Skip to content
Chelsea ជាគូប្រកួតដែល Real Madrid មិនទាន់ឈ្នះសោះក្នុងប្រវត្តិសាស្ត្រ
    ទំព័រដើម  »  កីឡាជាតិ

Chelsea ជាគូប្រកួតដែល Real Madrid មិនទាន់ឈ្នះសោះក្នុងប្រវត្តិសាស្ត្រ

Chelsea ​ទទួល​បាន​លទ្ធផល​​​ស្មើ​១-១​​យ៉ាង​មាន​សក្ដានុពល​ក្នុង​ជើង​ទី​១​នៅ​ទឹកដី Real Madrid ក្នុងរាជធានីអេស្ប៉ាញ​យប់​ថ្ងៃ​អង្គារ​ទី​​២៧​ខែ​មេសា​ឆ្នាំ​២០២១ ក្នុងជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League។

Christian Pulisic ស៊ុត​បញ្ចូល​ទី​នាំ​មុខសម្រាប់​ក្រុម​តោខៀវ​ក្នុងនាទី​១៤ ដែល​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​កីឡាករ​អាមេរិក​ទី​១​ដែល​រក​បានគ្រាប់​បាល់​​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL និងជា​កីឡាករ​​ក្មេង​បំផុត​ដែល​ស៊ុត​ចូល​ក្នុង​វគ្គ​នេះ គឺ​ក្នុង​វ័យ​២២​ឆ្នាំ​និង​២២១​ថ្ងៃ​​។ ​

គ្រាប់​នាំ​មុខ​របស់​គេ​​ត្រូវ​បាន​តាម​ស្មើ​ដោយ Karim Benzema ក្នុងនាទី​២៩ ដែល​ជា​គ្រាប់​ទី​៧១​របស់​គេ​ក្នុង​ UCL ធ្វើ​ឱ្យ​កីឡាករ​បារាំង​រូបនេះ​ឈរ​លេ​ខ​រៀងទី​៤​ស្ទួន​ជាមួយ Raul ​ក្នុង​បញ្ជី​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​ពាន​នេះ ​(នៅ​ក្រោម CR7, Messi និង Lewandowski)។

អ្នកចាត់ការ Chelsea លោក Thomas Tuchel និយាយ​ថា​ក្រុម​របស់​លោក​នឹង​ត្រូវ​ខិតខំ​គ្រប់​ជំហាន​នៅ​ពេល​ពួក​គេ​ទទួល Real ក្នុង​ជើង​ទី​២​​សប្ដាហ៍​ក្រោយ។

លោក Tuchel បញ្ជាក់​ថា​ទោះ​បី​យប់​មិញ Chelsea ឈ្នះ​ក៏​ដោយ ក៏​ក្រុម​នៅ​តែ​ត្រូវ​ខំ​ប្រឹង​លេង​ឱ្យ​ខ្លាំង​ទៀត​​ក្នុង​ជើង​ទី​២​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ជា​លើក​ដំបូង​តាំង​ពី​ពួ​ក​គេ​បាន​លើក​ពាន​នេះ​ក្នុង​ឆ្នាំ​២០១២​មក​។ អ្នកចាត់ការ​ជនជាតិ​អាល្លឺម៉ង់​ថា​​​ពេលនេះ​ទើប​តែ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ទេ​។ ក្រុម​របស់​លោក​ត្រូវ​ខំប្រឹង​គ្រប់​ជំហាន​ជើង​ក្នុង​​ពាក់​កណ្ដាល​ផ្លូវ​ដែល​នៅ​សល់​។

ពាក់ព័ន្ធ​នឹង ខ្សែ​ប្រយុទ្ធ Timo Werner លោក Tuchel និយាយ​ថា​គេ​ខឹង​ខ្លួន​ឯង​ដែល​ខ្ជះខ្ជាយ​ឱកាស​ល្អ​​​ក្នុងការ​ទាត់​បញ្ចូល​ទី​ Real យប់មិញ​។ កាល​ប៉ះ West Ham គេ​ក៏​បាន​ខ្ជះខ្ជាយ​ឱកាស​ល្អ​ដែរ​។ តែលោក​ថា​​គ្មាន​អ្វី​ត្រូវ​នៅ​អង្គុយ​យំ​សោកស្ដាយ​ទេ​។

ចំណែក​ អ្នកចាត់ការ Real Madrid លោក Zinedine Zidane ទទួល​ស្គាល់​ថា​ក្រុមរ​បស់លោក​​នឹង​ត្រូវ​ធ្វើការ​ខ្លាំង​ក្នុង​ជើង​ទី​២ ប្រសិន​ចង់​រក្សា​ក្ដី​សង្ឃឹម​លើក​ពាន​​ក្លិប​អាជីព​លំដាប់​កំពូល​ទ្វីប​អឺរ៉ុប​ជា​លើកទី​១៤​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។ ជើង​ទី​២​នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ​ទី​៥​ខែ​ឧសភា​។

គួរ​ជម្រាប​ថា លោក Tuchel ជា​អ្នកចាត់ការ​តែ​ម្នាក់​គត់​ដែល​ដឹកនាំ​ក្រុម​លេង​ទល់​នឹង Real Madrid ៥​ដង​ក្នុង UCL ដោយ​​មិន​ចាញ់​សោះ ពោល​គឺ ឈ្នះ​​១​ដង​និង​ស្មើ​៤​ដង​មក​ទល់ពេលនេះ​។

Chelsea លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ក្រៅ​ទឹកដី​៨​លើក​មិនដែល​ឈ្នះ​ឡើយ ដោយ​ស្មើ​៥​ដង​ចុង​ក្រោយជាប់​ៗ​គ្នា និង​ចាញ់​៣​ដង​មុន​​។

តែ​ក៏គួរ​ឱ្យ​កត់​សម្គាល់​ដែរ​ថា Real Madrid លេង​មិន​ដែល​ឈ្នះ Chelsea ទេ ដោយ​ប៉ះ​គ្នា​៤​ដង​កន្លង​មក ស្មើ​២​ដង​និង​ចាញ់​២​ដង​ ដែល​ជា​កំណត់ត្រា​អាក្រក់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ Real​ ធៀប​នឹង​លទ្ធផល​ទល់​គូប្រកួត​ដទៃ​ទៀត​ដែល​ពួគ​គេ​ធ្លាប់​ប៉ះ។

Real Madrid 1-1 Chelsea – ឧសភា 1971
Chelsea 2-1 Real Madrid – ឧសភា 1971
Real Madrid 0-1 Chelsea – សីហា 1998
Real Madrid 1-1 Chelsea – មេសា 2021​៕