Skip to content
ហេតុអ្វី PSG និង Bayern Munich មិន​ចូល​រួម​ក្នុង​ពាន ESL?
    ទំព័រដើម  »  កីឡាជាតិ

ហេតុអ្វី PSG និង Bayern Munich មិន​ចូល​រួម​ក្នុង​ពាន ESL?

ក្លិប​បាល់ទាត់​ធំ​ៗ​របស់​អេស្ប៉ាញ អង់គ្លេស និង​អ៊ីតាលី បាន​រួម​គ្នា​បង្កើត​ពាន European Super League ប៉ុន្តែ​គ្មាន​ឡើយ​ការ​ចូល​រួម​របស់​ក្លិប​មក​ពី​បារាំង​និង​អាល្លឺម៉ង់​។

ក្លិប​យក្ស​ដូច​ជា Paris St Germain និង Bayern Munich មិន​ពាក់ព័ន្ធ​ឡើយ​ក្នុង​គម្រោង​ ESL ដែល​មាន Real Madrid, Barcelona, Atletico Madrid, Manchester United, Manchester City, Liverpool, Arsenal, Chelsea, Tottenham, Juventus, Inter Milan និង AC Milan​។ ហេតុ​អ្វី?

ក្នុង​ករណី PSG អាច​ពាក់ព័ន្ធ​នឹង​នយោបាយ​ច្រើន នៅ​ត្រង់​ថា​ក្លិប​នេះ​ជា​របស់​ក្រុមហ៊ុនវិនិយោគ​កីឡា​កាតារ QSI ដែល​មាន​លោក Nasser Al-Khelaifi ជា​ប្រធាន​​ក្លិប​។

លោក Al-Khelaifi និង QSI មាន​ទំនាក់ទំនង​យ៉ាង​រឹងមាំ​ជាមួយ UEFA និង FIFA។ ក្រុមហ៊ុន BeIN Sports ​របស់​ពួក​គេ​កាន់កាប់​សិទ្ធិ​ផ្សាយ Champions League ខណៈ​កាតារ​​ខ្លួន​ឯង​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ World Cup 2022​។

ទាំង UEFA និង FIFA បាន​បង្ហាញ​ជំហរ​ប្រឆាំង​នឹង​​ការ​បង្កើត​ពាន ESL ស្រប​ពេល​លោក Al-Khelaifi រក្សា​ទំនាក់ទំនង​ល្អជាមួយ​ប្រធាន​ UEFA លោក Aleksander Ceferin​។

មាន​ចចាមអារ៉ាម​ថា​ លោក Al-Khelaifi អាច​ក្លាយ​ជា​ប្រធាន​ថ្មី​របស់​សមាគម​ក្លិប​បាល់ទាត់​អឺរ៉ុប (European Clubs Association) បន្ទាប់​ពី​ប្រធាន​មុន Andrea Agnelli ចុះ​ពី​តំណែង​​ដើម្បី​ទៅ​ចូល​រួម​ពាន ESL។ ម្យ៉ាង​ទៀត បើ​ចូ​ល​លេង​ពាន ESL នោះ PSG អាច​ត្រូវ​ចាយ​លុយ​កាន់​តែ​ច្រើន​ថែម​ទៀត​ដើម្បី​ចងជើង​កីឡាករ​​ល្បីៗ​។

កិច្ចសន្យា​របស់ Neymar និង Mbappe ជាមួយ PSG នឹង​ផុត​សុពលភាព​ក្នុង​ឆ្នាំ​២០២២ ហើយ​វា​អាច​ពិបាក​ក្នុងការ​បញ្ចុះ​បញ្ចូល​ពួក​គេ​ឱ្យ​បន្ត​កិច្ចសន្យា​ថ្មី​។

កាសែត​បារាំង L’Equipe បាន​ធ្វើ​រូបភាព​លើ​ទំព័រ​មុខ​របស់​ពួក​គេ​ដោយ​បំបែក​បារាំង​និង​អាល្លឺម៉ង់​ចេញពី​អឺរ៉ុប អម​ដោយ​ឃ្លា​ថា​៖ «សង្គ្រាម​អ្នក​មាន​»​។

នៅ​អាល្លឺម៉ង់​ឯណោះ​វិញ ស្ថានភាព​ខុស​ពីនេះ​។ ក្លិប​បាល់ទាត់​អាល្លឺម៉ង់​តែងតែ​រក្សា​ភាព​ជិតស្និទ្ធ​ជាមួយ​អ្នក​គាំទ្រ​របស់​ពួក​គេ ដូច្នេះ​បំណង​ចូល​រួម​ពាន Super League គឺ​សឹង​តែ​គ្មាន​សម្រាប់​ពួក​គេ​។

ប្រធាន​ប្រតិបត្តិ Dortmund លោក Hans-Joachim Watzke ទម្លាយ​ថា​ទាំង​ក្លិប​របស់​លោក​និង Bayern បាន​បដិសេធ​សំណើ​ចូល​រួម​ពាន Super League។ ក្លិប​ទាំង​២​នេះ​ចង់​បាន​ការ​កែទម្រង់​ពាន Champions League​ ជំនួស​វិញ​។