Skip to content
ក្លិប​គុនខ្មែរ​ដ៏​ធំ​បំផុត​នៅ​ បារាំង បន្ត​ប្រឹងជម្នះ​សម្ពាធ​កូវីដ រក្សា​ការ​កសាង​កេរ្តិ៍ឈ្មោះគុនខ្មែរ
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ក្លិប​គុនខ្មែរ​ដ៏​ធំ​បំផុត​នៅ​ បារាំង បន្ត​ប្រឹងជម្នះ​សម្ពាធ​កូវីដ រក្សា​ការ​កសាង​កេរ្តិ៍ឈ្មោះគុនខ្មែរ

ស្ថិតនៅទីក្រុងប៉ារីស ក្នុង​តំបន់ បូហ្ស៊ីហ្សាំងហ្សក ក្លិប​ប្រដាល់​បុរាណ ដែល​ជា​មូលដ្ឋានបណ្ដុះបណ្ដាល​គុនខ្មែរដំបូង និង​ធំ​បំផុត​ក្នុង​ទឹក​ដី​ បារាំង កំពុង​​បន្ត​ក្រាញ​ននៀល​សាបព្រោះ​មរត​កីឡា​​ប្រយុទ្ធ​មួយ​នេះ ទៅ​កាន់​មនុស្សជាតិ​លើ​ដែនដី​ដ៏​ស៊ីវីល័យ ទោះ​ជា​វិបត្តិ​កូវីដ១៩ នៅ​តែ​បន្ត​គំរាម​កំហែង។

ចាកចេញ​​ពី​ជំរុំ​ភាស​ខ្លួន​ទៅ​កាន់​ប្រទេស​ទី​៣​​ កាល​អំឡុង​សង្គ្រាម​ស៊ីវីល​ នា​​ទសវត្ស​ឆ្នាំ​៧០ លោក ហូរ​ សុធី ស្ថាបនិក​ក្លិប​គុនខ្មែរ​ដ៏​ធំ​មួយ​នេះ ឲ្យ​ AMS Sports ដឹង​ថា ក្លិប​នៅ​តែ​បន្ត​សកម្មភាព​បណ្ដុះ​បណ្ដាល​គុនខ្មែរ ក្នុង​ពេល​ដែល​កូវីដកំពុង​បង្ករ​ផល​ប៉ះ​ពាល់​ខ្លាំង។ លោក​ថា វិបត្តិ​កូវីដ​ជា​ច្រើន​ខែ គឺ​ជា​ង្វល់​ដែល​​ក្លិប​ត្រូវ​​អនុវត្ត​វិធា​ការ​បង្ការ ដែល​ធ្វើ​ឲ្យ​ថយ​ចុះ​ចំនួន​អ្នក​ហ្វឹកហាត់​យ៉ាង​ច្រើន តែ​ក្លិប​នៅ​តែ​ប្ដេជ្ញា​រក្សា​សកម្មភាព។

ស្ថានិក​ក្លិបគុនខ្មែរដ៏​ធំ​បំផុត​លើ​ទឹក​ដី​អឺរ៉ុប ដដែល​នេះ បន្ត​ថា ចំនួន​កីឡាករ​ដែល​មក​ហ្វឹកហាត់​ ថយ​ចុះ​ច្រើន​ជាង​៥​ដង ធៀបនឹង​ពេល​មុន​វិបត្តិកូវីដ។ លោក​ ហួរ សុធី បាន​រៀប​រាប់​ថា៖ «ពី​មុន មួយ​ថ្ងៃ​​អ្នក​ហាត់​មាន​ពី ១០០ ទៅ​ជាង​២០០​នាក់ក្នុង​១​ថ្ងៃ តែ​ឥលូវ យើង​អាច​ឲ្យ​ហាត់​បាន​ត្រឹម ២០​​នាក់​ប៉ុណ្ណោះ ចែក​ជា​២​ពេល​ទៀត ព្រោះ​ថា យើង​ត្រូ​វការ​រក្សាគម្លាត​ គឺ​៤​ម៉ែត្រ​ការ៉េ សម្រាប់​មនុស្ស​ម្នាក់»។

ក្នុងពេល​ដែល បារាំង ជា​ប្រទេស​​ស្ថិត​ក្នុងអត្រា​រងគ្រោះ​ខ្ពស់ មាន​ករណី​ឆ្លង​ជាង​៤៥​ម៉ឺន​នាក់ ស្ថាបនិក និង​ជា​អ្នក​រៀបចំ​ការ​ប្រកួតរូប​នេះ រំពឹង​ថា កូវីដ​១៩​ នឹង​​ឆាប់សាប​រលាប​វិញ ដើម្បី​អាច​ឲ្យ​ក្លិប​ ប្រដាល់​បូរាណ ​វិលទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ក្នុង​ការ​បន្ត​កសាង​ភាពរឹងមាំដល់​វិស័យ​គុនខ្មែរ​លើ​ទឹក​ដី ​បារាំង។

ចាប់​បដិសន្ធិឡើង​ក្នុង​ទីក្រុង​ ប៉ារីស ជាង​១០ឆ្នាំ​មក​ហើយ ក្រៅ​ពី​ជា​មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាល គុនខ្មែរ ក្លិប​ប្រដាល់​បូរាណ ជា​រឿយ​​ៗ​ក៏​ជាទីភ្នាក់ងារ​ដ៏​សំខាន់ ​នាំ​យក​ កីឡាករ​ខ្មែរ​ឆ្នើមៗ​ ទៅ​រៀបចំ​ការ​ប្រកួត​នៅ​ទីនោះ​ផង​ដែរ ជា​សកម្មភាព​ដែល​គេ​ចាត់​ទុក​ថា​ ជា​ការ​ផ្សព្វផ្សាយ​​អំពី​គុនខ្មែរ ដ៏​មាន​សារៈសំខាន់​ទៅ​កាន់​ឆាក​អន្តរជាតិ៕