Skip to content
តារាបាល់ទាត់ល្បីថៃចែករំលែកមេរៀនជីវិតពិត! ពីប្រាក់ខែក្រោមរយដុល្លារឡើងដល់ជិត២ម៉ឺនដុល្លារ បែកគំនិតដើរលេងផឹកស៊ីដាច់យប់
    ទំព័រដើម  »  កីឡាជាតិ

តារាបាល់ទាត់ល្បីថៃចែករំលែកមេរៀនជីវិតពិត! ពីប្រាក់ខែក្រោមរយដុល្លារឡើងដល់ជិត២ម៉ឺនដុល្លារ បែកគំនិតដើរលេងផឹកស៊ីដាច់យប់

កីឡាករ​បាល់ទាត់​ជើង​ចាស់​ល្បី​ឈ្មោះ​ថៃមួយ​រូប លោក ជលទិត្យ ចន្ទខាម (ชลทิตย์ จันทคาม) បានបើក​កកាយ​បទ​ពិសោធជីវិត​របស់​លោក​ប្រាប់​សារព័ត៌មាន​​ ฟุตบอล108 ​ទាំង​រឿង​ល្អ​​​និង​រឿងមិនល្អ​ដែល​លោក​បាន​ប្រព្រឹត្ត​អំឡុង​ពេល​​កំពុង​ពេញ​លេង​ល្អ ល្បីល្បាញ ​និង​ជាប់​ជម្រើស​ជាតិ​ថៃ​។ លោក​​​បាន​ពិចារណា​ពី​កំហុស​ដែល​លោក​បាន​សាង ហើយ​​បង្កើត​ជា​មេរៀន​ជីវិត​ដើម្បី​​​ចែក​រំលែក​ដំបូន្មាន​​​ល្អ​ៗ​ដល់​កីឡាករ​បាល់ទាត់​ជំនាន់​ក្រោយ​។ AMS Sports សូម​បកប្រែ​ជូន​ប្រិយមិត្ត​ដូច​ខាង​ក្រោម​នេះ​។

​ฟุตบอล108 បាន​ដាក់​ចំណង​ជើង​ថា​៖ ជីវិត​អ្នក​ប្រមាញ់! ជលទិត្យ ចន្ទខាម ប្រាក់ខែឡើងគុណនឹង២០, បើមិនភ្លឺមិន​ឈប់​។

ប្រសិនរាប់​កីឡាករបាល់ទាត់ថៃដែល​ខំលេង​ដោយ​ឆន្ទៈ​មោះមុត​២០០% ក្នុង​ចំណោម​នោះ​មាន ជលទិត្យ ចន្ទខាម ម្នាក់​ដែរ​។ ប្រសិន​គាត់​​​មិនល្អ​ មិនមែន​គាត់​លេង​ក្នុង​ក្រុម​ធំ​​ Chonburi (ជលបុរី) ដល់​ទៅ​រយៈ​ពេល​១៦​ឆ្នាំ​នោះ​ទេ​។

ជលទិត្យ ចន្ទខាម ​ជា​ខ្សែ​ការពារ​ដែល​បាន​ឡើង​ចូល​ក្រុម​ធំ Chonburi តាំង​ពីអាយុ​១៧​ឆ្នាំ​។ គាត់​​លេង​ក្នុង​ក្រុម​ធំ Chonburi តាំង​ពី​​ពាន​លីគ​ថ្នាក់​ខេត្ត Provincial League រួច​ឡើង​មក​ Division 1 រហូត​ដល់​​លីគកំពូល​​​ថៃ។ បើ​រាប់​ទៅ​គឺ​១៦​រដូវកាល​​​ក្នុង​ក្រុម​ធំ Chonburi។

គាត់​ទទួល​បាន​ប្រាក់​ខែ​ដំបូង​​ខ្ទង់​ពាន់​បាត​ គឺ​ក្រោម​១​រយ​ដុល្លារ ប៉ុណ្ណោះ​(១ពាន់​បាត​ =ប្រហែល ៣០​ដុល្លារ​អាមេរិក)​។ ប្រាក់​ខែ​គាត់​នៅ Chonburi ឡើង​​ជា​បន្តបន្ទាប់​​​ដល់​១៥០០០​​បាត គឺ​ប្រមាណ​៤៨០​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ជីវិត​ជា​កីឡាករអាជីព​របស់​គាត់​បាន​ប្រែប្រួល​យ៉ាង​មិន​គួរ​ឱ្យ​ជឿ បន្ទាប់​ពី​គាត់​បាន​ជាប់​ជម្រើស​ជាតិ​ថៃជា​លើក​ដំបូង​ក្នុងសម័យ​ដឹកនាំ​របស់​​គ្រូ​បង្គោល​ជនជាតិ​អង់គ្លេស​ Peter Reid​ ក្នុង​ឆ្នាំ​២០០៨។ ប្រាក់​ខែ​របស់​គាត់​ត្រូវ​បាន​ក្លិប Chonburi ​ដំឡើង​​​គុណ​២០​ដង គឺ​ដល់​ទៅ​​៣​សែន​បាត ស្មើ​​នឹង​ជាង​៩៦០០​ដុល្លារ​អាមេរិក​​។

ពេល​ឃើញ​លុយ​ដ៏​ច្រើន​បែបនេះ​​ក្នុង​គណនី​ធនាគារ​របស់​ខ្លួន ​ដំបូង ជលទិត្យមិនហ៊ាន​ដក​ចាយ​ទេ ដោយ​គិត​ថា​មាន​គេ​ច្រឡំ​វេរ​លុយ​ចូល​គណនី​របស់​ខ្លួន ព្រោះ​​ក្លិប Chonburi ​បាន​ដំឡើង​ប្រាក់​ខែ​ជូន​គាត់​ស្ងាត់​ៗ ដោយ​មិន​បាន​ជូន​ដំណឹង​ឡើយ​ (ទំនង​ចង់​បង្ក​ភាព​ភ្ញាក់ផ្អើល)។ ​បន្ទាប់​មក​ទើប​គាត់​បាន​ចម្លើយ ដោយ​អនុប្រធាន​ក្លិប អ័នណុប សិង្ហតូថង (อรรณพ สิงห์โตทอง) ​ប្រាប់​គាត់​ថា​នោះ​ជា​ប្រាក់​ខែ​ថ្មី​របស់​គាត់ ជា​ការ​លើក​ទឹក​ចិត្តចំពោះ​ការ​ជាប់​ជម្រើស​ជាតិសម្រាប់​គាត់​ និង​ជា​​ប្រាក់​ខែ​ដែល​កីឡាករ​ជម្រើស​ជាតិ​សម​នឹង​ទទួល​បាន​។

ក្រៅ​ពី​ប្រាក់​ខែ​ដ៏​ច្រើន​​នៅ​ក្លិប ជលទិត្យ ក៏​បាន​ចំណូល​ច្រើន​បន្ថែមទៀត​ផង​ដែរ​ពី​ជម្រើស​ជាតិ​ ​​​នៅ​ពេល​ប្រមូល​ផ្ដុំ​ម្ដង​ៗ​ គឺ​មិន​ក្រោម​១​ទៅ​២​សែន​បាត​ផ្សេង​ទៀត​នោះ​​ទេ​ក្នុង​មួយ​ខែ​។ មានន័យ​ថា​ក្នុង​១ខែ ជលទិត្យ​ អាច​រក​ចំណូល​បាន​៥​សែន​បាត​ គឺ​ជាង​១៦០០០​ដុល្លារ​ក្នុងមួយ​ខែ​ អំឡុង​១០​ឆ្នាំ​មុន​។

ពេល​គាត់​ចាប់​ផ្ដើម​មាន​លុយ មាន​កេរ្តិ៍ឈ្មោះ​ ក៏​ជា​ពេល​ដែល​​​​មាន​​​​យ៉ាង​​ច្រើន​មក​នែបនិត្យ​គាត់​​ ដែល​នេះ​ជា​រឿង​ធម្មតា​ក្នុង​ជីវិត​។ តែ​អ្វី​ដែល​មិន​ធម្មតា​គឺ​គាត់​បាន​បែក​ឆ្វេង ​​ភ្លើតភ្លើន ឈ្លក់​វង្វេង​នឹង​ការ​សប្បាយ ដើរ​លេង​ ផឹក​ស៊ី​ទល់​ៗ​ភ្លឺ មួយ​យប់​ៗ​ចាយ​អស់​រាប់ម៉ឺន​បាត​ ជាមួយ​ពួក​ទាំង​នោះ​។

ពេល​វ័យ​កាន់​តែចាស់​ គុណភាព​បាល់ទាត់​របស់​ខ្លួន​ក៏​មិន​ល្អ​​ដូច​ដើម​ដែរ​។ ដូច្នេះ​​គាត់​បាន​ចេញពី Chonburi ក្នុង​ឆ្នាំ​២០១៩ ទៅ​លេង​ឱ្យ​ក្លិប​កម្រិត​ទាប​ជាង​ចំនួន​​៥​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ខ្លី​ៗ​​​ដូច​ជា Udonthani FC (ឧត្ដរធានី អេហ្វស៊ី), Phrae United (ព្រែយូណាយធីត), Lampang FC (ឡាំប៉ាង អេហ្វស៊ី), Srisaket FC (ស៊ីសាកេត អេហ្វស៊ី), Songkhla United (សុងក្លា យូណាយធីត)​។

បច្ចុប្បន្ន លោក​មាន​អាយុ​៣៥​ឆ្នាំ​។ ​លោក​​បាន​​ប្រាប់​ពីជីវិត​២២​ឆ្នាំ​នៃ​ការ​លេង​បាល់​របស់​លោក​ដែល​លោក​បាន​ចាកចេញ​ពី​ស្រុក​កំណើត​នៅ​ខេត្ត​មហាសារ៉ាខាម ដើម្បី​មក​ប្រកប​អាជីព​បាល់ទាត់​។ លោក​ថា​​​គេ​អាច​ហៅ​លោក​​ថា playboy បាន គឺ​មិន​ចម្លែក​ទេ​។

ជលទិត្យ​ និយាយ​ថា​៖ «ខ្ញុំ​ចង់​​បង្ហាញ​មេរៀន​ដល់​កីឡាករ​បាល់ទាត់​​ល្បី​ៗ​​ថា​នៅ​ក្នុង​លោក​នេះ​គ្មាន​នរណា​មិន​ចាស់​នោះ​ឡើយ​ ហើយ​គ្មាន​នរណា​លេង​ល្អ​រហូត​នោះ​ទេ​។ បួនប្រាំ​ឆ្នាំ​ចុង​ក្រោយ ​ខ្ញុំ​​ឈប់​ដើរ​លេង និង​ថែរក្សា​រាងកាយ ធ្វើការ​សប្បុរសធម៌ និង​ការងារ​សំខាន់​ៗ​ជាមួយ​មិត្តភ័ក្ដិ​ប៉ុណ្ណោះ​។ ខ្ញុំ​សូម​ចែក​រំលែក​បទ​ពិសោធ​ដល់​ប្អូន​ៗ​កីឡាករ​ជំនាន់​​ក្រោយ​​ឱ្យ​ចេះ​ទុកដាក់​លុយ​កាក់​ឱ្យ​បាន​ល្អ ចេះ​សន្សំ​លុយ​​ កុំ​គិត​រឿង​ដើរ​លេង​ស៊ីផឹក​»។

«សព្វ​ថ្ងៃ​ ផ្ទះ ដី រថយន្ត និង​គ្រួសារ​​កក់ក្ដៅ ដែល​ខ្ញុំ​កំពុង​មាន​ពេលនេះ បាន​មក​ពីការ​កសាង​ខ្លួន​ឡើង​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដែល​ខ្ញុំ​​ភ្ញាក់​​រឭក​កែ​ខ្លួន​។ កីឡាករ​ដែលមាន​ប្រាក់​ខែ​រាប់​ម៉ឺន​ដុល្លារ មានប្រយោជន៍​ទៅ​បាន​លុះ​ត្រា​តែ​កុំ​ឈ្លក់​វង្វេង​នឹង​ការ​សប្បាយ​អបាយមុខ ដើរ​ស៊ីផឹក​ផ្ដេសផ្ដាស និង​ជ្រើសរើស​ផ្លូវ​​ល្អ​ៗ​សម្រាប់​ជីវិត​ខ្លួន​ឯង​។ នេះ​គ្រាន់​តែ​ជា​ការ​ចែក​រំលែក​​បទ​ពិសោធជីវិត​ ជឿ​ឬ​មិន​ជឿ ​ស្រេច​លើ​អ្នក​ពិចារណា​ចុះ​»​។

ជុំ​វិញ​អាជីព​បាល់ទាត់​វិញ អតីត​ប្រធាន​ក្រុម​​ Chonburi ​ខាង​លើ​និយាយ​ថា​ចង់​បន្ត​លេង​បាល់ទាត់​១​ទៅ​២​ឆ្នាំ​ទៀត​មុន​ចូល​និវត្តន៍​។ ពេលនេះ​​លោក​​កំពុង​រក​ក្លិប​ថ្មី​ដែល​មាន​កម្រិត​ល្មម​ៗ​សម​នឹង​សមត្ថភាព​បច្ចុប្បន្ន​​ដែល​លោក​អាច​លេង​បាន។ សូម​ជម្រាប​ផង​ដែរ​ថា ​ជលទិត្យ ចន្ទខាម ដែល​អាច​លេង​​តួនាទី​ខ្សែ​ការពារ​កណ្ដាល, ការពារស្លាបស្ដាំ និង​ខ្សែ​បម្រើ​ការពារ បាន​ជាប់​ជម្រើស​ជាតិ​ក្រុមធំ​ថៃ​ពី​ឆ្នាំ​២០០៨​ដល់​២០១៣​។ លោក​បាន​ឈ្នះ​​មេដាយ​មាស​ស៊ីហ្គេម​២០០៧, T&T Cup 2008 និង​រង​ជើងឯក AFF Suzuki Cup 2008 ជាមួយ​ជម្រើស​ជាតិ​។ នៅ​ក្លិប Chonburi វិញ លោក​បាន​ឈ្នះ​ជើងឯក​លីគ​ថ្នាក់ខេត្ត​ក្នុង​ឆ្នាំ​២០០៥ (ពាន​នេះ​បង្កើត​ក្នុង​ឆ្នាំ​១៩៩៩​​និង​លុប​ចោល​វិញ​ក្នុង​ឆ្នាំ​២០០៨), ឈ្នះ​ជើងឯក​លីគកំពូល​ថៃ​ឆ្នាំ​២០០៧, រង​ជើងឯក​លីគ​កំពូល​ថៃ​២០០៨ និង​ឈ្នះ​ពាន​ Royal Thai Cup ២០០៨​ និង​២០០៩​ផង​ដែរ​៕