Skip to content
ប្រធាន​ UEFA ហែក​​កកាយ​ភាព​ក្រឡេចក្រឡុច​របស់​​ប្រធានក្លិប​ធំ​ៗ​មួយ​ចំនួន
    ទំព័រដើម  »  កីឡាជាតិ

ប្រធាន​ UEFA ហែក​​កកាយ​ភាព​ក្រឡេចក្រឡុច​របស់​​ប្រធានក្លិប​ធំ​ៗ​មួយ​ចំនួន

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) លោក Aleksander Ceferin បាន​ហែក​កកាយ​ភាព​បាតដៃខ្នងដៃ​របស់​ប្រធាន​ក្លិប Juventus និង​អនុប្រធាន​ប្រតិបត្តិ Manchester United ​ដែល​និយាយ​ផ្សេង​ធ្វើ​ផ្សឹង។ ​លោក​ក៏​បាន​បញ្ជាក់​ច្បាស់​អំពី​ការ​រួម​គ្នា​ប្រឆាំង​ដាច់​អហង្ការ​​ចំពោះ​​ការ​បង្កើត​ពាន European Super League​ ជាមួយ​នឹង​ការ​ព្រមាន​ដាក់​បម្រាម​លើ​កីឡាករ​ដែល​លេង​ពាន​នេះ​ផង​ដែរ​។ លោក​ថា​«ភាព​លោភលន់»ជា​ដើម​ចម​ចម្បង​នៃ​ការ​បង្កើត​ពាន​ដែល​មាន​លក្ខណៈ​បិទ​ជិត​មួយ​នេះ​។

ពិភព​បាល់ទាត់​បាន​ធ្លាក់​ចូល​​ក្នុង​សភាព​ច្របូកច្របល់​នៅ​ពេល​ព័ត៌មាន​លេច​ចេញ​កាល​រាត្រី​ថ្ងៃ​អាទិត្យ​ទី​១៨​ខែ​មេសា​ឆ្នាំ​២០២១ អំពី​ក្លិប​ចំនួន​១២​រួម​គ្នា​ប្រកាស​បង្កើត​ពាន European Super League ប្រជែង​ជាមួយ​ពាន UEFA Champions League​។ ពួក​គេ​ថា​ក្លិប​ស្ថាបនិក​៣​ផ្សេង​ទៀត​រួចរាល់​ដើម្បី​ចូល​រួម ខណៈ​​ក្រុម​៥​​ដទៃ​ទៀត​នឹង​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ប្រកួត​រៀងរាល់​ឆ្នាំ​ក្នុង​លីគ​ដែល​មាន​២០​ក្រុម​ហើយ​ចែក​ជា​២​ពូល​។

ជា​ប្រតិកម្ម​តប លោក Ceferin ​ប្រធាន UEFA បាន​និយាយ​តាមបណ្ដាញ Zoom ពី​ប្រទេស​ស្វ៊ីស​ថា​៖ «កីឡាករ​ដែល​នឹង​លេង​ក្នុង​ក្រុម​ដែល​អាច​លេង​ក្នុង​លីគ​លក្ខណៈ​បិទ​ជិត​មួយ នឹង​ត្រូវ​បាន​ហាម​មិន​ឱ្យ​លេង World Cup និង Euro។ ពួក​គេ​មិន​អាច​​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​​ក្នុង​ប្រកួត​ណា​មួយ​បាន​ឡើយ»។

ប្រមុខ​បាល់ទាត់​អឺរ៉ុប​ជនជាតិ​ស្លូវ៉ានី បន្ត​ថា​៖ «​ខ្ញុំ​សូម​សង្កត់​ធ្ងន់​បំផុត​នៅ​ខណៈនេះ​ថា UEFA និង​ពិភព​បាល់ទាត់​ពួត​ដៃ​គ្នា​ប្រឆាំង​នឹង​គម្រោង​ការ​ដ៏​ទុយ៌ស​និង​បម្រើ​​ផល​ប្រយោជន៍​ខ្លួន​ឯង ​ដែល​បង្កើត​ឡើង​ដោយ​ក្លិប​មួយ​ក្ដាប់​តូច​ក្នុង​ទ្វីប​អឺរ៉ុប​​ដោយសារ​តែ​ភាព​លោភលន់​របស់​ខ្លួន​។ គំនិត​នេះ​ជា​កា​រ​ស្ដោះទឹកមាត់​ដាក់​មុខ​អ្នក​ស្រលាញ់​បាល់ទាត់​ទាំង​អស់​រួម​ទាំង​មក​លើ​សង្គម​របស់​ពួក​យើង​ផង​ដែរ​។ ពួក​យើង​​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ពួក​គេ​យក​បាល់ទាត់​​ចេញ​ពី​យើង​ជា​ដាច់​ខាត»។

«មិន​ត្រឹម​តែ​ពិភព​បាល់ទាត់​ទេ សូម្បី​សង្គម​​និង​រដ្ឋាភិបាល​នានា​ក៏​រួម​គ្នា​ប្រឆាំង​គម្រោង​ការ​នេះ​ដែរ​។ វា​ជា​ផ្នែក​​នៃ​វប្បធម៌​របស់​យើង​(ជួយគ្នា)។ ពួក​យើង​រួបរួម​គ្នា​ប្រឆាំង​នឹង​គម្រោងការ​ផ្ដេសផ្ដាស​នេះ​។ ពួក​យើង​មាន​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស, សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ, សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីតាលី, Premier League, La Liga, Serie A និង FIFA រួម​គ្នា​ជា​ឯកច្ឆន្ទ​ប្រឆាំង​នឹងផែនការ​អាក្រក់​ៗ​ទាំង​នេះ​ដែល​​ផ្ទុយ​ទាំង​ស្រុង​នឹងភាព​ជា​កីឡា​​បាល់ទាត់។ ពួក​យើង​មិនអាច​ហើយ​នឹង​មិន​អនុញ្ញាត​ឡើយ។ កីឡា​អស្ចារ្យ​បំផុត​អាស្រ័យ​លើ​ការ​ប្រកួត​ប្រជែង​ដោយ​​បើក​ចំហ, សុ​ចរិតភាព និង​ស្មារតី​កីឡា ហើយ​ពួក​យើង​នឹង​​គ្មាន​ថ្ងៃ​អនុញ្ញាត​ឱ្យ​មាន​ការ​កែប្រែ​គោលការណ៍​ទាំង​នេះ​ឡើយ»។

ទន្ទឹម​នឹង​នេះ លោក Ceferin ក៏​បា​ន​​បក​អាក្រាត​ចំៗ​ចំពោះ​លោក Andrea Agnelli ប្រធាន​ក្លិប Juventus និង​លោក Ed Woodward អនុប្រធាន​ក្លិប Manchester United ផង​ដែរ​។

លោក​និយាយ​ថា​៖ «ខ្ញុំ​ធ្លាប់​ជួប​រឿង​ជា​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ, ខ្ញុំ​ធ្លាប់​ធ្វើ​ជា​មេធាវី​និង​បានឃើញ​ឧក្រិដ្ឋជន​យ៉ាង​ច្រើន​ ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​​មនុស្ស​ណា​អីចឹង​ទេ​។ Woodward បាន​ទូរសព្ទ​មក​ខ្ញុំ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដើម្បី​និយាយ​ប្រាប់​ខ្ញុំ​ថា​ពេញ​ចិត្ត​ចំពោះ​កំណែទម្រង់ (UCL) ហើយ​រឿង​តែ​១​ដែល​គាត់ចង់​និយាយ​គឺអំពី​ FFP (ច្បាប់​​រឹតត្បិត​​ការ​ចាយ​របស់​ក្លិប​នៅ​អឺរ៉ុប)​។ Agnelli ប្រហែល​ជា​គួរ​ឱ្យ​ខក​ចិត្ត​ជាង​គេ​។ ខ្ញុំ​មិន​ចង់និយាយ​ចំៗ​ពេក​ទេ ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​មនុស្ស​ណា​កុហក​ច្រើន​ដងដូច​គាត់​បាន​ធ្វើ​ទេ។ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​ថ្ងៃ​សៅរ៍​មុន ហើយ​គាត់​ថា​រឿង​ទាំង​នេះ​(ពាន ESL) គ្រាន់​តែ​ជា​ចចាមអារ៉ាម​ទេ គ្មាន​អ្វី​​នឹង​កើត​ឡើង​ឡើយ បន្ទាប់​មក​គាត់​បិទ​ទូរសព្ទ​។ ភាព​​លោភលន់​គឺ​ក្រាស់​ឃ្មឹក​ខ្លាំង​ពេក​ដែល​ធ្វើ​ឱ្យ​​តម្លៃ​មនុស្ស​បាត់បង់​អស់​។ វា​ល្អ​សម្រាប់​ជីវិត​ដែល​យើង​ដឹង​ថា​នរណា​ជា​មនុស្ស​យ៉ាង​ម៉េច។ Super League គឺ​ដើម្បី​តែ​លុយ គឺ​លុយសម្រាប់​ក្លិប​មួយ​ឡូ​(១២)។ ខ្ញុំ​មិន​ចង់​ហៅ​ពួក​គេ​ថា​ជា​ក្លិប​កខ្វក់​ទាំង​១២​ទេ។ UEFA គឺ​​អំពី​​ការ​អភិវឌ្ឍ​បាល់ទាត់, អំពី​​ការ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​អ្វី​ដែល​គួរ​តែ​ទទួល​បាន​ ដែលធ្វើ​ឱ្យ​បាល់ទាត់​របស់​យើង វប្បធម៌​របស់​យើង​រស់រាន​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​យល់​ពី​រឿង​នេះ​ទេ​»៕

ប្រភព៖ Marca