Skip to content
​កំពូល​កីឡាការិនីជប៉ុន​មិន​ច្បាស់​ថា​អូឡាំពិក​គួរ​កើត​ឡើង​ឬ​អត់​ ខណៈ​​កូវីដ​កំពុង​កើន​នៅ​តូក្យូ
    ទំព័រដើម  »  កីឡាជាតិ

​កំពូល​កីឡាការិនីជប៉ុន​មិន​ច្បាស់​ថា​អូឡាំពិក​គួរ​កើត​ឡើង​ឬ​អត់​ ខណៈ​​កូវីដ​កំពុង​កើន​នៅ​តូក្យូ

កំពូល​កីឡាការិនី​វាយ​កូន​បាល់​ជប៉ុន Naomi Osaka និយាយ​ថា​​​កម្រិត​កើន​ឡើង​នៃ​ករណី​កូវីដ​១៩​ក្នុង​ទីក្រុង​​តូក្យូ​ជា​ក្ដី​បារម្ភ​ធំ​មួយ ហើយ​នាង​មិន​ប្រាកដ​ក្នុង​ចិត្ត​ឡើយ​ថា​ព្រឹត្តិការណ៍​អូឡាំពិក​២០២០​គួរ​កើត​ឡើង​ឬ​អត់​​ក្នុង​រដូវ​ក្ដៅ​នេះ​។

តូក្យូ​កំពុង​ស្ថិត​ក្រោម​​ស្ថានភាព​ក្នុង​គ្រាអាសន្ន នៅ​ខណៈ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ រយៈ​ពេល​១០​សប្ដាហ៍​មុន​ដល់​ព្រឹត្តិការណ៍​អូឡាំពិក​ដែល​​គ្រោង​ធ្វើនៅ​ថ្ងៃ​ទី​២៣​ខែ​កក្កដា​ឆ្នាំ​២០២១ មួយ​ឆ្នាំ​ក្រោយ​លើក​ពេល​​ពី​កាល​បរិច្ឆេទ​ដើម​​។

Osaka ដែល​ជា​ជើង​ខ្លាំង​វាយ​កូន​បាល់​នារី​លំដាប់​ទី​២​ពិភពលោក​និង​មិន​ធ្លាប់​ប្រកួត​អូឡាំពិក​ទេ​នោះ និយាយ​ថា​៖ «ខ្ញុំ​ជា​អត្តពលិក​ម្នាក់ ដូច្នេះ​ពិត​ណាស់​ថា​គំនិត​ដែល​ខ្ញុំ​នឹក​ឃើញ​មុន​គេ​គឺ​ខ្ញុំ​ចង់​លេង​ក្នុង​​អូឡាំពិក​។ ប៉ុន្តែ​ក្នុង​នាម​​ជា​មនុស្សជាតិ​ម្នាក់ ខ្ញុំ​ចង់​និយាយ​ថា​ពួក​យើង​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​អាសន្នរោគ​រាតដ្បាត ហើយ​បើ​មនុស្ស​ជាតិ​មិន​មាន​សុខភាព​ល្អ, ពួក​គេ​គ្មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព អីចឹង​វា​ពិត​ជា​មូលហេតុ​ធំ​មួយ​​នៃ​​ក្ដី​បារម្ភ​​​​»។

នៅ​ពេល​ត្រូវ​បាន BBC សួរ​ថា​តើវា​សមស្រប​ឬ​ទេ​ក្នុង​ការ​រៀប​ចំ​អូឡាំពិក​អំឡុង​​​ការ​​រាតដ្បាត​សកល​​នេះ កីឡាការិនី​វ័យ​២៣​ឆ្នាំ​ដែល​ធ្លាប់​កាន់​កាប់​ចំណាត់ថ្នាក់​លេខ​១​ពិភពលោក​កាល​ដើម​ឆ្នាំ​២០១៩ តប​ថា​៖ «និយាយ​ដោយ​​ស្មោះ​ត្រង់ ខ្ញុំ​មិន​ប្រាកដ​ទេ​។ ខ្ញុំ​មិន​ដែល​បាន​លេង​អូឡាំពិក​ម្ដង​ណា​ឡើយ ដូច្នេះ​ខ្ញុំ​​មិន​ដឹង​ថា​ត្រូវ​ប្រៀបធៀប​នឹង​អ្វី​ឱ្យ​សម​។ ខ្ញុំ​ពិត​ជានឹង​មាន​អារម្មណ៍​ក្រៀមក្រំ​បន្តិច​ក្នុង​ការ​លេង​អូឡាំពិក​ក្នុង​កាលៈទេសៈ​នេះ ប៉ុន្តែ​នៅ​ចុង​បញ្ចប់ វា​ជា​កិត្តិយស​មួយ​ក្នុង​ការ​លេង​អូឡាំពិក​។ ហើយ​បើ​វា​ធ្វើ​ឱ្យ​មនុស្ស​មាន​សុខភាព​ល្អ ខ្ញុំ​នឹង​​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​បិទ​ទ្វារ​ដោយ​គ្មាន​ទស្សនិកជន​​»។

ដោយឡែក កំពូល​កីឡាការិនី​វាយ​កូន​បាល់​អាមេរិក Serena Williams ដែល​ជា​ជើងឯក Grand Slam ​២៣​ដង ​មិន​ទាន់​សម្រេច​ចិត្ត​នៅឡើយ​ទេ​ថា​នឹង​ចូល​រួម​ប្រកួត​​តូក្យូអូឡាំពិក​ឬទេ​។ កីឡាការិនី​វ័យ​៣៩​ឆ្នាំ​រូបនេះ​បាន​ឈ្នះ​មេដាយ​មាស​​អូឡាំពិក​វិញ្ញាសា​ឯកត្តជន​១​​គ្រឿង​និង​វិញ្ញាសា​​វាយ​គូ​៣​គ្រឿង តែ​កំពុង​រារែក​ក្នុងការ​ចំណាយ​ពេល​ឆ្ងាយពី​កូន​ស្រី​អាយុ​៣​ខួប​របស់​នាង​។​ Serena ​ត្រូវ​លេង Italy Open សប្ដាហ៍​នេះ​ ដែល​ជា​ការ​ត្រលប់មក​ទីលាន​ប្រកួត​វិញ​លើក​ដំបូង​តាំង​ពី​ពេល​ចាញ់​ជើងឯក​ Osaka ក្នុង​វគ្គ​ពាក់​​កណ្ដាល​ផ្ដាច់ព្រ័ត្រ Australian Open ​កាល​ខែ​កុម្ភៈ​​មក​។

តាមផែនការ តូក្យូ​អូឡាំពិក​នឹង​ដំណើរការ​ដោយ​គ្មាន​អ្នកគាំទ្រ​​មក​ពី​បរទេស ខណៈ​ការ​សម្រេច​ចិត្ត​ជុំ​វិញ​ថា​តើ​ឱ្យ​អ្នក​គាំទ្រ​ក្នុង​ស្រុក​ចូល​ទស្សនា​ការ​ប្រកួត​ឬ​ទេ​នោះ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិថុនា​៕