ឯកឧត្តម ហ៊ុន ម៉ានី៖ ទោះមិនមានវត្តមានផ្ទាល់ក្នុងដំណើរការកែសន្លឹកកិច្ចការនៅមណ្ឌលកំណែក៏ពិតមែន ខ្ញុំនៅបន្តតាមដានគ្រប់ជំហានពីខេត្តសៀមរាប

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា មិនមានវត្តមានផ្ទាល់ក្នុងដំណើរការកែសន្លឹកកិច្ចការនៅមណ្ឌលកំណែក៏ពិតមែន ខ្ញុំនៅបន្តតាមដានគ្រប់ជំហានពីខេត្តសៀមរាប។

នាវេលាម៉ោង ៧ និង ១៥នាទីព្រឹកនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃកន្លងមក។ ដោយសារមានភារកិច្ចជាអធិបតី នៃសិក្ខាសាលាថ្នាក់តំបន់ និងបេសកកម្មក្នុងក្របខណ្ឌគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅខេត្តសៀមរាប ព្រឹកនេះខ្ញុំមិនមានវត្តមានបើកសន្លឹកកិច្ចការសម្រាប់ដំណើរការកំណែដូចសព្វមួយដងនោះទេ។ ទោះបីជាយ៉ាងនេះក្តី ខ្ញុំ និងក្រុមការងារនៅបន្តតាមដានយ៉ាងយកចិត្ត ទុកដាក់គ្រប់ដំណាក់កាលទាំងអស់នៃដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនពីចម្ងាយ។

បើតាមការបញ្ជាក់ពី ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃដំណើរការប្រឡងបានឱ្យដឹងថា ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា ចំនួន ៤៤១កន្លែងនេះ មកដល់តំណាក់កាល កាត់ក្បាលសន្លឹកកិច្ចការ និងបញ្ជូនទៅឱ្យ ក្រុមអ្នកកែ និងស្រង់ពិន្ទុ បន្ទាប់ពីបានរាប់ចំនួន កញ្ចប់សន្លឹកកិច្ចការទៅតាមវេន តាមថ្ងៃដែលបានអនុវត្តការប្រឡងប្រជែងរយៈបួនថ្ងៃមកនេះ ប្រកបដោយការទទួលខុសត្រូវ ដោយមិនមានការលាក់បាំង និងមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីធានានូវអនាមិកភាព ដើម្បីឱ្យការដាក់អត្រាការកំណែ ដែលឆ្លងកាត់ការកែពីមន្រ្តី និងសិស្សនៃសាលាភូមិន្ទរដ្ឋបាលនេះ ។

ឯកឧត្តម គូសបញ្ជាក់បន្ថែមថា ការកាត់ក្បាលកែសន្លឹកកិច្ចការនេះគឺជាជំរើសទី១ រួចមកធ្វើការបូកពិន្ទុ ដើម្បីរកជ័យលាភី បន្តប្រឡងលើកទី២ ជ្រើសរើសយកបេក្ខជនជ័យលាភីជាប់ ចូលទៅសិក្សាគរុកោសល្យ ក្លាយទៅជាគ្រូបង្រៀន ទៅតាមទីតាំងដែលបេក្ខជនបានដាក់ពាក្យចូលបម្រើ ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner