Skip to content
ផ្ដាច់ព្រ័ត្រ UCL រវាង Chelsea និង Man City អាច​ធ្វើ​នៅ​មាតុភូមិ​របស់ CR7 ជាង​នៅ Wembley
    ទំព័រដើម  »  កីឡាជាតិ

ផ្ដាច់ព្រ័ត្រ UCL រវាង Chelsea និង Man City អាច​ធ្វើ​នៅ​មាតុភូមិ​របស់ CR7 ជាង​នៅ Wembley

ព័រទុយហ្គាល់​ជា​បេក្ខភាព​នាំ​មុខ​ក្នុងការ​ទទួល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Champions League 2020-21 រវាង Chelsea និង Manchester City នា​ថ្ងៃ​ទី​២៩​ខែ​ឧសភា បន្ទាប់​ពី UEFA មិន​ទទួល​បាន​ការ​ធានា​​ចំពោះ​ការ​លើកលែង​ពិសេស​លើ​ការ​ចង់​ឱ្យ​ការ​ប្រកួត​ធ្វើ​នៅ Wembley​។

សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប​និង​មន្ត្រី​រដ្ឋាភិបាល​អង់គ្លេស រួម​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស បាន​ជួប​គ្នា​​​​ថ្ងៃ​ចន្ទ​​ម្សិលមិញ​​ដើម្បី​ពិភាក្សា​អំពី​ការ​ប្ដូរ​ទីតាំង​ប្រកួត​រវាង Chelsea និង Man City ពី​​អ៊ីស្តង់ប៊ុល​ ប្រទេស​ទួរគី​។

UEFA បាន​សម្រេច​ចិត្ត​ថា​នឹង​ប្ដូរ​ការ​ប្រកួត​ចេញពី​អ៊ីស្តង់ប៊ុល​ ដោយសារ​តែ​ទួរគី​ស្ថិត​ក្នុង​បញ្ជី​ក្រហម​នៃ​ការ​ហាមប្រាម​ធ្វើ​ដំណើរ​របស់​អង់គ្លេស​ដើម្បី​ការពារ​កូវីដ១៩ ដែល​មានន័យ​ថា​អ្នក​គាំទ្រ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ផ្ទាល់​បាន​។ ពលរដ្ឋ​អង់គ្លេស​ដែល​ត្រលប់​មក​ពី​ប្រទេស​ក្នុង​បញ្ជី​ក្រហម​ត្រូវ​ធ្វើចត្តាឡីស័ក​​១០​ថ្ងៃ​នៅ​សណ្ឋាគារ​ដែល​រដ្ឋាភិបាល​បាន​អនុម័ត​​​។ ប្រការ​នេះ​នឹង​ប៉ះពាល់​ដល់​កីឡាករ​ដែល​​​ត្រូវ​ត្រៀមលេង​​ Euro 2020​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១១​ខែ​មិថុនា​។

ព័រទុយហ្គាល់​ស្ថិត​ក្នុង​បញ្ជី​បៃតង​របស់​អង់គ្លេស ដូច្នេះ​អ្នក​គាំទ្រ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​ចូល​​ទស្សនា​ការ​ប្រកួត​នៅ​​ចុង​ខែ​នេះ​។ អ្នក​ដំណើរ​ចេញពី​អង់គ្លេស​ទៅ​ប្រទេស​ក្នុង​បញ្ជី​បៃតង ត្រូវ​តែ​គោរព​តាមវិធានការ​របស់​រដ្ឋាភិបាល​អង់គ្លេស​មុន​ពេល​ចេញ​ដំណើរ ប៉ុន្តែ​ពេល​មក​អង់គ្លេស​វិញ ពួក​គេ​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ទេ​។

កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley នៅ​តែ​អាច​​ជា​ជម្រើស​មួយ​នៃ​ទីតាំង​ប្រកួត ប៉ុន្តែ​លុះ​ត្រា​តែ​មាន​ការ​ផ្លាស់ប្ដូរ​ជំហរ​ធំ​មួយ​របស់​រដ្ឋា​ភិបាល​អង់គ្លេស ដែល​មក​ទល់​ពេលនេះ​មិន​ត្រូវរ៉ូវ​លក្ខខណ្ឌ​ជាមួយ UEFA​។

UEFA ​គិតថា​ព័រទុយហ្គាល់​ផ្ដល់​ភាព​ងាយ​ស្រួល​ជាង​អង់គ្លេស​ក្នុង​ការអនុញ្ញាត​ឱ្យ​ចូល​ចំពោះក្រុមហ៊ុន​ឧបត្ថម្ភ​និង​ក្រុម​ហ៊ុន​ផ្សាយ​។ UEFA នឹង​ត្រូវ​សង​ជំងឺ​ចិត្ត​ដល់​ក្រុមហ៊ុន​ទាំង​នេះ​ប្រសិន​ពួក​គេ​មិន​អាច​ចូល​រួម​ការ​ប្រកួត​នោះ​បាន​ទេ​។

Porto ជា​ទីតាំង​សក្ដានុពល​មួយ​ដែល​ត្រូវបាន​លើក​ឡើង តែ Lisbon ដែល​បាន​​ទទួល​វគ្គផ្ដាច់ព្រ័ត្រ​ឆ្នាំ​មុន ក៏​ជា​លទ្ធភាព​មួយ​ដែរ​។

ក្រុម​អ្នកគាំទ្រ​ផ្លូវការ​របស់ Chelsea និង Man City និយាយ​ថា​ពួក​គេ​នឹង​ជួប UEFA ដើម្បីនិយាយ​អំពី​សំណើ​ជុំ​វិញ​​ការ​ផ្លាស់ប្ដូរ​ទីតាំង​ខាង​លើ​​៕