Skip to content
Suarez ស៊ុត​ចុង​ម៉ោង​ឱ្យ Atletico ​បន្ត​ក្ដោប​កំពូល​តារាង ខណៈ Nacho រក​​គ្រាប់​ឱ្យ Real បន្ត​ប្រដេញ
    ទំព័រដើម  »  កីឡាជាតិ

Suarez ស៊ុត​ចុង​ម៉ោង​ឱ្យ Atletico ​បន្ត​ក្ដោប​កំពូល​តារាង ខណៈ Nacho រក​​គ្រាប់​ឱ្យ Real បន្ត​ប្រដេញ

Atletico Madrid បន្ត​ក្ដោបក្ដាប់​កំពូល​តារាង La Liga ​ដែល​នៅ​សល់​១​សប្ដាហ៍​ប្រកួត​ទៀត​ប៉ុណ្ណោះ បន្ទាប់​ពី Luis Suarez រក​បានគ្រាប់​ជ័យជម្នះ​យ៉ាង​រំភើប​​នៅ​ក្នុងនាទី​៨៨ ដើម្បី​ផ្ដួល Osasuna ២-១ និង​រក្សា​គម្លាត​នាំ​មុខ​២​ពិន្ទុ​លើ​គូ​ប្រជែង​រួម​ក្រុង Real Madrid ដែល​នៅ​តែ​បន្ត​ប្រដេញ​ដល់​ទី​បញ្ចប់ ក្រោយ​ឈ្នះ​១-០​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​​នៅ​ផ្ទះ Athletic Bilbao តាម​រយៈ​គ្រាប់​របស់ Nacho ក្នុង​នាទី​៦៨​។

យប់មិញ​នេះ ម្ចាស់​ផ្ទះ Atletico ​ត្រូវ​បាន​ភ្ញៀវ​ Osasuna ដែល​ជា​ក្រុមពាក់​កណ្ដាល​តារាង នាំ​មុខមុន​ក្នុងនាទី​៧៥​។

ប៉ុន្តែ​៧​នាទី​បន្ទាប់ Renan Lodi ដែល​បាន​ប្ដូរ​ចូល ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​ឱ្យ​ក្រុម​លោក Diego Simeone។ ៦​នាទី​បន្ទាប់​មក​ទៀត ពោល​គឺ​នៅ​នាទី​៨៨ Yannick Carrasco បញ្ជូល​បាល់​កាត់​មក​ក្រោយ​​ឱ្យ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Suarez ទាត់​បញ្ចូល​​យក​៣​ពិន្ទុ​យ៉ាង​រំភើប​។

Atletico ពេលនេះ​ខិត​កាន់​តែ​កៀក​មែនទែន​ហើយ​នឹង​ការ​ឈ្នះ​ពាន La Liga លើក​ដំបូង​តាំ​ងពី​ឆ្នាំ​២០១៤ ដ្បិត​ពួក​គេ​មាន​៨៣​ពិន្ទុ​ពី​៣៧​ប្រកួត ច្រើន​ជាង​២​ពិន្ទុ​​លើ​គូ​ប្រជែង​តែ​មួយ​គត់​ដែល​នៅ​សល់ គឺ Real Madrid។ ចំណែក Real មាន​៨១​ពិន្ទុ​​។

នៅ​ថ្ងៃ​ប្រកួតបញ្ចប់​រដូវកាល គឺ​ថ្ងៃ​ទី​២៥​ខែ​ឧសភា Atletico ត្រូវ​លេង​នៅ​ទឹកដី​ក្រុមលេខ​១៩ Real Valladolid ដែល​​ក៏​ត្រូវ​ការ​ឈ្នះ​​ដែរ​ដើម្បី​អ៊ុត​ក្ដី​សង្ឃឹម​នៅ​លីគ​កំពូល​បន្ត​ទៀត​​។ ខណៈ Real ​ត្រូវ​ទទួល Villarreal​៕