Skip to content
ម្ចាស់ក្លិប Liverpool សូមទោសអ្នកគាំទ្រ៖ ខ្ញុំបានធ្វើឱ្យអ្នកទាំងអស់គ្នាខកចិត្ត
    ទំព័រដើម  »  កីឡាជាតិ

ម្ចាស់ក្លិប Liverpool សូមទោសអ្នកគាំទ្រ៖ ខ្ញុំបានធ្វើឱ្យអ្នកទាំងអស់គ្នាខកចិត្ត

ម្ចាស់ក្លិបបាល់ទាត់ Liverpool លោក John W Henry បានសូមទោស​អ្នកគាំទ្រក្លិប​ហង្ស​ក្រហម​ចំពោះ​​ការ​រំខាន​បណ្ដាល​មក​ពី​គម្រោង​បង្កើតពាន European Super League​។

មហាសេដ្ឋី​ជនជាតិ​អាមេរិក​វ័យ​៧១​ឆ្នាំ​ទទួល​យក​ទំនួល​​ខុសត្រូវ​ម្នាក់​ឯង​ចំពោះ​ការ​កើត​ឡើង​​ភាព​អវិជ្ជមាន​ដែល​មិន​ចាំបាច់​នេះ ដោយ​និយាយ​ថា​៖ «ក្នុង​​កិច្ច​ខិតខំ​មួយ​នេះ ខ្ញុំ​បាន​ធ្វើ​ឱ្យអ្នក​​​ខក​ចិត្ត»។

លោក​បន្ថែម​ថា​៖ «គម្រោង​ដែល​ដាក់​មក​មិន​អាច​លេច​ចេញ​ជា​រូបរាង​​ឡើយ​បើ​គ្មាន​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ។ ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ អ្នក​ទាំង​អស់​គ្នា​ច្បាស់លាស់​ថា​វា​នឹង​មិន​កើត​ឡើង​។ ពួក​យើងបាន​ឮ​អំពី​អ្នក​។ ខ្ញុំ​បាន​ឮ​អំពី​អ្នក​»។

អ្នក​ជំនួញ​ដែល​ជា​ម្ចាស់​ក្លិប​បេសបល Boston Red Sox និង Miami Marlins ផង​នោះ​ក៏​បាន​សូម​ទោស​លោក Jurgen Klopp កីឡាករ​ដែរ និង​នាយក​ប្រតិបត្តិ​​ផងដែរ​​ ​និង​សន្យា​ថា​​នឹង​​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​នាំ​យក​មក​វិញ​នូវ​ទំនុក​ចិត្ត​របស់​អ្នកគាំទ្រ​។ លោក​និយាយ​ថា​៖ «ពួក​គេ​(អ្នកចាត់ការ កីឡាករ នាយកប្រតិបត្តិ) មិន​ពាក់ព័ន្ធ​សោះឡើយក្នុងការ​បង្ក​ការ​រំខាន​នេះ​។ ផ្ទុយ​ទៅ​វិញ​ពួកគេ​បាន​រង​ការ​រំខាន​ខ្លាំង​បំផុត​និង​យ៉ាង​អយុត្តិធម៌​ដោយសា​រ​រឿង​នេះ​។ នេះ​ជា​អ្វី​ដែល​​បង្ក​ការ​ឈឺ​ចាប់​បំផុត​។ ពួក​គេ​ស្រលាញ់​ក្លិប​និងធ្វើការ​ដើម្បី​ឱ្យ​អ្នក​មាន​មោទកភាព​រាល់ល​ថ្ងៃ។ ជា​ថ្មី! ខ្ញុំ​សូម​ទោស​ហើយ​ខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ភាព​អវិជ្ជមាន​មិន​ចាំបាច់​​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​២​ថ្ងៃ​កន្លង​មក​នេះ»។

មុន​ពេល Liverpool ចេញ​សេចក្ដី​ថ្លែងការណ៍​​បញ្ជាក់​ពី​ការ​ដក​ខ្លួន​ចេញពី​ពាន ESL ប្រធានក្រុម Jordan Henderson បាន​និយាយ​លើ​បណ្ដាញ​សង្គម​ថា​​៖ «ពួក​យើង​មិន​ចូល​ចិត្ត​ពាន​នេះ​​ឡើយ​ហើយ​ពួក​យើង​មិន​ចង់​ឱ្យ​វា​កើត​ឡើង​ទេ»។ សារ​នេះ​ត្រូវ​បាន​កីឡាករ Liverpool ដទៃ​ទៀត​ជា​ច្រើន​នាក់​យក​ទៅ​បង្ហោះ​បន្ត​ ខណៈ អ្នកចាត់ការ Jurgen Klopp និង​ខ្សែ​បម្រើ James Milner ​បាន​បង្ហាញ​ទស្សនៈ​តាំង​ពី​ដំបូង​ថា​មិន​​គាំទ្រ​ការ​បង្កើត​ពាន ESL។

សូម​ជម្រាប​ថា ក្រោយ​ការ​ប្រកាស​ចូល​រួម​ពាន ESL ដោយ​ក្លិប​ធំ​អង់គ្លេស​ទាំង​៦ មាន​ប្រតិកម្ម​ថ្កោល​ទោស​និង​ជំទាស់​យ៉ាង​ខ្លាំង​ពី​ Premier League, FA, រដ្ឋាភិបាល​អង់គ្លេស កីឡាករ និង​អ្នក​គាំទ្រ ស្រប​ពេល UEFA និង FIFA បាន​ប្រឆាំង​ដាច់​ណាត់​នឹង​ការ​បង្កើត​ពាន​បំបែក​ខ្លួន​ខាង​លើ​។

ក្នុង​ចំណោម​ក្លិប​ស្ថាបនិក​ទាំង​១២ មក​ទល់​ពេលនេះ មាន​ក្លិបស្ថាបនិក​​ចំនួន​៨​ហើយ​ដែល​បាន​​ចេញ​សេចក្ដី​ថ្លែងការណ៍​ដក​ខ្លួន​ចេញ​វិញ​ គឺ Manchester City, Chelsea, Manchester United, Liverpool, Tottenham, Arsenal, Atletico Madrid, AC Milan និង Inter Milan៕