ធនាគារពិភពលោក WB ៖ កំណើនសេដ្ឋកិច្ចឡាវនៅតែទាបជាងកម្រិតឆ្នាំ ២០១៩

វៀងចន្ទន៍៖ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវ កំពុងប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ពោលគឺនៅតែទាបជាងកម្រិតឆ្នាំ ២០១៩ និងឆ្នាំ ២០២៣ ហើយត្រូវបានរំពឹងថា នឹងនៅតែធ្លាក់ចុះសម្រាប់ឆ្នាំ ២០២៤នេះ។

លោក Alex Kremer នាយកធនាគារពិភពលោកប្រចាំប្រទេសឡាវបានកត់សម្គាល់ថា ទោះបីជាប្រាក់ចំណូលជាមធ្យមរបស់គ្រួសារឡាវមានភាពប្រសើរឡើងនៅឆ្នាំ ២០២៣ក៏ដោយ ក៏ប្រហែលមួយភាគបីនៃគ្រួសារឡាវ ជាពិសេសគ្រួសារដែលមានចំណូលទាប បានជួបប្រទះនឹងការធ្លាក់ចុះនៃអំណាចទិញ។

លោក Kremer បាននិយាយនៅក្នុងគេហទំព័ររបស់ធនាគារពិភពលោកថា ការស្ទង់មតិរបស់យើងបង្ហាញថា ជាង ៣០ភាគរយនៃគ្រួសារឡាវ បានកាត់បន្ថយការចំណាយរបស់ពួកគេ ទៅលើវិស័យសុខាភិបាល និងការអប់រំ ខណៈពេលដែលនៅក្នុងតំបន់ទីក្រុងដែលមានមនុស្សរស់នៅតិច វិបត្តិសន្តិសុខស្បៀងកំពុងក្លាយជាបញ្ហាកើនឡើង។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) ដែលមានចំណងជើងថា “ការបង្កើនល្បឿននៃកំណែទម្រង់សម្រាប់កំណើន” បានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឡាវ ត្រូវបានប៉ាន់ប្រមាណថា បានកើនឡើងត្រឹម ៣.៧ភាគរយនៅឆ្នាំ ២០២៣ ថយចុះពីកំណើន ៥.៥ភាគរយដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩។

សម្រាប់ឆ្នាំ ២០២៤នេះវិញ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឡាវ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងត្រឹម ៤ភាគរយប៉ុណ្ណោះ គាំទ្រដោយកំណើនបន្ថែមទៀតនៃសេវាកម្ម និងការវិនិយោគក្នុងវិស័យថាមពល និងតំបន់សេដ្ឋកិច្ចពិសេស។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដូចជាការធ្លាក់ចុះរូបិយប័ណ្ណក្នុងស្រុក, អតិផរណាខ្ពស់ និងតម្រូវការថវិកាសងបំណុលខាងក្រៅខ្ពស់ ត្រូវបានគេរំពឹងថា នឹងនៅតែមាន។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ របាយការណ៍របស់ WB ក៏បានផ្តល់អនុសាសន៍ឱ្យធ្វើកំណែទម្រង់ជាអាទិភាពក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជាការគ្រប់គ្រងបំណុល, ការកៀរគរប្រាក់ចំណូល, ការគ្រប់គ្រងការវិនិយោគសាធារណៈ, រក្សាស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងបរិយាកាសអាជីវកម្មជាដើម៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner