Skip to content
ទេព ស៊ីវុត្ថា និយាយពី រិន ដេវីត ដណ្ដើមពានម៉ារ៉ាតុន MasFight ចុងសប្ដាហ៍នេះ
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ទេព ស៊ីវុត្ថា និយាយពី រិន ដេវីត ដណ្ដើមពានម៉ារ៉ាតុន MasFight ចុងសប្ដាហ៍នេះ

គ្រូបង្វឹកក្រុមថ្នាលជម្រើសជាតិគុនខ្មែរ លោក ទេព ស៊ីវុត្ថា បានបង្ហាញទំនុកចិត្តខ្ពស់លើកូនសិស្សរបស់ខ្លួន រិន ដេវីត ថាជាបេក្ខភាពមានភាគរយខ្ពស់ ក្នុងការប្រជែងពានរង្វាន់ម៉ារ៉ាតុន លើសង្វៀន Mass Fight នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ លោកថា ទោះជាបេក្ខជន៣នាកទៀត ជាកីឡាករដែលមិនអាចមើលស្រាលបាន តែលោកជឿជាក់លើ ជម្រើសជាតិថ្នាល ដ៏មានថ្វីដៃម្នាក់នេះ។

«ដេវីត ជាកីឡាករប្រភេទវ៉ៃបុក ដែលសាកសមសម្រាប់ការប្រកួត៣ទឹក បែបម៉ារ៉ាតុន។ បច្ចេកទេសគាត់ បើនិយាយតែ៤នាក់នេះ គឺមាន ពេច្រ ប៊ុនសិទ្ធ ដែលប្រដំត្រសង តែរយៈកាលកន្លងមក ជួបគ្នា ពេជ្រ ប៊ុនសិទ្ធកម្រឈ្នះគាត់ណាស់»។ នេះជាការរៀបរាប់របស់លោក ទេព ស៊ីវុត្ថា។

ទោះបីជាមាសភាពកីឡាករ៣រូបទៀត ជាអ្នកប្រយុទ្ធវ័យក្មេងលេចធ្លោ ក៏គ្រូជម្រើសជាតិរូបនេះ អះអាងថា សមត្ថភាពនិងកលល្បិចលើសង្វៀនរបស់កូនសិស្សលោក នឹងក្លាយកង្វល់ដែលពួកគេពិបាកឆ្លងកាត់។ យ៉ាងណាក្ដី លោកថាលទ្ធផលលើសង្វៀនមិនអាចនិយាយមុនបានឡើយ តែប្រសិនមិនភ្លាត់ដោយប្រការណាមួយ លោកយល់ថា ជម្រើសជាតិវ័យក្មេង រិន ដេវីត អាចនឹងទទួលបានលទ្ធផលល្អមិនខាន។

គ្រូថ្នាលជម្រើសជាតិពោរពេញដោយបទពិសោធន៍ បង្ហាញការជឿជាក់លើកូនសិស្សខ្លួនទៀតថា៖ «កីឡាករឡើងមកថ្មីៗ ខ្ញុំមិនសូវបានដឹងពីសមត្ថភាពពួកគេឡើយ ប៉ុន្តែខ្ញុំគិតថាពួកគេស៊ីកីឡាករផ្សេងងាយ តែជាមួយ រិន ដេវីត មិនមែនជារឿងងាយនោះទេ»។

ការដណ្ដើមពានរង្វាន់ ម៉ារ៉ាតុន លើសង្វៀន Mass Fight នៅថ្ងៃអាទិត្យសប្ដាហ៍នេះ រិន ដេវីត នឹងប្រឈមុខជាមួយជើងខ្លាំង៤រូបទៀត រួមមានអ្នកប្រមាញ់ចិត្តសឿង ពេជ្រ ប៊ុនសិទ្ធ, ឃន គឹមហុង និងតារាកំពុងរះថ្មីផ្ដួលដៃគូ១០ប្រកួតជាប់គ្នា ធន់ ផានិត៕