សហព័ន្ធប្រដាល់គុនខ្មែរ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ រៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់សប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ ៖ ក្រោយការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមការដឹកនាំដោយផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាក្រកម្ពុជា បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងការគាំទ្រយ៉ាងផុលផុសពីមហាជន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បានរៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់គុនខ្មែរអលស្តារ និងក្រុមតារាកម្ពុជាកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានសម្ដែងនូវក្តីសប្បាយរីករាយជាខ្លាំង ដែលការប្រកួតសប្បុរសធម៌កាលពីថ្ងៃទី១ ឧសភា ២០២៤ នេះមានការគាំទ្រច្រើនពីមហាជន និងមានការចូលរួមទស្សនារាប់ម៉ឺននាក់ ហើយថវិកាដែលប្រមូលបានគឺយកទៅជួយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់យកទៅសង្គ្រោះជីវិតកុមារកម្ពុជាបានរាប់ម៉ឺន រាប់លាននាក់បន្តទៀត និងជួយការងារសប្បុរសធម៌ផ្សេងទៀតផងដែរ ។
ចំណែកលោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមកីឡាបាល់ទាត់Tiffy Army FC បានថ្លែងថា លោករីករាយចំពោះការប្រកួតសប្បុរសធម៌ដែលដឹកនាំដោយផ្ទាល់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាក្រកម្ពុជា ។ នេះជាក្ដីស្រមៃរបស់លោកពីមុនមក គឺចង់ឲ្យមានការប្រកួតបែបសប្បុរសធម៌ទាំងនេះកើតឡើង ឥលូវនេះបានសម្រេចផងដែរ ។ ការប្រកួតនេះបានបណ្ដុះទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឲ្យយល់ពីតម្លៃនៃជីវិត ចេះជួយសន្ដោសប្រណីគ្នា ស្រឡាញ់គ្នា ដែលទាំងនេះគឺតាមលំនាំនៃពុទ្ធសាសនាផងដែរ ។ មានតែសន្តិភាពផ្លូវចិត្ត ការចេះជួយគ្នា ស្រឡាញ់រាប់អានគ្នានេះទេដែលជាផ្លូវត្រឹមត្រូវក្នុងជីវិតមនុស្ស ព្រោះអ្វីៗដែលមានសព្វថ្ងៃ គឺមិនមែនជារបស់ម្នាក់ៗជារៀងរហូតនោះទេ ពោលវានឹងបាត់បង់ ឬមិនអាចយកទៅជាមួយនរណាឡើយនៅពេលដែលស្លាប់ទៅ ។
សូមរំលឹកដែរថា ការប្រកួតសប្បុរសធម៌ដ៏ធំមួយបានបញ្ចប់ទៅកាលពីថ្ងៃទី១ ខែឧសភា នៅពហុកីឡដ្ឋានជាតិ ដោយមាន៤ក្រុមចូលរួមប្រកួត ក្នុងនោះមាន S&E AllSTAR ប៉ះ Vloger Allstars និងគូទី២ គុនខ្មែរអលស្តារ ប៉ះ ក្រុមតារាកម្ពុជា ។ ថវិកាដែលប្រមូលបានពីសប្បុរសជនខ្ទង់ប្រមាណជាង៥លានដុល្លារអាមេរិក៕
ដោយ:គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner