Skip to content
Cavani យល់​ព្រម​បន្ត​កិច្ចសន្យា​ថ្មី​​ជាមួយ Man Utd ព្រោះ​ស្រលាញ់​ក្លិបនេះ​ខ្លាំង​ឡើង​ៗ
    ទំព័រដើម  »  កីឡាជាតិ

Cavani យល់​ព្រម​បន្ត​កិច្ចសន្យា​ថ្មី​​ជាមួយ Man Utd ព្រោះ​ស្រលាញ់​ក្លិបនេះ​ខ្លាំង​ឡើង​ៗ

ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​អ៊ុយរុយហ្គាយ Edinson Cavani បាន​ស៊ីញេ​​កិច្ចសន្យា​ថ្មី​១​ឆ្នាំទៀត​ជាមួយ Manchester United ដែល​នឹង​រក្សា​វត្តមាន​រូប​គេ​នៅ Old Trafford ដល់​ខែ​មិថុនាឆ្នាំ​២០២២​។

អតីត​សមាជិក Palermo, Napoli និង PSG ​វ័យ​៣៤​ឆ្នាំ​ មាន​រដូវកាល​យ៉ា​ងលេច​ធ្លោ​ជាមួយ Man Utd ដោយ​រក​បាន​៨​គ្រាប់​ពី​៧​ប្រកួត​ចុង​ក្រោយ​។

Cavani និយាយ​ថា​៖ «ខ្ញុំ​មាន​ក្ដី​ស្រលាញ់​ចំពោះ​ក្លិប​កាន់​តែ​ខ្លាំង​ឡើង​ៗ​និង​គ្រប់​យ៉ាង​ដែល​ក្លិប​នេះ​តំណាង​។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ចំណង​ទំនាក់ទំនង​​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​មិត្ត​រួមក្រុម​និង​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្រោយ​ឆាក​។ ពួកគេ​ផ្ដល់​ការ​ជំរុញ​ទឹក​ចិត្ត​បន្ថែម​ដល់​ខ្ញុំ​រៀង​រាល់​ថ្ងៃ​ហើយ​ខ្ញុំ​ដឹង​ថា​ជាមួយ​គ្នា​ទាំង​អស់​​គ្នា ពួក​យើង​អាច​សម្រេច​បាន​​សមិទ្ធផល​ពិសេស​ៗ​នានា»​។

អ្នកចាត់ការ Man Utd លោក Ole Gunnar Solskjaer និយាយ​ថា​លោក​តែង​តែ​ចង់​ឱ្យ Cavani បន្ត​កុងត្រា​ជាមួយ​ក្លិប​។ លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​បាន​និយាយ​តាំង​ពី​ពេល Edinson ​ចុះ​កិច្ចសន្យា​ដំបូង​ថា​គេ​នឹង​នាំ​ថាមពល កម្លាំង និង​ភាព​ជា​អ្នក​ដឹកនាំ​មក​ក្នុង​ក្រុម​នេះ ហើយ​វា​ពិត​ជា​កើត​ឡើង​មែន​។ គេ​មានគ្រប់​យ៉ាង​ដែល​ខ្ញុំបា​នគិត​​។ គេ​មាន​ស្មារតី​ជា​អ្នក​ចង់​ឈ្នះ​និង​មាន​ឥរិយាបថ​យ៉ាង​មោះមុត​ចំពោះ​​គ្រប់​យ៉ាង​ដែល​គេ​ធ្វើ។ Edinson ជា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​ចេញ​ពី​ទីលាន​ហ្វឹកហាត់​ក្រោយ​គេ និង​​ជា​គំរូ​បង្ហាញ​ផ្លូវ​អាជីព​ដល់​យុវជន​រាល់​ថ្ងៃ​»។

តាំង​ពី​ចូល​រួម Man Utd ដោយ​គ្មាន​​តម្លៃ​ផ្ទេរ​ក្នុង​ខែ​តុលា​ឆ្នាំ​២០២០​មក Cavani ​រក​បាន​១៥​គ្រាប់​ក្នុង​គ្រប់​ការ​ប្រកួត​សម្រាប់​ក្រុម​បិសាច​ក្រហម និង​ចុង​ក្រោយ​បាន​ប្ដូរ​ចូល​ហើយ​តែត​ចូល​១​គ្រាប់​ក្នុង​ជ័យជម្នះ Premier League ​៣-១​​នៅ​ទឹកដី Aston Villa កាល​ថ្ងៃ​អាទិត្យ​​ទី​៩​ឧសភា​។

កាល​នៅ PSG គេ​រក​បាន​២០០​គ្រាប់​ពី​ការ​ចូលលេង​៣០១​លើក​រវា​ង​ឆ្នាំ​២០១៣​ដល់​២០២០​។ គេ​បាន​ចាកចេញពី​​ក្លិប​នៅ​រដ្ឋធានី​បារាំង​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០២០ បន្ទាប់​ពី​មិន​​ចុះ​សម្រុង​ជាមួយ Neymar​៕