្ឋ​២ទៅ៣​ពាន់​លាន​ផោន​ទៅ​ទិញ​ក្លិប​មក​វិញ?] ខ្ញុំ​នៅ​ស្ងៀមស្ងាត់​ដោយ​ឈរ​លើ​មូលដ្ឋាន​ថាវា​នៅ​តែ​ជា​ក្រុម Manchester United, អ្នក​នៅ​តែ​អាច​មើល​ក្មេង​ៗ​លេង​បាន, ខ្ញុំ​អាច​សប្បាយ​ចិត្ត​និង​កើត​ទុក្ខ, ខ្ញុំ​នៅ​តែ​អាច​មើល​បាល់ទាត់​ក្នុង​ប្រទេស​នេះ​, ខ្ញុំ​អាច​រស់​នៅ​ជាមួយ​ស្ថានភាព​បែប​នេះ​បាន​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មិន​អាច​រស់នៅ​ជាមួយ​បាន​គឺ​ការ​វាយ​ប្រហារ​លើ​អ្នក​គាំទ្រ​បាល់ទាត់​គ្រប់​រូប​ក្នុង​ប្រទេស​​នេះ»។

អតីត​ខ្សែ​ការពារ​ស្លាប​ស្ដាំ​ជម្រើស​ជាតិ​អង់គ្លេស​ដដែល​សង្កត់​ធ្ងន់​ថា​៖ «ពួក​គេ​ដើរ​ហួស​សញ្ញាខណ្ឌ​។ ពួក​គេ​ជា​សត្វ​ចចក (Scavenger) និង​ត្រូវ​ការ​​បណ្ដេញ​ចេញ​​ពី​ក្លិប​បាល់ទាត់​មួយ​នេះ​និង​បណ្ដេញ​ចេញ​ពី​ប្រទេស​នេះ​។ ពួក​យើង​ត្រូវ​ពួត​ដៃ​គ្នា​ជា​ធ្លុង​មួយ​។ វា​ប្រហែល​យឺត​ពេល​ទៅ​ហើយ។ មាន​មនុស្ស​នៅ Manchester United និង​អ្នក​គាំទ្រ​កាល​១៥​ឆ្នាំ​មុន​ដែល​នឹង​និយាយ​ថា​​ហួស​ពេល​ហើយ​។ តែ​វា​មិនដែល​ហួស​ពេល​ទេ​។ ពួក​យើង​ត្រូវ​តែ​បញ្ឈប់​​សកម្មភាព​នេះ​។ ពួក​យើង​ត្រូវ​​ធ្វើ​ដោយ​ម៉ឺងម៉ាត់»។

«ពួក​យើង​ដឹង​ថា Manchester United មាន​លុយ​ច្រើន, Arsenal មាន​លុយ​ច្រើន, Liverpool មាន​លុយ​ច្រើន​។ ពួក​យើង​អាច​រស់​នៅ​បាន វា​តែងតែ​មាន​ហើយ​ក្លិប​កំពូល​ៗ​ដែល​មាន​លុយ​ច្រើន​ជាង​ក្លិប​ដទៃ​។ ប៉ុន្តែ​ពួក​គេ​អាច​​លេង​ចាញ់​ Sheffield United ឬ​ស្មើ​ជាមួយ Fulham។ តែពួកគេ​កំពុង​លុប​បំបាត់​ករណី​នេះ​ដើម្បី​ទៅ​បង្កើត​បាល់ទាត់​ហ្វ្រ៊ែនឆាយ(franchise)។ ​មិនបាន​ទេ​។ វា​មិនអាច​កើត​ឡើង​បាន​ទេ»។

ចំណែក វីរបុរស Liverpool លោក Jamie Carragher និយាយ​ថា​ European Super League នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បាល់ទាត់​ធុញទ្រាន់ ហើយ​អ្នក​គាំទ្រ​​ទាំង​អស់​​នឹង​បាត់បង់​ចំណាប់អារម្មណ៍​លើ​កីឡា​នេះ​ ដោយសារ​តែ​ក្រុម​ដដែល​ៗ​ប្រកួត​គ្នា​រាល់​ឆ្នាំ​។

មុន​ការ​ប្រកួត​រវាង Leeds United ទល់ Liverpool ដែល​ចប់​ស្មើ​គ្នា​១-១​យប់​ថ្ងៃ​ចន្ទ​ទី​១៩​ខែ​មេសា អ្នក​គាំទ្រ Liverpool បាន​លើក​បដា​នៅ​ក្រៅ​កីឡដ្ឋាន Anfield ថា៖ «អ្នកគាំទ្រ LFC ប្រឆាំង​នឹង​ពាន European Super League។ អ្នក​មិន​ចេះ​ខ្មាស់អៀន​សោះ​។ សូម​បាន​ដល់​សុគតិភព LFC 1892-2021​»។

នៅកីឡដ្ឋាន Elland Road វិញ មាន​យន្តហោះ​ហោះយួរបដាអក្សរថា៖ «និយាយថាទេចំពោះពាន Super League» ខណៈ​កីឡាករក្រុមម្ចាស់ផ្ទះបានពាក់អាវមានអក្សរ​ថា​៖ «យកកៅអី Champions League» នៅខាងមុខ និង «បាល់ទាត់គឺសម្រាប់អ្នកគាំទ្រ» នៅខ្នងអាវ អំឡុងពេលកម្ដៅសាច់ដុំ។

ខ្សែ​បម្រើ James Milner របស់ Liverpool ជាកីឡាករទី១ក្នុងចំណោមក្លិបធំទាំង៦របស់អង់គ្លេស ដែលនិយាយជាសាធារណៈអំពីពាន European Super League។ អតីត​សមាជិក Leeds United, Newcastle, Man City និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសរូបនេះនិយាយតាមទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំមិនចូលចិត្តពាននេះទេ ហើយខ្ញុំសង្ឃឹមថាវានឹងមិនលេចជារូបរាងទេ»។

ចំណែក​អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយក្នុងសម្ភាសន៍យប់មិញអំពីពាន ESL ថា៖ “ខ្ញុំបានឮជាលើកដំបូងអំពីវាម្សិលមិញ។ ពួកយើងទទួលបានព័ត៌មានខ្លះ តែមិនច្រើនទេ។ វាជាបញ្ហាតានតឹងមួយ មនុស្សម្នាមិនសប្បាយចិត្តនឹងវាទេ ខ្ញុំអាចយល់អារម្មណ៍នេះ។ ខ្ញុំសូមបញ្ជាក់ថាពួកយើងមិនបានពាក់ព័ន្ធក្នុងដំណើរការបង្កើតលីគមួយនេះទេ ទាំងខ្ញុំនិងកីឡាករ។ កីឡាករមិនបានធ្វើអ្វីខុសទេ ក្រៅតែពីលេងមិនឈ្នះគ្រប់ប្រកួត។

ទន្ទឹមនឹងនេះ លោក Klopp អះអាងថាលោកនៅតែរក្សាគំនិតដដែលដូចលោកបាននិយាយក្នុងសម្ភាសន៍លើ Liverpool Echo កាលពី២០១៩ថា៖ ” ខ្ញុំសង្ឃឹមថា Super League នេះនឹងគ្មានថ្ងៃកើតឡើង។ បាល់ទាត់មានផលិតផលអស្ចារ្យស្រាប់ហើយគឺ Champions League។ សូម្បីតែ Europa League ក៏អស្ចារ្យដែរ។ សម្រាប់ខ្ញុំ Champions League ជា Super League ហើយ ដែលអ្នកមិនប៉ះគូប្រកួតដដែលៗគ្រប់ពេលនោះទេ។ ប្រាកដហើយថាលុយសំខាន់ ប៉ុន្តែហេតុអ្វីយើងគួរបង្កើតប្រព័ន្ធមួយដែល Liverpool ប៉ះ Real Madrid ១០ឆ្នាំជាប់គ្នា?”៕

ប្រភព​៖ Sky Sports