Skip to content
លីគបាល់ទាត់សិង្ហបុរីអាចត្រលប់មកវិញនៅពាក់កណ្ដាលខែតុលា
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

លីគបាល់ទាត់សិង្ហបុរីអាចត្រលប់មកវិញនៅពាក់កណ្ដាលខែតុលា

ក្របខ័ណ្ឌ Singapore Premier League រដូវកាល២០២០ ដែលត្រូវបានផ្អាកសកម្មភាពតាំងពីថ្ងៃទី២៤ខែមីនាមកនោះ អាចត្រលប់មកវិញនៅពាក់កណ្ដាលខែតុលាខាងមុខនេះ។ ប៉ុន្តែអ្វីៗអាស្រ័យលើសេចក្ដីប្រកាសរបស់គណៈកម្មការអន្តរក្រសួងប្រឆាំងនឹងជំងឺកូវីដ១៩។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយមហាសន្និបាតប្រចាំឆ្នាំនៃសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី (FAS) លោក​ Lim Kia Tong ប្រធាន FAS បានគូសបញ្ជាក់ថាមានសញ្ញាណវិជ្ជមានមួយចំនួនទាក់ទងនឹងស្ថានភាពក្នុងប្រទេសសិង្ហបុរី ហើយលោកសង្ឃឹមថាការប្រកួតលីគកំពូលរបស់ប្រទេសត្រលប់មកវិញនៅពាក់កណ្ដាលទី១នៃខែតុលា។

ក្លិបក្នុងក្របខ័ណ្ឌ SPL ត្រូវបានអនុញ្ញាតឱ្យត្រលប់មកហ្វឹកហាត់ពេញលេញឡើងវិញកាលពីថ្ងៃទី១ខែកញ្ញា។ ហើយមែនទែនទៅ ដំបូងឡើយ FAS បានសង្ឃឹមថាអាចលេងការប្រកួតឡើងវិញនៅចុងខែនេះតែម្ដង ប៉ុន្តែមិនអាច។

ទោះយ៉ាងណា ប្រសិនគណៈកម្មការអន្តរក្រសួងប្រកាសឱ្យការប្រកួតត្រលប់មកវិញ នោះហ្គេមដំបូងនៃ SPL អាចធ្វើនៅចុងសប្ដាហ៍នៃថ្ងៃទី១០ខែតុលា តែមិនទាន់ឱ្យទស្សនិកជនចូលទេ។

បន្ថែមលើនេះ លោក Yazeen Buhari អគ្គលេខាធិការ FAS បាននិយាយថានឹងមានការកែសម្រួលរូបមន្តនៃការប្រកួតដែលនៅសល់។ ដើមឡើយ ក្រុមទាំង៩ក្នុង SPL ត្រូវលេងវិលជុំប៉ះគ្នា៣ជុំ។ ប៉ុន្តែលោកមិនបានសម្រាយលម្អិតពីរូបមន្តថ្មីនោះទេ។ FAS អាចកោះប្រជុំជាមួយក្លិបទាំងអស់នៅសប្ដាហ៍នេះ៕