សប្បុរសជន ៧ក្រុម ឧបត្ថម្ភកាកបាទក្រហមកម្ពុជា អបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកា និងសម្ភារៈ ពីសប្បុរសជនចំនួន ៧ក្រុម ដែលអញ្ជើញនាំយកថវិកា និងសម្ភារៈទាំងនោះ មកផ្តល់ជូននៅទីស្នាក់ការណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលសមានទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា បានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងជួយសម្រាលការលំបាកជូនបងប្អូនប្រជាជនងាយរងគ្រោះបំផុតឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតអគ្គហេរញ្ញិក បានជម្រាបជូនផងដែរអំពី ការប្រើប្រាស់មូលនិធិរបស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំកន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្ដូងទឹកស្អាត ការសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា រួមជាមួយការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ជូនអ្នកងាយរងគ្រោះបំផុត ដើម្បីពួកគាត់យកទៅប្រកបរបរអាជីវកម្មផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ផ្តល់ថវិកាជារៀងរាល់ឆ្នាំចំនួន១លានដុល្លារអាម៉េរិកជូនមូលនិធិគន្ធបុប្ផា និងថវិកាមួយចំនួនទៀតជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបផងដែរ។ បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ជាស្បៀង និងទេយ្យទាន១ចំនួន ប្រគេនព្រះសង្ឃ ដើម្បីទ្រទ្រង់ដល់សមណៈសិស្សដែលកំពុងបំពេញវិជ្ជានៅតាមពុទ្ធិកសិក្សានានាផងដែរ។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ផងដែរថា៖ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត បានប្រមាណ៩ម៉ឺន៩ពាន់២២២គ្រួសារ។ ហើយនៅដើមឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់អំណោយមនុស្សធម៌ ជាបន្តបន្ទាប់ ជូនអង្គការនិងសមាគម ចំនួន៦ ដែលក្នុងនោះមាន អង្គការសង្គ្រោះជនអស់សង្ឃឹម, អង្គការលើកស្ទួយប្រជាពលរដ្ឋ, មជ្ឈមណ្ឌលអប់រំកែប្រែទី២, បុរីទារកនិងកុមារជាតិ, សមាគមតន្ត្រីសំនៀងជនពិការ និងអង្គការផ្ទះបាយកុមារ ដែលមានអ្នកទទួលផលរាប់ពាន់នាក់ផងដែរ។

សូមបញ្ជាក់ថា សប្បុរសជនទាំង៧ក្រុម ដែលនាំយកថវិកា និងសម្ភារៈ មកជូនកាកបាទក្រហមកម្ពុជា នាថ្ងៃនេះរួមមាន៖
ក្រុមទី១៖ អាជ្ញាធរអគ្គីសនីកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១២០លានរៀល ដែលគណៈប្រតិភូដឹកនាំដោយឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជា។ សម្រាប់អាជ្ញាធរអគ្គីសនីកម្ពុជា បានឧបត្ថម្ភ គាំទ្រដល់កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០១០ដល់ឆ្នាំ២០២៤ សរុបចំនួន១៥លើក និងសរុបថវិកាចំនួន ៤៨០លានរៀល និង៣០ម៉ឺនដុល្លារអាម៉េរិក។

ក្រុមទី២ ៖ ក្រុមហ៊ុនកម្ពុជាតេលា បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក។ សម្រាប់ ក្រុមហ៊ុនកម្ពុជាតេលា បានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០០៦ដល់ឆ្នាំ២០២៤ សរុបចំនួន ១៩លើក និងសរុបថវិកាចំនួន ១,០០០លានរៀល និង១លាន ៤សែន ៣ម៉ឺនដុល្លារអាម៉េរិក។

ក្រុមទី៣៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) បានឧបត្ថម្ភថវិកាចំនួន ៥០លានរៀល ដែលគណៈប្រតិភូដឹកនាំដោយលោកស្រី នួន បូរ៉ានី ប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ។ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០០៥ដល់ឆ្នាំ២០២៤ សរុបចំនួន១៨លើក និងសរុបថវិកាចំនួន ១៨៥លានរៀល និង១១ម៉ឺន ១០០០ដុល្លារអាម៉េរិក។

ក្រុមទី៤៖ ក្រុមហ៊ុនស្រាបៀហ្គេនប៊ឺក បានផ្តល់រថយន្ត Fort Ranger XL 2024 ១គ្រឿង និងមួកសុវត្ថិភាព១០០០មួក។ ក្រុមហ៊ុនស្រាបៀហ្គេនប៊ឺក បានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០១៤ដល់ឆ្នាំ២០២៤ សរុបចំនួន ៧លើក និងសរុបមានថវិកាចំនួន ៤ម៉ឺនដុល្លារអាម៉េរិក រថយន្ត Fort Ranger ៦គ្រឿង មួកសុវត្ថិភាពចំនួន៣៥០០ និងអង្ករ៥០តោន។

ក្រុមទី៥ ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារអាម៉េរិក ដែលគណៈប្រតិភូដឹកនាំដោយ លោកជំទាវ លៀក យុគ ភរិយាឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧត្តុនិយម។ ក្រសួងធនធានទឹក និងឧត្តុនិយម បានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០០១ដល់ ឆ្នាំ២០២៤នេះ សរុបចំនួន១៨លើក និងសរុបថវិកាចំនួន ២៧ម៉ឺន ៦ពាន់ដុល្លារអាម៉េរិក និង ១លានរៀល។

ក្រុមទី៦៖ មន្ទីរពេទ្យព្រះអង្គឌួង បានឧបត្ថម្ភថវិកា ២០លានរៀល និងឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ឧបត្ថម្ភថវិកា ២០លានរៀល ដែលគណៈប្រតិភូដឹកនាំដោយលោក នង ម៉ានិត នាយករងមន្ទីរពេទ្យព្រះអង្គឌួង។

និងក្រុមទី៧៖ ធនាគារជាតិនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១៥០លានរៀល ដែលគណៈប្រតិភូដឹកនាំដោយលោក
លី ប៊ុនសោម អគ្គលេខាធិការរងទី១។ ធនាគារជាតិនៃកម្ពុជា បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា សរុបចំនួន ២៥លើក និងសរុបថវិកាចំនួន ១៧១លានរៀល និង៩ម៉ឺន ៥ពាន់ដុល្លារអាម៉េរិក។

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner