ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញការចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងផ្តល់សេវាគាប់ចិត្ត

(ឧត្តរមានជ័យ)៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា កិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លី មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូន និងមានប្រសិទ្ធភាព។ ការចុះបញ្ជីដីធ្លី គឺជាការបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដែលកត្តានេះពិតជានឹងអាចកាត់បន្ថយភាពក្រីក្រដែលជាគោលដៅក្នុងគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យឱ្យគិតគូរអំពីការរៀបចំប្លង់គោល ការរៀបចំក្រុង ផ្ទះសម្បែង ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើជើង និងលំហសាធារណៈស្របតាមសក្តានុពលរបស់ខេត្ត ដើម្បីអភិវឌ្ឍន៍ខេត្តនេះឱ្យក្លាយជាទីកន្លែងដែលមានបរិយាកាសប្រកបដោយផាសុកភាព និងសុខមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម បានលើកឡើងអំពីសេវាគាប់ចិត្តដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិត ។

មិនតែប៉ុណ្ណោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការងារជាយុទ្ធសាស្ត្ររបស់ក្រសួងជូនដល់មន្ត្រី និងរដ្ឋបាលស្រុកក៏ដូចជារដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចូលរួមពង្រឹងកិច្ចសហការ ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងអោយបានល្អ ដោយត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តតាមគោលនយោបាយ និងកិច្ចសហការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ ដើម្បីជម្រុញការងារចុះបញ្ជីដីធ្លីរួមមាន ម៉ាស៊ីនវាស់វែង ១០គ្រឿងផ្ដល់ជូនដោយប្រើប្រាស់ថវិកាក្នុងគម្រោងLASED III, កុំព្យូទ័រ Desktop ១២គ្រឿង , កុំព្យូទ័រ Laptop ៨គ្រឿង, ម៉ាស៊ីនព្រីនធ័រ A4 ចំនួន ៦គ្រឿង, ម៉ាស៊ីនព្រីនធ័រ A3 ចំនួន ២គ្រឿង, ម៉ាស៊ីនព្រីនធ័រ HP ចំនួន ២គ្រឿង, ម៉ាស៊ីនស្គេន ៦គ្រឿង, និង EXTERNAL HDD ៨គ្រឿង។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងក្នុងនាមគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តឧត្តរមានជ័យ ប្ដេជ្ញាខិតខំអនុវត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានលឿន និងមានប្រសិទ្ធភាពក្នុងគោលដៅជំរុញការចុះបញ្ជីឱ្យបានតាមផែនការដែលក្រសួងរៀបចំដែនដីកំណត់ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានជំរុញឱ្យពន្លឿនការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្ដល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស សំដៅធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។

ឯកឧត្តមបានឱ្យដឹងថា នៅទូទាំងខេត្តឧត្តរមានជ័យ មានក្បាលដីប៉ាន់ស្មានសរុបប្រមា ណ ១៨ម៉ឺនក្បាលដី បានជំរុញការចុះបញ្ជីដីរយៈពេល ២ឆ្នាំ (២០២៤-២០២៥) មានចំនួន ១២២៦០០ក្បាលដី ដោយបានចុះបញ្ជីចេញបណ្ណកម្មសិទ្ធិរួចសរុប ៥៤៤៤៥បណ្ណ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner