ពិភពលោកចំណាយខ្ពស់បំផុតមិនធ្លាប់មានលើវិស័យយោធា សន្តិភាពរងហានិភ័យ

ស្តុកខុល៖ ក្រុមអ្នកស្រាវជ្រាវ នៅថ្ងៃចន្ទនេះ និយាយថា ការចំណាយលើវិស័យយោធាសកល បានកើនឡើងខ្លាំងបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍គិតត្រឹមក្នុងឆ្នាំ២០២៣ មានទឹកប្រាក់ទំហំ ២.៤ទ្រីលានដុល្លារ ដោយសារសង្រ្គាម និងការកើនឡើងភាពតានតឹងទូទាំងពិភពលោក។

ការចំណាយលើវិស័យយោធាបានកើនឡើងខ្លាំងនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ថា (SIPRI)។

លោក Nan Tian អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន SIPRI បានគូសបញ្ជាក់ថា ការចំណាយលើវិស័យយោធាសរុប គឺកើនឡើងខ្ពស់ស្ទើរគ្រប់ពេលវេលា… ហើយជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩… យើងបានមើលឃើញកំណើនចំណាយនៅទូទាំងតំបន់ភូមិសាស្រ្តទាំង៥។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការចំណាយផ្នែកយោធាបានកើនឡើងចំនួន ៦.៨ភាគរយក្នុងឆ្នាំ២០២៣ ដែលនេះជាការកើនឡើងខ្លាំងបំផុតពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០០៩។ លោក Tian បានអះអាងថា ការកើនឡើងនេះ ឆ្លុះបញ្ចាំងពីការធ្លាក់ចុះសន្តិភាព និងសន្តិសុខនៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត គឺជាអ្នកចំណាយច្រើនជាងគេទាំង៥ ទៅលើវិស័យយោធា។ សហរដ្ឋអាមេរិកបានបង្កើនការចំណាយលើវិស័យយោធាចំនួន ២.៣ភាគរយ ដល់ ៩១៦ពាន់លានដុល្លារ។ ចិនបានបង្កើនការចំណាយលើវិស័យយោធាដល់ ២៩៦ពាន់លានដុល្លារ។

រុស្ស៊ីបានបង្កើនការចំណាយលើវិស័យយោធាចំនួន ២៤ភាគរយ ដល់ ១០៩ពាន់លានដុល្លារ។ ឥណ្ឌាបានបង្កើនការចំណាយលើវិស័យយោធាចំនួន ៤.៣ភាគរយ ដល់ ៨៣.៦ពាន់លានដុល្លារ។ អារ៉ាប៊ីសាអូឌីតបានបង្កើនការចំណាយលើវិស័យយោធាចំនួន ៤.៣ភាគរយ ដល់ ៧៥.៨ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner