សួនកម្សាន្ត និងផ្សាររាត្រីថ្មីមួយ នឹងរួមចំណែកក្នុងការអភិវឌ្ឍ និងទាក់ទាញវិស័យទេសចរណ៍នៅភ្នំពេញ

ភ្នំពេញ៖ សួនកម្សាន្ត និងផ្សាររាត្រី Phnom Penh Fantasy Park ដែលមានទីតាំងនៅ OCIC ជិតស្ពានជ្រោយចង្វារ បានសម្ពោធជាផ្លូវការកាលពីថ្ងៃទី០៤ និងទី០៥ ខែ ឧសភា ឆ្នាំ២០២៤។សមិទ្ធិនេះ នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ និងទាក់ទាញវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជាផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ ។

សួនកម្សាន្ត និងផ្សាររាត្រីថ្មីមួយនេះ ផ្តល់ជូនភ្ញៀវនូវសេវាកម្ម និងសកម្មភាពផ្សេងៗជាច្រើន ដើម្បីឱ្យទទួលបានភាពសប្បាយរីករាយ និងបទពិសោធន៍ផ្ទាល់ខ្លួនជាមួយមិត្តភក្តិ និងក្រុមគ្រួសារបាន មិនថាថ្ងៃធ្វើការ ឬនៅពេលចុងសប្តាហ៍។

ក្នុងកម្មវិធីសម្ពោធនេះ មានការចូលរួមពីសិល្បករ និងអ្នកបង្កើតមាតិកាក្នុងបណ្តាញសង្គមជាច្រើន និងភ្ញៀវពិសេសជាច្រើនទៀត អម ដោយការចែកកាដូរអនុស្សាវរីយ៍ ការប្រកាសរង្វាន់នៃការប្រកួតថតរូប ការលេងហ្គេមកម្សាន្ត ការចែកគូប៉ុង និងការ សម្តែងពិសេសជាច្រើនថែមទៀត ។

ប្រធានសួនកម្សាន្ត និងផ្សាររាត្រី Phnom Penh Fantasy Park បានឱ្យដឹងថា សួនដ៏ធំនេះ មានកន្លែងកម្សាន្តចម្បង រួមមាន Camping Bar, សួនកម្សាន្ត, Sky Coffee និង ផ្សាររាត្រី ក្នុងនោះក៏មានកងវិលកម្ពស់ខ្ពស់ ដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយការជិះកម្សាន្តកន្ត្រកហោះប្រកបដោយស្តង់ដារ ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ ទូកចោរសមុទ្រ រថយន្តបុកគ្នា និងសួនរុក្ខជាតិអេកូឡូស៊ីជាដើម ដោយបើកទ្វារពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ដែលអាចឱ្យភ្ញៀវស្វែងយល់ និងទទួលយកនូវភាពសប្បាយរីករាយនៅពេលដែលមកទស្សនា ហើយនឹងក្លាយជាកន្លែងថ្មីមួយដែលមិត្តភក្តិ និងក្រុមគ្រួសារអាចបង្កើតនូវពេលវេលាជួបជុំដែលមិនអាចបំភ្លេចបាននឹងសកម្មភាពជាច្រើនទៀត នៅ Phnom Penh Fantasy Park ផងដែរ ។

ប្រធានសួនកម្សាន្តដ៏ធំនេះបានបន្តថា ដំណើរការប្រព្រឹត្តិទៅនៃសួនកម្សាន្ត និងផ្សាររាត្រី Phnom Penh Fantasy Park គឺបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការងបង្កើតឱ្យមានទស្សនីយភាពដ៏អស្ចារ្យ និងសម្បូរបែប ជាពិសេស ក៏បានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាសការងារដ៏សម្បូរបែប សម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនេះតែម្តង ។

ជាមួយគ្នានេះ ប្រធានសួនកម្សាន្តរូបនេះ បានបន្តថាក្រុមហ៊ុនបានបង្កើតឱ្យមានសួនទេសចរណ៍លំដាប់អន្តរជាតិ នឹងពង្រីកវិសាលភាព ក្នុងការផ្តល់សេវាសម្រាប់ទេសចរណ៍ ដោយខិតខំធ្វើយ៉ាងណា ឱ្យសួនកម្សាន្តកែច្នៃមួយនេះ ដំណើរការប្រកបទៅដោយភាពសម្បូរបែប និងសេវាកម្មល្អឥតខ្ចោះ ៕
ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner