គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ភ្នំពេញ-ប៉ោយប៉ែត ត្រូវពន្យាពេល

ភ្នំពេញ៖ គម្រោងលើកកម្រិតផ្លូវដែកល្បឿនលឿនភាគខាងជើង ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលអាចឲ្យរថភ្លើងរត់បានរហូតដល់ទៅ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានពន្យាពេលជាផ្លូវការ។
 
ក្រសួងសាធាណការនិងដឹកជញ្ជូន បានឲ្យក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) សិក្សាពីគម្រោងនេះកាលពីឆ្នាំ២០២២ និងបានប្រកាសជាសាធារណៈនៅខែមករាឆ្នាំ ២០២៣ អំពីផែនការចាយបួនពាន់លានដុល្លារ ដែលរួមទាំងសម្រាប់ការសាងសង់ផ្លូវនេះដែលមានប្រវែង ៣៨២គីឡូម៉ែត្រ មានស្ថានីយសរុបចំនួន៣៣ ដោយស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងស្ថានីយ ១៤ទៀត ក្នុងផែនការរយៈពេលវែង និងចំណាយមួយចំនួនលើទូ និងរថភ្លើងផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុលដែលកាលនោះគឺជារដ្ឋមន្ត្រីក្រសួងសាធាណៈការ និងដឹកជញ្ជូន និយាយច្បាស់ៗថា គម្រោងនេះនឹងកើតឡើងឆាប់ៗ និងបញ្ចប់ក្នុងរយៈពេលបួនឆ្នាំ។

ក៏ប៉ុន្តែ ក្នុងកម្មវិធីសំណេះសំណាលមួយនៅខេត្តកំពង់ផែក្រុងព្រះសីហនុនាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្វែរគម្រោងផ្លូវដែកល្បឿនលឿននេះ ងាកទៅរកការពង្រឹងបណ្តាញផ្លូវដែកដែលមានស្រាប់វិញ ដើម្បីឲ្យរថភ្លើងអាចរត់ក្នុងល្បឿនធម្មតាត្រឹម ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្តេចថា ផ្លូវដែកល្បឿនលឿនថ្លៃពេក ហើយប្រាប់ឲ្យផ្អឹបទុកគម្រោងនេះសិន។

 ការសម្រេចចិត្តនេះ ធ្វើឡើងចំពេលរដ្ឋាភិបាលកំពុងព្យាយាមពង្រីកសក្តានុពលដឹកជញ្ជូនទំនិញតាមផ្លូវដែក ដែលមកដល់ពេលនេះ មានទំនិញប្រហែលតែ៦ ភាគរយប៉ុណ្ណោះនៃទំនិញចេញចូលប្រទេសកម្ពុជា ត្រូវបានដឹកតាមផ្លូវដែក។ ទំនិញច្រើនលើសលុបត្រូវបានដឹកតាមផ្លូវថ្នល់ ដែលនាំឲ្យមានតម្លៃខ្ពស់ ខូចខាតផ្លូវ និងបង្កហានិភ័យនៃគ្រោះថ្នាក់ចរាចរខ្ពស់ជាងការដឹកជញ្ជូនតាមផ្លូវដែក។
 
ប៉ុន្តែ រដ្ឋាភិបាល មិនបានផ្តល់ពេលវេលាថ្មីសម្រាប់ការបន្តផែនការសាងសង់ផ្លូវដែកល្បឿនលឿនទេ។ ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មិនអាចសម្រេចបានដែរ ដោយ ឯកឧត្តម ផន រឹម ជាអ្នកនាំពាក្យ គ្រាន់តែបញ្ជាក់ថា គម្រោងនេះនៅតែមានក្នុងផែនការមេឆ្នាំ ២០២៣-២០៣៣។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា កម្ពុជាដល់ពេលដែលត្រូវអភិវឌ្ឍផ្លូវដែកល្បឿនលឿនហើយ ដើម្បីឱ្យស៊ីនឹងម៉ាស៊ីនដែលមានល្បឿនលឿនបំផុត ដូចប្រទេសជឿនលឿនដទៃ ដែលគេបានអនុវត្តយូរមកហើយ ដើម្បីធ្វើឱ្យកាន់តែប្រសើរដល់វិស័យដឹកជញ្ជូននៅកម្ពុជា។ យ៉ាងណាក៏ដោយ លោកមិនបានបង្ហាញការខកចិត្តចំពោះការពន្យាពេលទេ ដោយយោងលើបញ្ហាថវិកា តែសង្ឃឹមថា ទំនើបកម្មត្រឹម៨០គីឡូម៉ែត្រក្នុងមួយម៉ោងនោះនឹងលេចចេញជារូបរាងតាមផែនការ។
 
ក្រៅពីភាគខាងជើង កម្ពុជាមានផ្លូវដែកភាគខាងត្បូងពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលទទួលបានជំនួយហិរញ្ញទានសម្រាប់ការជួសជុលដោយធនាគារអភិវឌ្ឍន៍អាស៊ី។ ផ្លូវដែកទាំង២ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ាគិត ម៉េង ចាប់តាំងពីឆ្នាំ ២០១០មកដែលទទួលបន្ទុកផ្តល់សេវាកម្មដឹកញ្ជូនទំនិញ និងអ្នកដំណើរ។ ចំណែកការអភិវឌ្ឍផ្លូវនៅតែជាបន្ទុករបស់រដ្ឋ៕
ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner