Skip to content
Benzema តាមស្មើកំណត់ត្រា Raul ក្នុង La Liga ខណៈ Real ឡើង​កំពូល​តារាង
    ទំព័រដើម  »  កីឡាជាតិ

Benzema តាមស្មើកំណត់ត្រា Raul ក្នុង La Liga ខណៈ Real ឡើង​កំពូល​តារាង

Karim Benzema ស៊ុត​ចូល​២​គ្រាប់​ម្នាក់​ឯង​ជួយ Real Madrid ឈ្នះ​៣-០​នៅ​ផ្ទះ Cadiz យប់​ថ្ងៃ​ពុធ​ទី​២១​ខែ​មេសា ហើយ​ឡើង​ឈរ​ទី​កំពូល​តារាង​ La Liga បណ្ដោះ​អាសន្ន​។

Cadiz ជា​គូ​បដិបក្ខ​ផ្សេង​គ្នា​ទី​៣៥​ដែល​ខ្សែ​ប្រយុទ្ធ​ជនជាតិ​បារាំង​វ័យ​៣៣​ឆ្នាំ​​បាន​ស៊ុត​ចូល​ក្នុង​ក្របខណ្ឌ La Liga​។ មានន័យ​ថា Benzema ​តាម​ស្មើ​ឯតទគ្គកម្ម​របស់ Raul ជា​កីឡាករ​​ស៊ុត​ចូល​គូ​ប្រកួត​ច្រើន​ក្រុម​ផ្សេង​គ្នា​បំផុត​​ក្នុង​លីគកំពូល​អេស្ប៉ាញ​សម្រាប់ Real ដែល​សូម្បី Cristiano Ronaldo មិន​បាន​ឈាន​ដល់​កំណត់ត្រា​នេះ​ផង​។

លើស​ពីនេះ Benzema ដែល​ចូល​រួម Real ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​២០០៩ ពេលនេះ​បាន​ស៊ុត​ចូល​យ៉ាង​ហោច​១​គ្រាប់​ក្នុង​៩​ប្រកួត​ចុង​ក្រោយ​ជាប់​គ្នា​ក្នុង La Liga។ អតីត​កីឡាករ Lyon ឥឡូវ​មាន​២១​គ្រាប់ ឈរ​លេខ​រៀង​ទី​២ បន្ទាប់​ពី Lionel Messi ដែល​មាន​២៣​គ្រាប់​។

ក្នុង​ការ​ប្រកួត​ដែល​ខ្សែ​ការពារ​ស្លាប​ស្ដាំ​ Alvaro Odriozola រក​បាន​១​គ្រាប់​ដែរ​យប់​មិញ​នេះ លោក Zinedine Zidane សរសើរ​កូន​ក្រុម​របស់​លោក​ថា​យល់​ពី​របៀប​ការពារ​និង​ការពារ​បាន​យ៉ាង​ល្អ​ម្ដង​ទៀត ដែល​ជា​គន្លឹះ​ឈាន​ទៅ​រក​ជ័យជម្នះ​។

Real Madrid លេង​មិន​ចាញ់​១២​ប្រកួត​ជាប់​គ្នា​ក្នុង La Liga មក​ទល់​ពេលនេះ និង​កំពុង​ឈរ​ទី​កំពូល​តារាង​បណ្ដោះ​អាសន្ន មាន​៧០​ពិន្ទុ​ស្មើ Atletico Madrid តែ​លេង​លើស​គូ​ប្រជែង​១​ប្រកួត​។

ដោយឡែក នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ Atletico Madrid ទទួល Huesca ម៉ោង​០០៖០០, Granada ទទួល Eibar ម៉ោង​២ ដំណាល​គ្នា​នឹង​ជំនួប​រវាង Real Sociedad ជាមួយ Celta Vigo, មុន Barcelona ស្វាគមន៍ Getafe ម៉ោង​៣​៕