ពលរដ្ឋបង្ហោះរូបភាពភ្លៀងធ្លាក់ និងស្វាគមន៍ភ្លៀងធ្លាក់នៅស្រុកភូមិរបស់ខ្លួន ក្រោយអាកាសធាតុក្តៅខ្លាំង និងខកខានភ្លៀងច្រើនខែមក

(ភ្នំពេញ)៖ បន្ទាប់ពីខកខានភ្លៀងច្រើនខែ រួមជាមួយនឹងអាកាសធាតុក្តៅខ្លាំង ហើយចាប់ពីចុង ខែ មេសា មក និង ពិសេស នៅដើម ខែ ឧសភា នេះភ្លៀងចាប់ផ្តើមធ្លាក់តាមតំបន់មួយចំនួននោះគេឃើញតាមបណ្តាញសង្គម ពលរដ្ឋបានធ្វើការបង្ហោះទិដ្ឋភាពភ្លៀងធ្លាក់នៅតាមស្រុកភូមិដែលខ្លួនរស់នៅ។

ការភ្លៀងធ្លាក់ជាថ្មីនៅពេលនេះប្រៀបដូចបានទទួលកាដូពិសេសអ្វីមួយពីធម្មជាតិ។ពលរដ្ឋជាច្រើនកំពុងរង់ចាំទឹកភ្លៀង និងមិនថាមនុស្សទេសូម្បីតែសត្វ រុក្ខជាតិក៏កំពុងរង់ចាំទឹកភ្លៀងដើម្បីជីវិតរស់ដូចគ្នា។វត្តមានភ្លៀងធ្លាក់ត្រូវបានគេសង្ឃឹមថា នឹងជួយកាត់បន្ថយកំដៅដែលចេះតែក្តៅឡើងរហូតស្ទើរទ្រាំពុំបាន ។

គួរបញ្ជាក់ថាអស់រយៈពេលជាច្រើនខែមកហើយ អាកាសធាតុក្តៅខ្លាំងកំពុងដុតកំឡោចនៅប្រទេសមួយចំនួនដូចជាកម្ពុជាឡាវថៃភូមាជាដើម។ប្រទេសទាំងអស់នេះកំពុងរងគ្រោះជាមួយនឹងរលកកម្តៅកាន់តែក្តៅខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចាប់តាំងតែពីដើម ខែឧសភា មកពិសេសនៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ដែលមានភ្លៀងធ្លាក់ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមិនត្រឹមតែបង្ហាញក្តីសប្បាយរីករាយទេ តែពិសេសនៅមានការបង្ហោះតាមបណ្តាញសង្គមព្រោងព្រាតដូចជាថា នៅភូមិ ឃុំ ឬ ស្រុកខ្ញុំភ្លៀងធ្លាក់ហើយ!! ខ្លះថា ទេវតាប្រទានទឹកភ្លៀងហើយ និងខ្លះទៀតថា ស្វាគមន៍យ៉ាងកក់ក្តៅស្រុកភូមិខ្ញុំភ្លៀងជាដើម។

ដូចជាម្ចាស់អាខោនហ្វេសប៊ុក តាវ សៀវលៀង និងអាខោហ្វេសប៊ុក Sophal Chan នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញពីតំណក់ទឹកភ្លៀងកំពុងធ្លាក់នៅតំបន់ផ្សារស្លាបលែង ស្ថិតនៅក្នុងឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្រៅពីនេះម្ចាស់ អាខោនសែមរឿន ផេកតន្រ្តីសម័យថ្មី និងអាខោនហ្វេសប៊ុកមួយចំនួនទៀតក៏បានបង្ហាញទឹកភ្លៀងចាប់ផ្តើមធ្លាក់។

សម្រាប់អ្នករស់នៅជាយរាជធានីភ្នំពេញ និងតំបន់ខេត្តកណ្តាល ខេត្តក្រចេះ ក៏ឃើញមានបណ្តាពលរដ្ឋបង្ហោះពីរូបភាពទឹកភ្លៀងបានធ្លាក់លើកដំបូងនៅទីកន្លែងពួកគាត់រស់នៅទៀតផង។

ក្រៅពីបង្ហោះរូបភាពភ្លៀងចាប់ផ្តើមធ្លាក់ដោយក្តីអំណរនេះគេឃើញអ្នកលេងបណ្តា្ញសង្គមមួយចំនួនក៏បានបង្ហោះទឹកភ្លៀង និងទិដ្ឋភាពនារដូវវស្សាដែលពួកគេចង់បានដូចកាលពីមុនមកនេះព្រោងព្រាតផងដែរ។ ទិដ្ឋភាពទាំងនេះវាបានឆ្លុះបញ្ចាំងពីពលរដ្ឋម្នាក់ៗទន្ទឹងរង់ចាំទឹកភ្លៀងយ៉ាងអន្ទះសារ ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែរ ដោយសារតែអាកាសធាតុក្តៅខ្លាំងតាមសាលារៀនមួយចំនួនបានបាញ់ទឹកក្នុងថ្នាក់រៀន តាមដំបូលសាលារៀនដើម្បីជួយកាត់បន្ថយកំដៅដល់សិស្សានុសិស្ស។

ផ្តើមចេញពីកត្តាអាកាសធាតុក្តៅខ្លាំងនេះដែរក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីណែនាំឱ្យសាលានានាផ្លាស់ប្តូរម៉ោងរៀនរបស់សិស្សវិញដូចជាពេលព្រឹកម៉ោង ៧ព្រឹកដល់ម៉ោង ១០ព្រឹក និងរសៀលម៉ោង ២ដល់ម៉ោងល្ងាចជាដើម។

ដោយឡែកប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្មីៗមកនេះ បានផ្តល់សិទ្ធិឲ្យគណៈគ្រប់គ្រងសាលា អាចកែម៉ោងសិក្សា ឬផ្អាកការសិក្សាតែម្តង ប្រសិនបើសីតុណ្ហភាពក្តៅ លើសពី ៤០អង្សារ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំឲ្យមានការប្រុងប្រយ័ត្នករណីគ្រោះអគ្គិភ័យ និងបញ្ហាខ្វះទឹកប្រើប្រាស់ ក្នុងរដូវប្រាំង ដោយសារតែមិនមានភ្លៀងយូរជាងនេះ។

គួរបញ្ជាក់ថាបើតាមការព្យាករណ៍របស់ក្រសួងក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុសម្រាប់ខែឧសភា-មិថុនា ឆ្នាំ២០២៤បញ្ជាក់ថានៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នៃកម្ពុជា មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាស ផ្ទៃមេឃមានពពក ពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្ដប់លើផ្ទៃដី ៤០% និងបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នាបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner