Skip to content
Zidane បដិសេធ​​ការ​លេច​ឮ​​ថា​លោក​បាន​ប្រាប់​កីឡាករ Real ​ថា​លោក​នឹង​ចាកចេញ
    ទំព័រដើម  »  កីឡាជាតិ

Zidane បដិសេធ​​ការ​លេច​ឮ​​ថា​លោក​បាន​ប្រាប់​កីឡាករ Real ​ថា​លោក​នឹង​ចាកចេញ

អ្នកចាត់ការ Real Madrid លោក Zinedine Zidane បាន​បដិសេធ​ការ​ចុះផ្សាយ​ដែល​ថា​លោក​បាន​ប្រាប់​កីឡាករ​របស់​លោក​ថា​លោកនឹង​ចេញ​ពី​ក្លិប​យក្ស​អេស្ប៉ាញ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ផ្សាយ​ថា​លោក Zidane ​បាន​ប្រាប់​កីឡាករ Real សប្ដាហ៍​មុន​ថា​លោក​នឹង​​ចាកចេញ​ពី​ក្លិប​នៅ​ដំណាច់​រដូវកាល​២០២០-២១​នេះ​។

តែ​ក្រោយ​ការ​ប្រកួត​ដែល Real ឈ្នះ Athletic Bilbao ១-០​យប់​ថ្ងៃ​អាទិត្យ លោក Zidane ​​បកស្រាយ​ថា​ក្រុម​របស់​លោក​កំពុង​ផ្ដោត​លើ​ការ​ប្រជែង​ជើងឯក La Liga ដូច្នេះ​មាន​រឿង​អ្វី​ដែល​លោក​ទៅ​និយាយ​រឿង​ចេញពី​ក្លិប​នៅ​ខណៈ​នេះ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទឹក​ចិត្ត​កីឡាករ​ទៅ​កើត?

អ្នកចាត់ការ​ជនជាតិ​បារាំង​បញ្ជាក់​ថា​​៖ «តើ​ខ្ញុំ​​អាច​ប្រាប់​កីឡាករ​ពេលនេះ​​ថា​ខ្ញុំ​នឹង​ចាកចេញ​ដោយ​របៀប​ណា​ទៅ? ពួក​យើង​កំពុង​ផ្ដល់​គ្រប់​យ៉ាង​ដែល​យើង​មាន​ដើម្បី​ប្រជែង​ជើងឯក ហើយ​សុខ​ៗ​ស្រាប់​តែ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​នឹង​ចាកចេញ? មនុស្សនៅ​ក្រៅ​ក្លិប​អាច​និយាយ​អ្វី​ដែល​ពួក​គេ​ចង់​និយាយ ប៉ុន្តែ​ខ្ញុំ​នឹង​គ្មាន​ថ្ងៃ​និយាយ​បែប​នេះ​ទៅ​កាន់​កីឡាករ​របស់​ខ្ញុំ​ឡើយ»​។

តែ​ទន្ទឹម​នឹង​នេះ លោក Zidane និយាយ​ថា​៖ «នៅ​ដំណាច់​រដូវកាល ពួក​យើង​នឹង​ឃើញ​ថា​មានអ្វី​កើត​ឡើង ប៉ុន្តែ​ពេលនេះ​ពួក​យើង​កំពុង​ផ្ដោត​លើ​ការ​ប្រកួត​ចុងក្រោយ​របស់​យើង​។ ពួក​យើង​មិន​អាច​​និយាយ​តែ​អំពី​អនាគត​របស់​ខ្ញុំ​គ្រប់​ពេល​ទេ​។ ការ​ប្រកួត​ចុង​ក្រោយ​ប្រចាំ​រដូវ​កាល​គឺ​សំខាន់​ជាង​នេះ​ឆ្ងាយ​ណាស់​»។

Real កំពុង​ដេញពី​ក្រោយ Atletico Madrid ចំនួន​២​ពិន្ទុ ហើយ​ប្រកួត​ចុង​ក្រោយ​នា​ថ្ងៃ​ទី​២៥​ខែ​ឧសភា Real ​​​ត្រូវ​ទទួល Villarreal ស្រប​ពេល Atletico ​​ត្រូវ​លេង​នៅ​ទឹកដី Real Valladolid​។

លោក Zidane វ័យ​៤៨​ឆ្នាំ កំពុង​​បង្វឹក​ Real ជា​លើក​​ទី​២ បន្ទាប់​ពី​ដឹកនាំ​លើក​ទី​១​ឈ្នះ​ Champions League ៣​រដូវកាល​ជាប់​គ្នា​រវាង​ឆ្នាំ​២០១៦​ដល់​២០១៨​៕