Skip to content
Alisson ឧទ្ទិស​គ្រាប់​បាល់​ជូន​ឪពុក​ដែល​ស្លាប់​ដោយសារ​លង់​ទឹក ក្រោយ​តែត​ចូល​យ៉ាង​អស្ចារ្យ​ក្នុង​នាទី​៩៥
    ទំព័រដើម  »  កីឡាជាតិ

Alisson ឧទ្ទិស​គ្រាប់​បាល់​ជូន​ឪពុក​ដែល​ស្លាប់​ដោយសារ​លង់​ទឹក ក្រោយ​តែត​ចូល​យ៉ាង​អស្ចារ្យ​ក្នុង​នាទី​៩៥

មិន​មែន​​រាល់​ថ្ងៃ​ឡើយ​ដែល​អ្នក​ឃើញ​អ្នកចាំទី​រក​បាន​គ្រាប់​ជ័យជម្នះ​នៅ​ក្នុង​ម៉ោង​បន្ថែម​។ រឹត​តែ​ពិសេស​នៅ​​ក្នុង​ប្រវត្តិសាស្ត្រ​អាយុ​កាល​១២៩​ឆ្នាំ​របស់ Liverpool ​មិន​ធ្លាប់​មាន​ឡើយ​អ្នក​ចាំទី​ដែល​រក​បាន​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​ផ្លូវការ​សម្រាប់​ក្លិប​។

តែ​កាល​ពី​​យប់​ថ្ងៃ​អាទិត្យ​​ទី​១៦​ខែ​ឧសភា​ឆ្នាំ​២០២១ ក្នុង​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី​៣៦ អ្នកចាំទី​ Alisson Becker ​បាន​តែត​បញ្ចូល​ទី​បាល់​លើក​ចេញពី​ជ្រុង​ក្នុងនាទី​៩០+៥ ជួយ Liverpool ឈ្នះ​២-១​​នៅ​ទឹកដី West Bromwich Albion ដែល​បាន​រក្សា​ក្ដី​សង្ឃឹម​ប្រជែង​កៅអី Champions League ជា​បន្ត​ទៀត​សម្រាប់​ក្រុម​ហង្ស​ក្រហម​។

ទឹកភ្នែក​បាន​ហូរ​ស្រក់​ចុះ​នៅ​ទី​បញ្ចប់​នៃ​ការ​ប្រកួត​ អម​ដោយ​សញ្ញា​ចង្អុល​ទៅ​លើ​មេឃ និង​​​​មាន​រូប​កាយ​ពណ៌​ក្រហម​ច្រាល​ជា​ច្រើន​​លោត​មក​សង្កត់សង្កិន​លើ Alisson ជា​ការ​អបអរ ក្នុង​លក្ខណៈ​មួយ​ដែល​អ្នកចាត់ការ Jurgen Klopp ពណ៌​នា​ថា​ជា​«វេលា​ដ៏​វិសេសវិសាល»​។

Alisson ​បាន​ឧទ្ទិស​គ្រាប់​បាល់​ដ៏​ពិសេស​នេះ​ជូន​​ឪពុក​របស់​គេ​ Jose Agostinho Becker ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​វ័យ​៥៧​ឆ្នាំ​កាល​ពី​ខែ​កុម្ភៈ​កន្លងទៅ​ដោយសារ​លង់ទឹក​​​​​​ទំនប់​វារី​អគ្គិសនី​មួយ​នៅ​ក្បែរ​​ផ្ទះ​លម្ហែ​របស់​គេ​នៅ Lavras do Sul ​​ក្នុង​ប្រទេស​ប្រេស៊ីល​​។

ក្នុង​ប្រកួត​យប់មិញ​​នេះ West Brom ដែល​ធ្លាក់​ទៅ Championship ដោយ​ស្វ័យ​ប្រវត្តិ​ទៅហើយ​នោះ បាន​​បើក​ការ​នាំ​មុខ​​មុន​ក្នុងនាទី​១៥​​ដោយ Hal Robson-Kanu។ នៅ​វគ្គ​ទី​២ Mohamed Salah បាន​តាម​ស្មើ​ឱ្យ​ហង្ស​ក្រហម​ក្នុងនាទី​៣៣​។ ការ​ព្យាយាម​រក​ជ័យជម្នះ​ដើម្បី​បន្ត​​ក្ដី​សង្ឃឹម​ប្រជែង​ចំណាត់​ថ្នាក់​ Top 4 បាន​ជំរុញ​ឱ្យ Liverpool ​ប្រឹង​សម្រុក ហើយ​​នៅ​ក្នុង​នាទី​បន្ថែម​បង្គ្រប់​​៩០+៥​ Alisson បាន​ចោល​​ទី​របស់​ខ្លួន​ដើម្បី​ឡើង​ទៅ​ជួយ​ប្រយុទ្ធ​ពេល​ក្រុម​ហង្ស​ក្រហម​ទទួល​បាន​បាល់​​ជ្រុង​។ ​ខ្សែ​ការពារ​ស្លាប​ស្ដាំ​ Trent Alexander-Arnold​ លើក​បាល់​ចេញ​ពី​ជ្រុង​ខាង​ឆ្វេង​យ៉ាង​ល្អ ហើយ Alisson តែត​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​យក​៣​ពិន្ទុ​ឱ្យ Liverpool។

អតីត​អ្នកចាំទី Internacional និង Roma ​និយាយ​ក្នុង​សម្ភាសន៍​ក្រោយ​ការ​ប្រកួត​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា​លោក​ប៉ា​បានឃើញ​គ្រាប់​បាល់​មួយ​នេះ​។ ខ្ញុំ​ប្រាកដ​ថា​គាត់​កំពុង​​អបអរ​គ្រាប់​បាល់​នេះ​ជាមួយព្រះ​ជាម្ចាស់​នៅ​ឋាន​របស់​គាត់។ ខ្ញុំ​ពិត​ជា​ក្ដុកក្ដួល​ខ្លាំង​ណាស់​​ចំពោះ​អ្វី​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​និង​ចំពោះ​គ្រួសារ​របស់​ខ្ញុំ​។ ប៉ុន្តែ​បាល់ទាត់​ជាជីវិត​ខ្ញុំ​។ ខ្ញុំ​លេង​បាល់​តាំង​ពី​ខ្ញុំ​ចាប់​ផ្ដើម​ចាំ​មុខ​ប៉ា​របស់​ខ្ញុំ​ម្ល៉េះ»។

Alisson ពេលនេះ​ក្លាយ​ជា​អ្នកចាំទី​ទី​៦​ដែល​រក​បាន​គ្រាប់​បាល់​ក្នុង Premier League តែ​​ជា​អ្នកចាំទី​ដំបូង​ដែល​រក​បាន​គ្រាប់បាល់​ដោយ​ការ​តែត​។

Liverpool ពេលនេះ​មាន​៦៣​ពិន្ទុ​ពី​៣៦​ប្រកួត ស្ថិត​នៅ​លេខ​រៀង​ទី​៥ នៅ​ក្រោម​ក្រុម​លេខ​៤ Chelsea ​ចំនួន​១​ពិន្ទុ​ប៉ុណ្ណោះ និង​នៅ​ក្រោម​ក្រុម​លេខ​៣ Leicester City ចំនួន​៣​ពិន្ទុ​។

២​ប្រកួត​ចុង​ក្រោយ Liverpool ​ត្រូវ​លេង​នៅ​ទឹកដី Burnley ថ្ងៃ​​ពុធ​ទី​១៩​ខែ​ឧសភា និង​បិទ​រដូវកាល​នៅ Anfield ទល់ Crystal Palace ​ថ្ងៃ​ទី​២៣​ខែ​ដដែល​នេះ​៕