សម្ដេចតេជោ ហ៊ុន សែន៖ បាល់ទាត់សបប្បុរសធម៌ បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ការប្រកួតបាល់ទាត់សប្បុរសធម៌ នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នុងចំណោមជនរួមជាតិ។

តាមរយៈហ្វេសប៊ុកផ្ទាល់នាយប់ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា បាល់ទាត់សប្បុរសធម៌នៅស្តាតអូឡាំពិក បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នងចំណោមជនរួមជាតិយើង។

សម្ដេចតេជោ បានថ្លែងអរគុណដល់ក្រុមបាល់ទាត់ទាំង៤ក្រុម ដែលចូលរួមប្រកួត សិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបំរើការងារទាំងអស់ ពិសេសសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់គ្រប់ប្រភេទ និងអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋានទាំងមើលការផ្សាយផ្ទាល់។

ជាមួយគ្នានេះដែរ សម្ដេច ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃទី១ ខែឧសភា ២០២៤ មានប្រាក់រៀល៦០៥,000,000រៀលជាដុល្លារ៤,៨៥០,០០០ដុល្លារ។ សរុបគិតជាប្រាក់ដុល្លារចំនួន(5,001,250)។

សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ជាថ្មីម្ដងទៀតថា ថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ 500,000$ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន 300,000$ គ្រួសារយុទ្ធជនពលី២០គ្រួសារ 200,000$ សរុប 1,000,000$។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងទទួលបាន 4,001,250$ជាបណ្តោះអាសន្ន និងប្រសិនជាទទួលបានបន្ថែមទៀត ក៏នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធផលចុងក្រោយរបស់យើង គឺជីវិត សុខភាព និងស្នាមញញឹមរបស់កុមារ ។

សូមជម្រាបដែរថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំការប្រកួតដោយផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) ជាមួយក្រុមបាល់ទាត់ Kun Khmer All Stars នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដោយក្នុងនោះ ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) បានប្រកួតឈ្នះក្រុមបាល់ទាត់ Kun Khmer All Stars ក្នុងលទ្ធផល ២ទល់នឹង ០ ខណៈដែលការប្រកួតសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មានក្រុមចំនួន៤ ចូលរួម ដូចជា៖ ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) , ក្រុមបាល់ទាត់ Kun Khmer All Stars, ក្រុមបាល់ទាត់បាល់ទះខ្មែរ, និងក្រុមបាល់ទាត់ វីឡុកឺ (Vigoger All Stars) ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner