Skip to content
Neymar ​ថា​គេ​សប្បាយ​ចិត្ត​ណាស់​នៅ PSG ហើយ​មិន​ខ្វល់​ពី​ពាន Ballon d’Or ឡើយ
    ទំព័រដើម  »  កីឡាជាតិ

Neymar ​ថា​គេ​សប្បាយ​ចិត្ត​ណាស់​នៅ PSG ហើយ​មិន​ខ្វល់​ពី​ពាន Ballon d’Or ឡើយ

ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ជើង​ទី​១​វគ្គ​​១/២ UCL រវាង Paris St Germain ទល់​នឹង Manchester City ម៉ោង​២​យប់​ថ្ងៃ​ពុធទី​២៨​ខែមេសា​នេះ Neymar ​អះអាង​ថា​គេ​​រីករាយ​ណាស់​នៅ PSG ស្រប​ពេល​មាន​​ពាក្យ​អេចអូច​ជា​ច្រើន​ជុំ​វិញ​អនាគត​របស់​តារា​ឆ្នើមប្រេស៊ីល​រូបនេះ​។

ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​និយាយ​ថា​៖ «ខ្ញុំ​បាន​និយាយ​ពី​រឿង​នេះ​ម្ដង​ហើយ​កាល​ប្រកួត​មុន​។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​​នៅ​​​ប៉ារីស។ ពួក​យើង​កំពុង​​ជជែក​​កិច្ចសន្យា​ថ្មី​ជាមួយ PSG​។ ខ្ញុំ​មានអារម្មណ៍​ល្អ​។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ»។

ពាន​ឯកត្តជន Ballon d’Or ​ត្រូវ​​បាន​គេ​និយាយ​ជា​យូរ​មក​ហើយ​ថា​ជា​កត្តា​ចម្បង​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​របស់ Neymar ក្នុងការ​ចេញពី Barcelona មក Paris St Germain​។

តែ Neymar និយាយ​ថា​៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ចំពោះ​រដូវកាល​ដែល PSG កំពុងមាន​។ ខ្ញុំ​មិនខ្វល់​ពី Ballon d’Or ទេ, វា​មិនមែនជាអ្វី​​ដែល​ខ្ញុំ​គិត​ឡើយ​។ ខ្ញុំ​បាន​ឈប់​គិត​អំពី​វា​ជា​យូរ​មក​ហើយ។ ខ្ញុំ​ពិត​ជាមិន​ខ្វល់​​(ពី Ballon d’Or)ទេ​។ ខ្ញុំ​ចង់​ឈ្នះ Champions League។ នោះ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​មានភាព​ខុស​គ្នា​ក្នុង​ជីវិត​របស់​ខ្ញុំ​​និង​ក្នុង​អាជីព​របស់​ខ្ញុំ​។ ពេល​ខ្ញុំ​កាន់​តែ​ចាស់​ ខ្ញុំ​នឹង​ក្រឡេក​ក្រោយ​ដើម្បី​មើល​ថា​ខ្ញុំ​បាន​ឈ្នះ Champions League ​១​ដង ឬ​២​ដង ឬ​៣​ដង ឬ​៤​ដង។ នេះ​ទើប​ជា​រឿង​សំខាន់​បំផុត»។

អតីត​យុវជន Santos ដែល​បាន​ផ្ទេរ​ពី Barca ទៅ PSG ក្នុង​ឆ្នាំ​២០១៧​ក្នុង​តម្លៃ​ឯតទគ្គកម្ម​ពិភពលោក​២២២​លាន​អឺរ៉ូ បន្ត​ថា​៖ «កាល​ខ្ញុំ​ចូល​រួម PSG គោល​ដៅ​របស់​ខ្ញុំ​គឺ​ដើម្បី​ឈ្នះ Champions League (នៅទីនេះ)​។ ពួក​យើង​បាន​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​កក្នុង​ប្រវត្តិសាស្ត្រក្លិប​រដូវកាល​មុន ហើយពួក​យើងជា​ក្រុម​ដែល​កំពុង​បន្ត​រីក​ចម្រើន។ ពួក​យើង​មាន​គ្រប់​គ្រឿង​ដើម្បី​ឈ្នះពាននេះ​។ ពួក​យើង​​ស្រលាញ់​គ្នា​ជា​ក្រុម​មួយ ខំ​ធ្វើការ​ខ្លាំង ហើយ​បរិយាកាស​គឺ​អស្ចារ្យ។ PSG ស្ថិត​ក្នុង​ចំណោម​ក្រុមល្អ​បំផុត​ក្នុង​លោក»។

ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ទល់ Man City នៅ Parc des Princes យប់​នេះវិញ​ Neymar ថា​នឹង​តានតឹង ព្រោះ Man City ជា​ក្រុម​ដ៏​អស្ចារ្យ​មួយ​។

ចំណែក​អ្នកចាត់ការ Man City លោក ​Pep Guardiola ដែល​​បង្វឹក Barcelona ពី​ឆ្នាំ​២០០៨​ដល់​២០១២​នោះ បាន​លើក​សរសើរ​ទេពកោសល្យ​របស់ Neymar ​ថាពេល​លោក​មើល​ឃ្លីប​សកម្មភាព​លេង​របស់ Neymar លោក​គិត​ថា​គេ​​ជា​អធិរាជ​របស់​ក្លិប Santos។ ហើយ​ប្រសិន Neymar នៅ​ជាមួយ Barca មក​ទល់​ពេលនេះ លោក​គិត​ថា Barca មុខ​ជា​ឈ្នះ​ពាន UCL ២​ឬ​៣​ដង​ថែម​ទៀត​។ Neymar, Messi និង Suarez ជា​ដៃគូ​ប្រយុទ្ធ​ល្អ​បំផុត​។ លោក​ថា Neymar ធ្វើ​ឱ្យ​បាល់ទាត់​រីករាយ​។

ទាក់ទង​នឹង​ការ​ប្រកួត​នៅ​ផ្ទះ PSG រាត្រី​នេះ​វិញ លោក Pep ​ថា​លោក​​បាន​ព្យាយាម​គេ​ឱ្យ​លក់​ស្រួល​យប់មិញ ហើយ​លោក​គេ​ងលក់​ស្រួល​នៅ​ពេល​មិន​គិត​អំពី​​កីឡាកររបស់ PSG​។ លោក​ថា​ពួក​គេ​ជា​កីឡាករ​លំដាប់​កំពូល​ៗ​ដ៏​មាន​គុណភាព​អស្ចារ្យ។ លោក​ថា​ Man City រួចរាល់​ដើម្បី​ព្យាយាម​បិទ​ពួក​គេ ដោយ​ការពារ​ជា​ក្រុម, លេង​ឱ្យ​ល្អ និង​ព្យាយាម​រក​គ្រាប់​បាល់​៕