Skip to content
ខេត្តសៀមរាបមានសក្តានុពលខ្លាំងសម្រាប់រៀបចំការប្រណាំងកង់ ស៊ីហ្គេម ឆ្នាំ២០២៣
    ទំព័រដើម  »  កីឡាជាតិ

ខេត្តសៀមរាបមានសក្តានុពលខ្លាំងសម្រាប់រៀបចំការប្រណាំងកង់ ស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ខេត្តសៀមរាប ជាខេត្តអាទិភាពជាងគេ សម្រាប់ការប្រណាំងកង់ នៃការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសារប្រភពធនធានកីឡាករ-កីឡាការិនី គ្រូបង្វឹកភាគច្រើន ក៏កើតចេញពីខេត្តតំបន់ទេសចរណ៍-វប្បធម៌ដ៏ទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជាមួយនេះផងដែរ។

នេះជាការលើកឡើងរបស់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រកម្ពុជា។

សហព័ន្ធខ្មែរកីឡាទោចក្រយានបានកំណត់បង្ហាញខេត្តចំនួន៣ ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយសក្តានុពលនិងស្របតាមស្តង់ដាបច្ចេកទេសសម្រាប់ការរៀបចំការប្រកួតកីឡាប្រណាំងកង់ ក្នុងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រកម្ពុជាបានលើកឡើងថា យោងតាមផែនការយុទ្ធសាស្ត្រ និងការចង្អុលបង្ហាញរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានបានណែនាំដល់ក្រុមមន្ត្រីបច្ចេកទេសសហព័ន្ធ ក្នុងការជ្រើសរើសទីតាំងខេត្តចំនួន៣ សម្រាប់ការទទួលរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប ដោយខេត្តទាំង៣នេះមានសក្តានុពលវិស័យទេសចរណ៍ដ៏ទាក់ទាញ ព្រមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏ល្អប្រសើរ ក្នុងការរៀបចំប្រកួតកីឡាទោចក្រយាននេះផងដែរ។

អគ្គលេខាធិការរូបនេះបានលម្អិតនៃខេត្តទាំង៣នេះ រួមមាន៖ ទី១-ខេត្តសៀមរាបមានហេដ្ឋារចនាសម្ព័នព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ឧទ្យានភ្នំគូលែន ដែលអាចរៀបចំការប្រកួតប្រភេទកីឡាកង់ភ្នំ កង់គក់ ដែលក្រុមការងារបច្ចេកទេសរបស់សហព័ន្ធបានចុះទៅត្រួតពិនិត្យម្តងរួចហើយៗបានសង្គេត និងវាយតម្លៃថានឹងអាចរៀបចំការប្រកួតស្របតាមស្តង់ដាបច្ចេកទេសយ៉ាងល្អប្រសើរ។ ទី២-ខេត្តព្រះសីហនុ គឺជាតំបន់ឆ្នេរសមុទ្រដ៏ទាក់ទាញដ៏ល្អ ដែលសហព័ន្ធធ្លាប់បានរៀបចំការប្រកួតកីឡាប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា ម្តងប្រកបដោយភាពជោគជ័យ កាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ ដោយខេត្តមួយនេះប្រកបដោយសក្តានុពលផ្លូវថ្នល់ ដែលទាក់ទាញខ្លាំងក្នុងការរៀបចំការប្រកួតផង និងទាក់ទាញ់ភ្ញៀវជាតិ-អន្តរជាតិ ក្នុងការចូលរួមទស្សនាគាំទ្រដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ផងដែរ។ ចំពោះតំបន់ទី៣ គឺខេត្តកែប ក៏មានលក្ខណៈស្រដៀងគ្នានឹងខេត្តព្រះសីហនុផងដែរ ដោយខេត្តកែបមានស្ថានភាពផ្លូវថ្នល់ឡើងចុះ ក្នុងនោះមានឧទ្សានខេត្តកែប ដែលផ្តល់នូវភាពងាយស្រួលក្នុងការរៀបចំការប្រណាំងកង់ភ្នំ ស្របតាមបទដ្ឋានបច្ចេកទេសសមស្របទៀតផង៕