ក្រុមមហ៊ុនធំៗ ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ក្នុងពិព័រណ៍ការងារនៅអគារ KAMPUS នាថ្ងៃទី ៩-១០ ខែឧសភា ខាងមុខ

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥៤០០នាក់ ។

លោក ចាប់ ចំណាន មន្ត្រីទំនាក់ទំនងដៃគូពាណិជ្ជករ ដែលបានចូលរួមក្នុងពិព័រណ៌ការងារនៅ KAMPUS កាលពីឆ្នាំ ២០២៣ កន្លងទៅ ហើយបានសម្ភាសការងារជាប់ជាមួយ ធនាគារ Wing បានលើកឡើងថា លោកបានចូលរួម ក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីព កាលពីឆ្នាំ២០២៣ ហើយបានទទួលការប្រឹក្សាយោបល់ពីមន្ត្រី NEA និងទទួលបានគន្លឹះជាច្រើនក្នុងការត្រៀមខ្លួនដាក់ពាក្យរកការងារ។ ជាលទ្ធផល លោក ចំណាន បានសម្ភាសជាប់ការងារភ្លាមៗ ជាមួយធនាគារ Wing នាពេលនោះតែម្តងដែរ។

លោកបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៌ការងារ និងមគ្គុទេសអាជីព ដែលរៀបចំឡើងដោយ NEA បានផ្តល់សារៈប្រយោជន៍ជាច្រើន ដល់យុវជនដូចជា ការផ្តល់ចំណេះដឹង ផ្តល់ជាឱកាសការងារជាច្រើនកន្លែង ជូនទៅដល់បងប្អូនដែលកំពុងស្វែងរកការងារ និងផ្តល់ជាការប្រឹក្សាយោបល់ជូនទៅដល់ប្អូនៗនិស្សិតដើម្បីតម្រង់ទិសការងារ។ លោកអំពាវនាវឲ្យយុវជន ដែលចង់បានការងារឆាប់រហ័ស សូមអញ្ជើញទៅចូលរួម ឲ្យបានច្រើនកុះករ។

ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសន៍ ការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ ។

សូមជម្រាបថា ពិព័រណ៍ការងារនេះ ក៏នឹងមានរៀបចំជាវេទិកា ចែករំលែកចំណេះដឹង បទពិសោធន៍ និងគន្លឹះសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ និងការហាត់ធ្វើកម្មសិក្សាការងារផងដែរ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner