Skip to content
ចចាមអារ៉ាមប្រចាំថ្ងៃ៖ Mourinho ចុចឈ្មោះខ្សែការពារម្នាក់ឱ្យ Roma ទិញ
    ទំព័រដើម  »  កីឡាជាតិ

ចចាមអារ៉ាមប្រចាំថ្ងៃ៖ Mourinho ចុចឈ្មោះខ្សែការពារម្នាក់ឱ្យ Roma ទិញ

Roma ចូល​ខ្លួន​ប្រជែង​ Manchester United និង Arsenal ដើម្បី​ទិញ​ខ្សែ​ការពារ​កណ្ដាល​ជនជាតិ​អង់គ្លេស​ Ben White របស់ Brighton & Hove Albion តាម​ការ​ណែនាំ​របស់​លោក Jose Mourinho ដែល​នឹង​ចូល​បង្វឹក​ក្រុម​នេះ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ The Sun។ ខ្សែ​ការពារ​វ័យ​២៣​ឆ្នាំ​ដែល​អាច​លេង​ជា​ខ្សែ​បម្រើ​ការពារ​បាន​ដែរ​នេះ​​​មាន​តម្លៃ​ប្រមាណ​​៤៥​លាន​ផោន​។ White ​បាន​បង្ហាញភាព​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ពេល​២​​ឆ្នាំ​ចុង​ក្រោយ រួម​ទាំង​ពេល​លេង​ឱ្យ Leeds United លើ​កិច្ចសន្យា​ខ្ចី​រដូវកាល​មុន​ផង​ដែរ​។

សារព័ត៌មាន Express ក៏​រាយការណ៍​ទាក់ទង​នឹង​លោក Mourinho ដែរ​ថា​ចង់​​ធ្វើការ​ជា​ថ្មី​ជាមួយ​អ្នកចាំទី​អាហ្សង់ទីន Sergio Romero ពេល​លោក​ចូល​កាន់​តំណែង​នៅ Roma ជា​ផ្លូវការ​។ Romero ​វ័យ​៣៤​ឆ្នាំ​លែង​ស្ថិតក្នុង​​គម្រោង​របស់​លោក Ole Gunnar Solskjaer ទៅ​ហើយ​​ និង​មិន​ដែល​បាន​លេង​ឡើយ​ក្នុង​រដូវកាល​នេះ​។

ស្រប​គ្នា​នេះ The Sun ផ្សាយ​ថា Manchester United សម្លឹង​ឃើញ​អតីត​អ្នកចាំទី​របស់​ខ្លួន​​មួយ​រូប​គឺ Tom Heaton ​វ័យ​៣៥​ឆ្នាំ​ដែល​កំពុង​លេង​ឱ្យ Aston Villa ​ដើម្បី​​មក​ជំនួស​កៅអី Romero។

Telegraph រាយការណ៍​ថា Arsenal កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​បារាំង Moussa Dembele​។ កីឡាករ​វ័យ​២៤​ឆ្នាំ​កំពុង​លេង​ឱ្យ Atletico Madrid លើ​កិច្ចសន្យា​ខ្ចី​ពី Lyon​។

ស្រប​ពេល​លោក Thomas Tuchel កំពុង​ធ្វើ​បាន​យ៉ា​ងល្អ​ក្នុង​នាម​ជា​អ្នកចាត់ការ Chelsea តាំង​ពី​ចូល​ជំនួស​តំណែង​លោក Frank Lampard ​ចុង​ខែ​មករា​​មក ពេល​នេះ​ក្លិប​តោ​ខៀវ​ត្រៀម​ផ្ដល់​កិច្ចសន្យា​ថ្មី​៣​ឆ្នាំ​​នៅ​ដំណាច់​រដូវកាល​២០២០-២១​ដល់​អ្នក​ជំនាញ​តាក់ទិច​ជនជាតិ​អាល្លឺម៉ង់​រូបនេះ​​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ Daily Mail។ លោក Tuchel ​បាន​ចូល​កាន់​តួនាទីជា​អ្នកចាត់ការ Chelsea ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០២១ លើ​កិច្ចសន្យា​រយៈ​ពេល​១៨​ខែ អម​ដោយ​ជម្រើស​បន្លាយ​ថែម​១​ឆ្នាំទៀត​។

ពាក់ព័ន្ធ​នឹង Barcelona វិញ សារព័ត៌មាន Goal រាយការណ៍​ថា Barcelona ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ជាមួយ​ខ្សែ​ការពារ​កណ្ដាល​វ័យ​ក្មេង​ជម្រើសជាតិអេស្ប៉ាញ Eric Garcia ហើយ​។ កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​នឹង​ចេញ​ពី Manchester City ដោយ​គ្មាន​តម្លៃ​ផ្ទេរ​នៅ​ដំណាច់​រដូវកា​ល​នេះ ពេល​កិច្ចសន្យា​អស់សុពលភាព​។

Football Insider ចុះ​ផ្សាយ​ថា Manchester United នៅ​តែ​​បន្ត​ការ​ព្យាយាម​ដើម្បី​​ទិញ​ខ្សែ​ប្រយុទ្ធ​កណ្ដាល Harry Kane វ័យ​២៧​ឆ្នាំ របស់ Tottenham។

 Calciomercato រាយការណ៍​ថា​ ​ខ្សែ​ប្រយុទ្ធ​បារាំង​វ័យ​៣៤​​ឆ្នាំ Olivier Giroud ​របស់ Chelsea​ កំពុង​ស្ថិត​ក្នុង​រ៉ាដា​របស់​​​​ក្លិប​អ៊ីតាលី​ Inter Milan និង Lazio​។ សារព័ត៌មាន​ដដែល​នេះ​​​ផ្សាយ​ថា AC Milan ក៏​ចាប់​អារម្មណ៍​កីឡាករ​កំពុងលេង​ក្នុង Premier League ម្នាក់​ដែរ​ គឺ​ខ្សែការពារ​ស្លាបស្ដាំ​កូឌីវ័រ​វ័យ​២៨​ឆ្នាំ Serge Aurier ​របស់ Tottenham​។

Aurier នេះ​ក៏​ត្រូវ​បាន Real Madrid ​ចាប់អារម្មណ៍​ដែរ បើ​តាម​ការ​រាយការណ៍​របស់ Foot Mercato។

យោង​តាម AllFootball ខ្សែ​ការពារ​កណ្ដាល Aymeric Laporte ​របស់ Manchester City ទទួល​បាន​ការអនុញ្ញាត​ពី FIFA ដើម្បី​ប្ដូរ​ជម្រើស​ជាតិពី​បារាំង​មក​លេង​ឱ្យ​អេស្ប៉ាញ​វិញ​ហើយ​។ កីឡាករ​វ័យ​២៦​ឆ្នាំ​ដែល​កើត​នៅ​បារាំង​តែ​​ដុះដាល​​ក្នុង​ថ្នាល Athletic Bilbao ​ឡើង​ល្អ​នៅ​ក្លិប​អេស្ប៉ាញ​មួយ​នេះ​ពុំ​សូវ​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​លោក Didier Deschamps គ្រូ​បង្គោល​​ជម្រើស​ជាតិ​បារាំង​ទេ​។ ពីរបី​សប្ដាហ៍​មុន លោក Luis Enrique គ្រូ​បង្គោល​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ស្នើ​ទៅ​សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ​ដើម្បី​ឱ្យ​​ពិនិត្យ​លទ្ធភាព​កោះហៅ Laporte ចូល​ជម្រើស​ជាតិ​អេស្ប៉ាញ​។ ឥឡូវ​នេះ​មាន​ប្រភព​មួយ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ​បង្ហើប​ថា​ប្ដូរ​ជម្រើស​ជាតិ​បាន​​ជោគជ័យ​ហើយ​៕