ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៨ ឆ្នាំ២០២៤

ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័ណ៌កម្ពុជា សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ប្រចាំឆ្នាំ លើកទី៨ ឆ្នាំ២០២៤(Cambodia Festival) នៅបរិវេណឧទ្យាន យ៉ូយ៉ូហ្កិ ផាក (Yoyogi Park) ក្រុងតូក្យូ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម HOSAKA Yasushi អនុរដ្ឋមន្រ្តី្កក្រសួងការបរេទសជប៉ុន ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា រួមទាំងតំណាងក្រសួងទេសចរណ៍កម្ពុជា និងតំណាងសហគមន៍ខ្មែរនៅជប៉ុន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតនៃបណ្ដា ប្រទេសសមាជិកអាស៊ាន ក្រុមហ៊ុនឯកជនជប៉ុន ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ព្រមទាំងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករផងដែរ ។

ប្រភពពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានឪ្យដឹងថា ក្នុងឱកាសនេះ ឯកឧត្តម Imamura និងឯកឧត្តម Hosoka បានរំលឹកពីខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតការទូត កម្ពុជា-ជប៉ុន ដែលបានតម្លើងកម្រិតទំនាក់ទំនងនេះ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ ក្នុងព្រិត្តិការណ៍ពិព័រណ៌ឆ្នាំនេះមានស្តង់ចំនួន ៩០ បានដាក់តាំងបង្ហាញ នូវផលិតផលខ្មែរ មុខម្ហូមរបស់ខ្មែរមួយចំនួន ព្រមទាំងមានសម្ដែងនូវរបាំបុរាណខ្មែរ សម្ដែងដោយក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ រួមទាំងការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរសំដែងដោយក្រុមសមាគមនិស្សិតខ្មែររៀននៅជប៉ុន ព្រមទាំងមានការសំដែងក្បាច់គុនខ្មែរ។

ក្នុងឱកាសនោះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានមានប្រសាសន៍ថា ពិព័រណ៍កម្ពុជាត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរតាមរយៈការសម្តែងសិល្បៈចម្រុះ បុរាណសម័យ ការផ្សព្វផ្សាយពីទេសចរណ៍ ការតាំងបង្ហាញផលិតផលខ្មែរព្រមទាំងបង្ហាញមុខម្ហូបខ្មែរជូនមិត្តជប៉ុន និងមិត្តបរទេសផ្សេងទៀតបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត ក៏ដូចជាកាទាក់ទាញ់ពួកគាត់អញ្ជើញទៅទស្សនាប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ។ ពិព័រណ៍នេះក៏ជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២១-២០២៣ កាលពីដើមឆ្នាំ២០២១ និងបន្តសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីផ្សារភា្ជប់គោល នយោបាយ ការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់មធ្យោបាយការទូត ក្នុងការចូលរួមលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្លាស់ប្ដូរវប្បធម៌ និងកីឡា ។
ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូតបានគូសបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំកំពូលទាំងពីរប្រទេស បានឯកភាពដំឡើងកម្រិតទំនាក់ទំនងនៃប្រទេសទាំង២ឱ្យទៅជា « ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីដើមឆ្នាំ២០២៣ ដែលជាឆ្នាំដ៏អស្ចារ្យ ដោយប្រទេសទាំងពីរ បានប្រារព្ធខួបអនុស្សាវរីយលើកទី៧០ នៃការបង្កើតចំណងការទូតរបស់ខ្លួន ៕ ដោយ:គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner